ជាមួយនឹងភារកិច្ច និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងការយកចិត្តទុកដាក់គិតគូរជីវភាពសម្ភារៈ ស្មារតីចំពោះអ្នកមានសគុណជាមួយនឹងប្រទេសជាតិ ច្រើនឆ្នាំកន្លង ខេត្តសុកត្រាំង តែងជំរុញការងារតបស្នងសងគុណដោយឥតឈប់ឈរ។
ថ្នាក់ដឹកនាំខេត្តសុកត្រាំងអុជធូបរំលឹកគុណវីរយុទ្ធជនពលីនៅមណ្ឌលមូលដ្ឋាន
គណៈកម្មាធិការបក្សខេត្ត។
សំដៅទៅកាន់សកម្មភាពអនុស្សាវរីយ៍៧១ឆ្នាំ ទិវាយុទ្ធពិការ-ពលី (២៧/៧/១៩៤៧-២៧/៧/២០១៨) បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបចាត់ចែងផ្តល់ប្រាក់សោធនបំណាច់ដល់មុខសញ្ញា១២២នាក់ តាមសេចក្តីសម្រេចចិត្តលេខ៤៩/២០១៥/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្ដីពីរបបគោលនយោបាយមួយចំនួនចំពោះប្រជាសមរភូមិជួរមុខ រួមប្រាស្រ័យក្នុងការតស៊ូប្រឆាំងអាណានិគមបារាំងនិងចក្រពត្តិអាមេរិក សង្គ្រាមការពារមាតុភូមិ និងបំពេញភារកិច្ចអន្តរជាតិ។ ទន្ទឹមនឹងនោះ ផ្តល់ប្រាក់សោធនបំណាច់ដល់មុខសញ្ញា២៤នាក់ តាមសេចក្តីសម្រេចចិត្តលេខ៦២/២០១១/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីរបបគោលនយោបាយចំពោះមុខសញ្ញាចូលរួមក្នុងសង្គ្រាមការពារមាតុភូមិ បំពេញភារកិច្ចអន្តរជាតិនៅប្រទេសកម្ពុជា និងជួយប្រទេសឡាវ ក្រោយពីថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៧៥ បានចេញពីជួរទ័ពរំសាយពីជួរទ័ព ឬឈប់ការងារ។ សរុបទឹកប្រាក់ជិត៣៥០លានដុង។ វរសេនីយ៍ឯកបម្រុងហ្វិញវ៉ាន់យ៉ាង ស្នងការនយោបាយរងនៃបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ឲ្យដឹង៖ ទង្វើខាងលើ គឺដើម្បីកត់សម្គាល់និងលើកតម្កើងអ្នកដែលមានសគុណរួមចំណែកក្នុងបុព្វហេតុតស៊ូ រំដោះប្រជាជាតិ ការពារមាតុភូមិ និងបំពេញភារកិច្ចអន្តរជាតិ។ បង្ហាញនូវគុណធម៌ “ផឹកទឹកនឹកប្រភព” “តបស្នងសងគុណ” របស់ប្រជាជាតិ; ទន្ទឹមនឹងនោះ លើកទឹកចិត្តមុខសញ្ញាទាំងនេះនឹងនរចិត្ត ជឿជាក់ដាច់ខាតលើគោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋ និងកងទ័ព។
តាមប្រសាសន៍លោកឡេហ្វាងដៀន នាយកមន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ចខេត្តសុកត្រាំង ឆ្នាំ២០១៧ មន្ទីរបានចាត់ចែងកំណត់បញ្ជាក់និងដោះស្រាយសំណុំបែបបទនៅសេសសល់ចំនួន៦៦ និងសំណុំបែបបទយុទ្ធជនពិការ-ពលីចំនួន១៨ គ្រប់សម្បទាផ្ញើឡើងទៅមជ្ឈិមពិនិត្យសម្រេច; ផ្តល់លិខិតទទួលស្គាល់គ្រួសារយុទ្ធជនពលី យុទ្ធជនពិការដល់មុខសញ្ញា២៩១នាក់ ជូនប័ណ្ណមាតុភូមិចារឈ្មោះដល់មុខសញ្ញា៥២៨នាក់; ផ្តល់ប្រាក់សោធនបំណាច់ដល់អ្នកគោរពបូជាយុទ្ធជនពលីចំនួន៨.៧១២នាក់ នៅតាមស្រុក ទីរួមខេត្ត ក្រុងគិតជាទឹកប្រាក់ជិត៤,៥ពាន់លានដុង។ល។ ចាប់ពីដើមឆ្នាំមកទល់ពេលនេះ គណៈ ផ្នែកសមត្ថកិច្ចក្នុងខេត្តចាត់តាំងទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារស្ថិតក្នុងក្របខណ្ឌគោលនយោបាយស្របក្នុងឱកាសថ្ងៃបុណ្យទាន គិតជាទឹកប្រាក់៥០០លានដុង។
ក្រៅពីនោះ រយៈពេលកន្លង ខេត្តសុកត្រាំង ក៏បានផ្តុំកម្លាំងដោះស្រាយខាងលំនៅឋានជូនគ្រួសារអ្នកមានសគុណ តាមសេចក្តីសម្រេចលេខ២២/២០១៣/ QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការឧបត្ថម្ភអ្នកមានសគុណចំពោះបដិវត្តន៍ខាងលំនៅឋាន។ លោកង៉ោហីវ សមាជិកសមាគមយុទ្ធជនបដិវត្តន៍ ត្រូវខ្មាំងចាប់ដាក់គុកនៅក្រុងសុកត្រាំង ឲ្យដឹង៖ “ពីមុនគ្រួសារខ្ញុំបានភូមិភាគសង់ផ្ទះមេត្តាធម៌តាមកម្មវិធី១៣៤របស់រដ្ឋាភិបាល។ អាស្រ័យច្រើនឆ្នាំផ្ទះចាស់ទ្រុឌទ្រោម ឥឡូវបានមូលនិធិដើម្បីអ្នកក្ររបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តសុកត្រាំងបានឧបត្ថម្ភសង់ផ្ទះថ្មី គិតជាតម្លៃ៤០លានដុង។ ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភគ្រួសារខ្ញុំឲ្យមានផ្ទះសម្បែងស្នាក់នៅត្រឹមត្រូវ”។
ជាមួយនឹងទង្វើជំរុញការងារតបស្នងសងគុណ ដោយមានទម្រង់ផ្សេងៗសង្ឃឹមថាជីវភាពសម្ភារៈ ស្មារតីរបស់គ្រួសារស្ថិតក្នុងក្របខណ្ឌគោលនយោបាយនៅលើភូមិសាស្រ្តខេត្តសុកត្រាំង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ៕
ត្រឿងផល-វិមាន