ត្រាវិញ៖ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ ស្រុកយ្វៀងហាយ និងស្រុកទីវកឹង ទើបចាត់តាំងពិធីប្រឡងបញ្ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិថ្នាក់ទី ១-២-៣ ឆ្នាំ សិក្សាឆ្នាំ ២០២០ នៅមណ្ឌលប្រឡងវត្តនាគវនារាម (ខ្ទឹង) ក្រុងត្រាវិញ; មណ្ឌលប្រឡងវត្តជ្រៃប្រាសាទ (ស្រុកយ្វៀងហាយ); មណ្ឌលប្រឡងវត្តស្ទឹងមានជ័យសេរីឧត្តម (អូរវែងថ្មី) ស្រុកទីវកឹង ។ សរុបមណ្ឌលប្រឡងទាំង ៣ មានបេក្ខសមណសិស្សនិងសិស្ស ៤១៤ អង្គនិងរូបចូលរួម។ វិញ្ញាសាប្រឡង រួមមាន៖ សរសេរតាមអាន ព្រះវិន័យ គណិត ភាសាខ្មែរ វេយ្យាករណ៍បាលី តែងសេចក្តីអង់គ្លេស ប្រែធម្មបទអដ្ឋកថា គាថាធម្មបទ និងធម្មវិភាគ។ លទ្ធផលប្រឡង បេក្ខសមណសិស្សនិងសិស្ស នៅមណ្ឌលប្រឡងវត្តខ្ទឹងនិងវត្តជ្រៃប្រាសាទជាប់ ៩៣,២% និងមណ្ឌលប្រឡងវត្តអូរវែងថ្មី ថ្នាក់ទី ១ ជាប់ ៨៥% ថ្នាក់ទី ២-៣ ជាប់ ១០០% ។
បេក្ខសមណសិស្សនិងសិស្សស្តាប់ការផ្សព្វផ្សាយពីលក្ខន្តិកៈប្រឡងនៅមណ្ឌលប្រឡងវត្តអូរវែងថ្មី ឃុំតឹងហ្វា ស្រុកទីវកឹង។ រូបថត៖ ពេជ្រសឿន
យោងតាមថេរដីកាព្រះតេជព្រះគុណ ជយសេនោ គឹមម័ន(ជុំ) អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង ឆ្នាំសិក្សា ២០២០ ចំនួនសមណសិស្សនិងសិស្សចូលរូមប្រឡងថយចុះ បើធៀបនឹងឆ្នាំមុនៗ ប៉ុន្តែ គុណភាពបង្រៀននិងរៀនកើនឡើងគួរឱ្យសម្គាល់៕
ពេជ្រសឿន-ម៉ាល័យ-មុនី