កាលនៅធ្វើជាអ្នកអត្ថាធិប្បាយនៅសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ បងស្រីកែវសម្ផស្ស មានការចាប់អារម្មណ៍ពីសំណាក់ថ្នាក់ដឹកនាំស្ថានីយវិទ្យុសម្លេងវៀតណាម ស្ថាប័នប្រចាំការនៅតំបន់វាលរាបទន្លេគឺវឡុង (VOV-ĐBSCL) ពីព្រោះសម្លេងបងស្រីទាក់ទាញអន្ទងចិត្តអ្នកស្តាប់ តាមរយ:ការអត្ថាធិប្បាយ។ ហេតុនេះ បងស្រីក៏បានទទួលមកបម្រើការងារនៅស្ថានីយវិទ្យុសម្លេងវៀតណាម ស្ថាប័នប្រចាំការនៅតំបន់វាលរាបទន្លេគឺវឡុង។
បងស្រី កែវសម្ផស្ស។
បងស្រី កែវសម្ផស្ស ឱ្យដឹង៖ "ដោយសារ "ថ្មោងថ្មី" លើវិស័យសារព័ត៌មាន ម្ល៉ោះហើយ ពេលចូលប្រឡូកនឹងការងារសារព័ត៌មានដំបូង ខ្ញុំជួបលំបាកច្រើនណាស់។ តែល្អត្រង់ថា ខ្ញុំបានមិត្តរួមអាជីពនិងថ្នាក់ដឹកនាំជួយគាំទ្រច្រើនខាងជំនាញវិជ្ជាជីវៈ។ រៀនបណ្តើរធ្វើការបណ្ដើរ និងដកពិសោធន៍ការងារជាក់ស្តែងផង ខ្ញុំក៏កាន់តែជឿជាក់លើសមត្ថភាពខ្លួនឯង។ ខ្ញុំតែងគិតថា ការបំប៉នចំណេះដឹង ឯកទេស គឺជាការចាំបាច់ណាស់ ម្ល៉ោះហើយខ្ញុំតែងម្ចាស់ការចូលរួមវគ្គបំពាក់បំប៉នឯកទេស វិជ្ជាជីវៈដើម្បីធ្វើជាអ្នកសារព័ត៌មានឱ្យបានល្អជាង"។
បងស្រី កែវសម្ផស្ស រៀបរាប់ឱ្យដឹង គាត់ចូលចិត្តធ្វើអ្នកយកព័ត៌មានតាំងពីតូចម៉្លេះ ដើម្បីបានទៅទីនេះទីនោះ និងជួបសំណេះសំណាលនឹងមនុស្សជាច្រើន។ ប៉ុន្តែអាស្រ័យស្ថានភាពគ្រួសារ គាត់បានលាក់ទុកក្តីសុបិននោះនៅក្នុងចិត្ត។ ហេតុនោះ ពេលឱកាសមកដល់ បងស្រីមិនរអែងនឹងការលំបាក នឿយហត់ ដើម្បីបំពេញនូវក្តីសុបិនឱ្យក្លាយជាការពិត។ ដំណាក់កាលកំណត់និស្ស័យធ្វើជាអ្នកសារព័ត៌មានរបស់បងកែវសម្ផស្ស គឺដំណាក់កាលថ្នាក់ដឹកនាំស្ថានីវិទ្យុ ប្រគល់ឱ្យគាត់កសាងសាច់រឿងនិងជាពិធីការិនីផ្សាយផ្ទាល់ក្នុងពិធីបុណ្យប្រណាំងទូក-ងនៅខេត្តសុកត្រាំង និងត្រាវិញ។ល។ ផ្តើមពីនោះ ថ្វីដៃរបស់បងស្រី កែវសម្ផស្សកាន់តែបានលើកកម្ពស់។ ឆ្លងតាមរយៈការលំបាក សាកល្បងច្រើន បងស្រី កែវសម្ផស្ស បានតែងតាំងតួនាទីជាអនុប្រធានការិយាល័យផ្នែកភាសាជនជាតិនៃស្ថានីយវិទ្យុសម្លេងវៀតណាម ស្ថាប័នប្រចាំការនៅតំបន់វាលរាបទន្លេគឺវឡុង នៅឆ្នាំ ២០១៧ ។
បច្ចុប្បន្ន ក្រៅពីកិច្ចការរៀបរៀង គ្រប់គ្រង បងកែវសម្ផស្ស នៅទាំងរៀបចំពេលវេលាដើម្បីទៅសកម្មភាពជាក់ស្តែង និងចុះទៅយកព័ត៌មានទៀតផង។ បងស្រីចូលចិត្តសំណេរពីគំរូលេចធ្លោ និងលក្ខណៈពិសេសដោយឡែកវប្បធម៌របស់ជនរួមជាតិខ្មែរ។ បងស្រី កែវសម្ផស្ស បង្ហើបឱ្យដឹង៖ "សំណេរអំពីវប្បធម៌ជនរួមជាតិខ្មែរក៏ជាវិធីមួយដែលខ្ញុំបានរួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់ជនរួមជាតិខ្មែរនៅវាលរាបទន្លេគឺវឡុង។ ម្យ៉ាងទៀតដោយសារខ្ញុំជាកូនរបស់សិប្បករចម្លាក់មួយរូបឆ្លាក់ពុទ្ធបដិមា ម្ល៉ោះហើយខ្ញុំតែងចំណាប់អារម្មណ៍យ៉ាងខ្លាំងពីលក្ខណៈពិសេសដោយឡែកនៃវប្បធម៌ខ្មែរ"។
បងង្វៀងហឺវត្រាយ ប្រធានការិយាល័យផ្នែកភាសាជនជាតិនៃស្ថានីយវិទ្យុសម្លេងវៀតណាម ស្ថាប័នប្រចាំការនៅតំបន់វាលរាបទន្លេគឺវឡុង បញ្ជាក់ឱ្យដឹង៖ "កែវសម្ផស្ស ជាអ្នកសារព័ត៌មានម្នាក់ តែងស៊ូទ្រាំនឹងការលំបាក ចូលចិត្តរៀនសូត្រ និងចូលរួមរាល់សកម្មភាពរបស់ស្ថាប័ន សមាគមអ្នកសារព័ត៌មាននៅភូមិភាគដោយអស់ពីចិត្ត។ ជាពិសេស គាត់សំណេរបានល្អផ្នែកខាងវប្បធម៌របស់ជនរួមជាតិខ្មែរ។ រាល់អត្ថបទ ដែលគាត់សរសេរនេះ មិនត្រឹមតែផ្សាយជាភាសាខ្មែរប៉ុណ្ណោះទេ នៅទាំងផ្សាយជាភាសាវៀតនៅលើស្ថានីយវិទ្យុសម្លេងវៀតណាមទៀតផង។ ផ្តើមពីនោះ ជួយឱ្យមិត្តអ្នកស្តាប់ស្ថានីយវិទ្យុសម្លេងវៀតណាម យល់កាន់តែច្បាស់ពីអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរនៅតំបន់វាលរាបទន្លេគឺវឡុង"៕
ហាថាញ់- វិមាន