ក្រុមជម្រើសជាតិបាល់ទាត់នារីវៀតណាម បានបំបែកឯតទគ្គកម្ម ខណៈពេលយកឈ្នះលើក្រុមជម្រើសជាតិថៃ ទទួលបានមេដាយមាសលើកទី៦ នៅមហាសន្និបាតកីឡាអប់រំកាយធំបំផុតអាស៊ីអាគ្នយ៍ (ស៊ីហ្គេម៣០)។ ដែលយុវតីជនជាតិខ្មែរ-ឈ្មោះចឿង ធីកេវ នៅស្រុកហ្គវ៉ាវ ខេត្តគៀងយ៉ាង បានរួមចំណែកបង្កើតភាពជោគជ័យនេះ។
គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ប្រារព្ធពិធីស្ងើចសរសើរ ជូនរង្វាន់ដល់ចឿងធីកេវ ដោយមានស្នាដៃឈ្នះមេដាយមាសវិញ្ញាសាបាល់ទាត់នារីស៊ីហ្គេម៣០។
រូបភាពចឿងធីកេវ ត្រូវរុំកំភួនជើង ដោយសាររងរបួសក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ប៉ះនឹងក្រុមជម្រើសជាតិថៃ ធ្វើឱ្យអ្នកគាំទ្រមានក្តីបារម្ភយ៉ាងខ្លាំង។ ពិសេសគឺការប្រកួតលើទីលានស្មៅសិប្បនិមិត្ត ពេលដួលម្តងៗរបួសកាន់តែឈឺខ្លាំង។ កាលដែលរូបភាពកាមេរ៉ាចាប់ត្រង់ ឃើញនាងខាំមាត់ទ្រាំឈឺ ធ្វើឱ្យទស្សនិកជនកាន់តែកោតកីឡាការិនីមាឌល្អិតរូបនេះ។ ខណៈពេលយើងខ្ញុំសួរថា តើហេតុអ្វីបានជាប្អូនអាចធ្វើបានដូច្នេះ កេវឱ្យដឹង៖ “គ្រួសារនាងខ្ញុំក្រលំបាក នាងខ្ញុំស៊ូទ្រាំលំបាកតាំងពីតូចនិងខំប្រឹងឆ្លងកាត់គ្រប់ឧបសគ្គ។ ពេលប្រកួត នាងខ្ញុំរិះគិតធ្វើយ៉ាងណា ត្រូវព្រួតដៃនឹងមិត្តរួមក្រុមប្រកួតឱ្យបានល្អ។ ភារកិច្ចរបស់នាងខ្ញុំ គឺការពារខាងមុខទីសំដៅជួយការពារទីឱ្យបានល្អ ម្ល៉ោះហើយនាងខ្ញុំត្រូវតែខំប្រឹងអស់ពីសមត្ថភាព។ ពេលយើងអនុវត្តភារកិច្ចបានល្អ ទើបមិត្តរួមក្រុមនៅខ្សែខាងលើអាចនឹងស្ងប់ចិត្តទាត់សម្រុកលើដៃគូ”។
រៀបរាប់ពីកូនស្រីកើតឆ្នាំ១៩៩៥ ពូចឿងអ៊ុក ឪពុកនាងចឿងធីកេវ នៅភូមិហ្វាហ៊ីវ១ ឃុំឌិញហ្វា ស្រុកហ្គវ៉ាវ ឱ្យដឹងដោយក្តីមោទនៈ៖ “នាងឧស្សាហ៍ព្យាយាមនិងលុះក្នុងដំបូន្មាន ថ្វីត្បិតឆ្ងាយពីគ្រួសារតាំងពីអាយុ១១ឆ្នាំក៏ពិតមែន ប៉ុន្តែមានភាពរឹងមាំ ដើម្បីឆ្លងកាត់រាល់ការលំបាក។ ខណៈពេលខ្ញុំមើលបន្តផ្ទាល់ឃើញកូនដួលឈាមហូរ ប្តីប្រពន្ធខ្ញុំស្រងាកចិត្តណាស់។ ហើយក៏លើកទឹកចិត្តគ្នា “កូនយើងមានភាពរឹងមាំណាស់ រលាត់សើស្បែក មិនអាចធ្វើឱ្យនាងបាក់ស្បាតទេ” ពិតដូចមាត់មែន គឺនាងប្រកួតយ៉ាងស្វិតស្វាញរហូតដល់ទីបញ្ចប់ រឹតតែធ្វើឱ្យខ្ញុំមានមោទនភាពលើកូនស្រីថែមទៀត”។
ចឿងធីកេវ រុំជើងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រដោយសាររងរបួស។
រូបៈឌឹកអាញ់ (កាសែតពលកម្ម)
កាលរៀនបឋមសិក្សា ចឿងធីកេវ បានសាលាជ្រើសរើសប្រកួតវិញ្ញាសាហែលទឹកថ្នាក់ស្រុក បន្ទាប់មកថ្នាក់ខេត្ត។ ពីព្រោះផ្ទះនៅក្បែរព្រែក គួបផ្សំនឹងមានទេពកោសល្យខាងកីឡាផង ម្ល៉ោះហើយគ្រូបង្វឹកកីឡា បានជម្រើសឱ្យនាងចូលរួមវិញ្ញាសាហែលទឹក ដើម្បីងាយហាត់សម។ ផ្តើមពីវិញ្ញាសាហែលទឹក នាងក៏បានប្តូរមកវិញ្ញាសា“បាល់ទាត់វិញ” ហើយក៏បានចូលក្រសែភ្នែកអ្នកជម្រើសកីឡាករជូនក្រុមជម្រើសជាតិ បាល់ទាត់ក្រុងហូជីមិញ។ រៀបរាប់ពីការចាប់យកអាជីពកីឡារបស់កូនស្រី ពូចឿងអ៊ុក ឱ្យដឹង៖ “កាលពីកុមារ ខ្ញុំក៏ជាកីឡាករបាល់ទាត់នៅឃុំឌិញហ្វា បានចូលរួមប្រកួតថ្នាក់ស្រុក ថ្នាក់ខេត្តដែរ ហេតុនោះ កូនស្រីកេវ ហាក់មានហ្សែនដូចខ្ញុំនាងស្រឡាញ់ចូលចិត្តទាត់បាល់ណាស់។ ពេលគេជម្រើសកូនចូលលេងកីឡាបាលទាត់ ខ្ញុំនឹងប្រពន្ធ ក៏បានត្រិះរិះសព្វគ្រប់ដែរ ថាកូនស្រីចាប់យកអាជីពកីឡា “ខោខ្លីអាវលេខ” ពិតជាពិបាកខ្លួន ប៉ុន្តែដោយឃើញកូនស្រឡាញ់ចូលចិត្ត ម្ល៉ោះហើយយើងក៏ផ្គាប់តាមចិត្តកូន”។
កាលពីអាយុ១១ឆ្នាំ នាងបានចាកចេញពីផ្ទះចូលហ្វឹកហាត់នៅក្រុមជម្រើសទេពកោសល្យក្រុងហូជីមិញ។ អាស្រ័យមានចំណូលចិត្តខាងកីឡា និងពូកែខាងស្កាត់បាល់ ព្រមទាំងខិតខំព្យាយាមក្នុងការហ្វឹកហាត់ផងនោះ កេវបានចូលរួមប្រ កួតក្នុងទម្រង់លេងលេខ១ ក្នុងវ័យ១៥ឆ្នាំ។ មួយឆ្នាំក្រោយមក ទើបនាងបានចូលក្រុមជម្រើសជាតិបាល់ទាត់នារី។ លុះដល់ឆ្នាំ២០១២ កីឡាការិនីកំណើតខេត្តគៀងយ៉ាង មានកិត្តិយសទទួលបានរង្វាន់“កីឡាការិនីឆ្នើមវ័យក្មេង”។
ចាប់ពីនោះមកដល់បច្ចុប្បន្ន នាងតែងបានគ្រូបង្វឹកគ្រប់រូប ជ្រើសប្រកួតខ្សែការពារកណ្កាលនៅក្រុមជម្រើសជាតិ។ នាងហាក់មិនដែលធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ។ សង្ឃឹមថា ដោយការយកចិត្តទុកដាក់គាំទ្រក្រុមជម្រើសជាតិនារីនិយាយរួម និងចឿងធីកេវនិយាយដោយឡែក នឹងញុាំងឪ្យនាងមានការរួមចំណែកច្រើនជាងទៀតដល់ក្រុមជម្រើសជាតិនារី ក្នុងដំ ណាក់កាលខាងមុខជាមិនខាន៕
ង្វៀនត្រុងថឿង-លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។