យោងតាមនគរបាលខេត្តសុកត្រាំង ក្នុងអំឡុងពេលចុងឆ្នាំ ស្ថានភាពបាបគ្រោះសង្គមមាននិន្នាការកើនឡើង ពិសេសគឺនៅតំបន់ជនបទ។ បច្ចុប្បន្ន កងកម្លាំងសមត្ថកិច្ចកំពុងជំរុញវិធានការបង្ការ ទប់ស្កាត់បទល្មើស ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាជនទទួលអំណរបុណ្យចូលឆ្នាំថ្មីវៀតណាមប្រកបដោយភាពសុខសាន្ត។
នគរបាលខេត្តសុកត្រាំង បើកយុទ្ធនាការវាយបង្រ្កាបឧក្រិដ្ឋកម្ម ធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។
ឆ្នាំ ២០២០ កម្លាំងនគរបាលព្រហ្មទណ្ឌ នគរបាលខេត្ត បានរៀបចំធ្វើការប្រយុទ្ធ បោសសម្អាតបទល្មើស ៦៧១ ករណី ដោយមានមុខសញ្ញា ៣.៥៦១ នាក់ ដែលពាក់ព័ន្ធនឹងល្បែងស៊ីសង ជល់មាន់ រឹបអូសប្រាក់ជាង ២ ពាន់លានដុង។ ក្នុងនោះ ថ្កោលទោស ២៣ ករណីចំពោះមុខសញ្ញា ៤៤ នាក់ ពិន័យរដ្ឋបាល ៥៦៩ ករណីចំពោះមុខសញ្ញា ២.៩៦៦ នាក់។ យោងតាមប្រសាសន៍ លោកវរសេនីយ៍ត្រី ម៉ាមិញចៀង អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ រយៈពេលជិតដល់បុណ្យចូលឆ្នាំថ្មីវៀតណាម បាបគ្រោះសង្គមនិងល្បែងស៊ីសងមានសកម្មភាពគគ្រឹកគគ្រេង ពិសេសគឺនៅតំបន់ជនបទ ។ តាមការកត់សម្គាល់ មុខសញ្ញាលេងល្បែងស៊ីសងមានសកម្មភាពយ៉ាងប៉ិនប្រសប់ តែងទាក់ទងគ្នាតាមទូរស័ព្ទ បណ្តាញសង្គម ដាក់កាមេរ៉ាឃ្លាំមើលនិងចាត់មនុស្សយាម តែងផ្លាស់ប្តូរទីកន្លែងភូមិសាស្រ្តធ្វើសកម្មភាព ម៉្លោះហើយកម្លាំងសមត្ថកិច្ចមានការលំបាកក្នុងការបង្ខិតជិត ដើម្បីចាប់ខ្លួននិងចាត់វិធានការតាមផ្លូវច្បាប់។
ចំពោះស្ថានភាពទាំងនោះ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២០ នគរបាលខេត្តបានចេញបញ្ជាបើកយុទ្ធនាការវាយបង្រ្កាបឧក្រិដ្ឋកម្ម ធានាសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់មហាសន្និបាតបក្សលើកទី ១៣ បុណ្យចូលឆ្នាំថ្មីតឹងសឺវ ប្រពៃណីវៀតណាម ២០២១ និងព្រឹត្តិការណ៍សំខាន់ៗ របស់ប្រទេសជាតិ ទិវាបុណ្យទានផ្សេងៗនៅដើមឆ្នាំលើភូមិសាស្រ្តខេត្ត ។ តាមរយៈនោះ កម្លាំងសមត្ថកិច្ចផ្តុំកម្លាំងបោសសម្អាតឧក្រិដ្ឋកម្មគ្រប់ប្រភេទ បង្រ្កាបបនល្បែង ស៊ីសងជល់មាន់ ។ ទន្ទឹមនឹងនោះ ជំរុញការផ្សព្វផ្សាយ ដើម្បីប្រជាជនមានស្មារតីយល់ដឹងក្នុងកិច្ចសហការបង្ការទប់ស្កាត់បទល្មើស ពេលប្រទះឃើញករណីបំពានច្បាប់ រាយការណ៍ជូនកម្លាំងសមត្ថកិច្ចជាបន្ទាន់ ដើម្បីបង្ការទប់ស្កាត់បានទាន់ពេល។
វរសេនីយ៍ត្រី ម៉ាមិញចៀង អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ នគរបាលខេត្តសុកត្រាំង ឱ្យដឹង ៖ “ផ្តើមពីល្បែងស៊ីសងជល់មាន់ បានបង្កផលអាក្រក់ដល់សង្គម កើតមានបទល្មើសជាច្រើន ដូច ៖ ឱ្យបុលដោយការប្រាក់ខ្ពស់ ឆក់ប្លន់ លួចរបស់របរ ។ល។ ហេតុនោះ ក្រៅពីការខិតខំយ៉ាងពេញទំហឹង កម្លាំងនគរបាលប្តេជ្ញាចិត្តបោសសម្អាតរាល់បទល្មើស ចាំបាច់ត្រូវការរួមកម្លាំងពីសំណាក់ប្រជាជនក្នុងការប្រយុទ្ធ បង្ការទប់ស្កាត់ឧក្រិដ្ឋកម្ម ។ ឆ្លងតាមរយៈនោះ ជំនួយដល់កងកម្លាំងនគរបាល ក្តាប់នូវព័ត៌មាន ដើម្បីចាត់ការបានទាន់ពេល រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ ពិសេសនៅប៉ុន្មានថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីតឹងសឺវ ២០២១ ” ៕
យ្វីអាញ់-មុនី