ដោយការយកចិត្តទុកដាក់ជិតដិតរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត ប្រព័ន្ធសុខាភិបាលមូលដ្ឋានតំបន់ជនជាតិខ្មែរលើភូមិសាស្ត្រខេត្តគៀងយ៉ាង មានភាពល្អប្រសើរជាបណ្ដើរៗ ឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺរបស់មាមីង។
បន្ទប់អ្នកជំងឺស្នាក់នៅព្យាបាលនៃដំណាក់សុខាភិបាលឃុំឌិញអាង
ស្រុកហ្គក្វាវ មានភាពសមរម្យ។
តាមប្រសាសន៍លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង បច្ចុប្បន្ន ឃុំដែលមានជនជាតិខ្មែររស់នៅកុះករ សុទ្ធសឹងមានដំណាក់សុខាភិបាលរឹងមាំ ហើយភាគច្រើនបានសម្រេចបទដ្ឋានជាតិ។ លទ្ធផលនេះ គឺអាស្រ័យការផ្គួបផ្សំពីកម្មវិធីវិនិយោគរួមក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ និងកម្មវិធីវិនិយោគពិសេសដោយឡែករបស់រដ្ឋសម្រាប់តំបន់ជនរួមជាតិខ្មែរ។ លោកលីមិញថាំង នាយការិយាល័យរងនៃគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ឱ្យដឹង៖ “ឃុំដែលមានជនជាតិខ្មែររស់នៅកុះករ មានដូច៖ ឌិញអាង ឌិញហ្វា ធ្វីលីវ វិញភឿកB ទីប្រជុំជនហ្គក្វាវ៘ បានទទួលផលពីកម្មវិធី ១៣៥ ដូច្នេះដំណាក់សុខាភិបាលទាំងអស់ត្រូវបានវិនិយោគសាងសង់តាមបទដ្ឋានជាតិ។ ហេតុនេះហើយ ដំណាក់សុខាភិបាលមូលដ្ឋាននៅឃុំទាំងនេះមានភាពល្អប្រសើរ ធានាតម្រូវការពិនិត្យព្យាបាលជំងឺរបស់មាមីងខ្មែរ”។ លោកយ័ញហ្វាងភុក ប្រធានការិយាល័យរដ្ឋបាល មជ្ឈមណ្ឌលសុខាភិបាលស្រុកហ្គក្វាវ មានប្រសាសន៍៖ “តាំងពីដំណាក់សុខាភិបាលនៅតាមឃុំមានជនជាតិខ្មែររស់នៅកុះករ បានសម្រេចបទដ្ឋានជាតិ មានសម្ភារៈបរិក្ខារពេទ្យគ្រប់សព្វនិងមានវេជ្ជបណ្ឌិតទទួលបន្ទុក អ្នកជំងឺស្រាលៗ ឬជំងឺផ្ដាសាយធម្មតា តិចមានការឡើងទៅមន្ទីរពេទ្យស្រុក ឬខេត្តដូចមុន”។
នៅស្រុកយ៉ុងរៀង ដំណាក់សុខាភិបាលនៅ ៣ ឃុំ ដែលមានជនជាតិខ្មែររស់នៅកុះករ នោះគឺ៖ វិញភូ វិញថាញ់និងបាងថាច់ សុទ្ធតែសម្រេចបទដ្ឋានជាតិ លោកទ្រឿងវ៉ាន់ភឿក នាយការិយាល័យរងគណៈកម្មាធិការប្រជាជនស្រុកយ៉ុងរៀង ឱ្យដឹង៖ “តាមរបាយការណ៍របស់ដំណាក់សុខាភិបាល មាមីងខ្មែរមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលច្រើនជាងមុន បំផុតគឺពិនិត្យដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល “។
ដំណាក់សុខាភិបាលបានសម្រេចបទដ្ឋានជាតិ មានភាពស្អាតបាតសមរម្យ និងមានបុគ្គលិកពេទ្យទទួលបន្ទុកគ្រប់ផ្នែក កំពុងពង្រីកតួនាទីថែទាំសុខភាពជូនប្រជាជននៅមូលដ្ឋានកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកមីងធីឡឹង នៅឃុំឌិញអាង ស្រុកហ្គក្វាវ ឱ្យដឹង៖ “ជំងឺស្រាលៗគឺខ្ញុំទៅដំណាក់សុខាភិបាលពិនិត្យ យកថ្នាំផឹក មិនបាច់ទៅឆ្ងាយ។ ឥឡូវដំណាក់សុខាភិបាលស្អាតបាតហើយគ្រូពេទ្យអស់ពីចិត្តទៀត ដូច្នេះមាមីងសប្បាយចិត្តណាស់ “៕
ហាថាញ់-លេងមី