អាស្រ័យបានសមាជិកសហព័ន្ធនារី ឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង ជំនួយដើមទុន បច្ចេកទេសផលិតកម្ម បងស្រីឡឹមធីហៀង នៅភូមិភឿកហ្វា បានឈានឡើងចាកភាពក្រីក្រ។
ដំណាំស្ពៃក្តោបបងស្រី ឡឹមធីហៀង ត្រៀមប្រមូលផល។
មុននេះ ប្តីប្រពន្ធបងស្រីហៀង តែងដើរស៊ីឈ្នួលដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ឆ្នាំ ២០១០ បងស្រីចូលរួមសមាគមសហព័ន្ធនារីឃុំភូតឹង បានជំនួយដើមទុនសម្រាប់ពង្រីកសេដ្ឋកិច្ច។ បងហៀង ឱ្យដឹង៖ “អាស្រ័យបានរដ្ឋជំនួយឱ្យបុលទុនអនុគ្រោះ ឱ្យគោមេមកចិញ្ចឹម ខ្ញុំត្រេតអរណាស់។ ពិសេស បានបងប្អូនក្នុងសមាគមជួយឧបត្ថម្ភទុនបង្វិលជុំ និងជួយណែនាំពីរបៀបរកសុី ចេះលកលៃប្រិតសំចៃ”។ ជាអ្នកឧស្សាហ៍ព្យាយាមធ្វើការងាររកសុី ពេលបានដើមទុន បងស្រី បានទៅជួលដីដាំដំណាំរួមផ្សំ។ ឃើញប្តីប្រពន្ធបងហៀង ស៊ូលំបាក ប្រឹងប្រែងប្រកបការងាររកសុី ដូច្នេះសាច់ញាតិ ក៏ឱ្យជួលដី ៥ កុងសម្រាប់ធ្វើស្រែ ក្នុងមួយកុង ៥០០.០០០ ដុង/ឆ្នាំ។ ផ្តើមពីនោះ បងស្រីនៅផ្ទះដាំដំណាំ ចិញ្ចឹមគោ មាន់ ទា។ ចំណែកប្តីបងស្រី ក្រៅពីការងារស្រែ ក៏ទៅសុីឈ្នួលដើម្បីរកប្រាក់ចំណូលបន្ថែម។
ចំណែកប្រាក់រកបាន បងស្រីសន្សែសន្សំបន្តិចម្តងៗ ទិញបានដីសង់ផ្ទះនិងដីចម្ការ ១ កុង។ សព្វថ្ងៃ ដីចម្ការ ១ កុង បងស្រីដាំដំណាំឆ្លាស់គ្នា ដូចជាស្ពៃក្តោប ស្ពៃខាត់ណា ខ្ទឹមសន្លឹក ម្ទេស ។ល។ រកបានប្រាក់ចំណូលជាប្រចាំ។ ផ្តើមពីគោមួយក្បាលដំបូង សព្វថ្ងៃកើនឡើងបានគោ ៦ ក្បាល។ បងស្រីលក់ ៣ ក្បាល តម្លៃពី ១៨-២៥ លានដុងក្នុងមួយក្បាល។ បងហៀង ចែករំលែក៖ “ឥឡូវនេះ ដីចម្ការ ១ កុង ខ្ញុំដាំស្ពៃក្ដោបនិងម្ទេស ត្រៀមប្រមូលផល។ គិតដោយឡែកតែស្ពៃក្តោប ខ្ញុំអាចរកបានប្រាក់ចំណូលប្រហែល ១០ លានដុង ចំណែកម្ទេសកំពុងប្រមូលផលលក់ក្នុងតម្លៃ ៧៥.០០០ ដុងក្នុងមួយគីឡូក្រាម។ អាស្រ័យដាំដំណាំ ធ្វើស្រែ និងចិញ្ចឹមសត្វ ផ្សំនឹងកូនស្រីច្បងធ្វើការក្រុមហ៊ុនកាត់ដេរនៅមណ្ឌលឧស្សាហកម្មអាងហីប រកបានប្រាក់ចំណូលលំនឹង ទើបជីវភាពគ្រួសារខ្ញុំបានប្រសើរឡើង។ ជាច្រើនឆ្នាំមកនេះ ខ្ញុំសន្សែសន្សំប្រាក់លក់គោ លក់បន្លែ និងស្រូវ ដូច្នេះក្រោយពីបុណ្យចូលឆ្នាំថ្មីតឹងសឺវ ខ្ញុំនឹងសង់ផ្ទះឡើងវិញឱ្យបានសមរម្យ”។
អ្នកស្រីចូវហុងហ្វា ប្រធានសមាគមសហព័ន្ធនារីស្រុកចូវថាញ់ វាយតម្លៃ៖ “បងហៀង មានចរិតស្លូតបូត ស្មោះត្រង់ តែងបានអ្នកផងស្រឡាញ់រាប់អាន បងស្រីប្រើប្រាស់ទុនបុលត្រូវចំគោលដៅ ប្រកបដោយប្រសិទ្ធភាព។ ផ្តើមពីគ្រួសារក្រីក្រ គ្មានដីសង់ផ្ទះ ឥឡូវបងស្រីឈានឡើងចាកផុតពីភាពក្រីក្រ។ សមាគមកំពុងឧទ្ទេសនាម ឱ្យបងស្រីបុល ៣៥ លានដុង ដើម្បីវិនិយោគចិញ្ចឹមសត្វ។ គំរូជម្នះការលំបាក ឈានឡើងចាកភាពក្រីក្ររបស់បងស្រីឡឹមធីហៀង ពិតជាគួរឱ្យស្ងើចសរសើរ” ៕
លីធាន-ត្រឹងហ្គោន