រៀងរាល់ឆ្នាំចាប់ពីចុងខែមីនាដល់ពាក់កណ្តាលខែមេសា សាកលវិទ្យាល័យត្រាវិញ តែងប្រារព្ធសកម្មភាពវប្បធម៌ សិល្បៈនិងល្បែងប្រជាប្រិយ ដើម្បីអំណរបុណ្យចូលឆ្នាំថ្មី។ សកម្មភាពនេះ ទាក់ទាញនិស្សិត គ្រូបង្រៀន បេក្ខសិស្ស អ្នកគាំទ្ររបស់សាលា ព្រមទាំងសិស្សានុសិស្សនិងគ្រូបង្រៀននៃសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកក្នុងខេត្ត និងនិស្សិតកម្ពុជាចូលរួមរាប់ពាន់នាក់។
កម្មវិធីសម្តែងសិល្បៈអំណរបុណ្យចូលឆ្នាំថ្មី២០១៨។
សាកលវិទ្យាល័យត្រាវិញ គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវប្បធម៌និងសិល្បៈខ្មែរណាមបូ ម្ល៉ោះហើយការរៀបចំពិធីប្រឡងចម្រៀងនិស្សិតខ្មែរឬល្បែងប្រជាប្រិយនៅក្នុងសាលារៀន បានបង្កនូវបរិយាកាសយ៉ាងពុះពោរ។ ឆ្លងតាមរយៈនោះក៏រកឃើញនិស្សិតជាច្រើនរូប មានទេពកោសល្យខាងចម្រៀងនិងសំដែងលេីឆាក ជួយឲ្យសាលាជ្រើសរើសបានប្រភពសម្រាប់បំពាក់បំប៉ន ទេពកោសល្យបម្រុងចូលរួមពិធីប្រឡងធំៗ ម៉្យាងទៀតញាុំងឲ្យនិស្សិតមានក្តីជំនឿលើខ្លួនឯង ពេលឡើងសម្តែងលើឆាកក៏ដូចជាការហាត់ពត់លត់ដំក្នុងការសិក្សា។ ការប្រឡងនៅឆ្នាំនេះ ក៏ជាឱកាសសម្រាប់និស្សិតកម្ពុជាចូលរួមដោះដូរវប្បធម៌សិល្បៈជាមួយនិស្សិតនៃសាកលវិទ្យាល័យត្រាវិញនិងសិស្សានុសិស្សនៃសាលាចំណេះទូទៅជនជាតិអន្តេវាសិកនានានៅក្នុងខេត្ត ដោយមានប្រភេទសិល្បៈយ៉ាងសម្បូរបែប ដូច៖ ចម្រៀង របាំ សម្តែង។ល។ “ខ្ញុំមានសេចក្តីរីករាយណាស់ ពេលតំណាងឲ្យនិស្សិតកម្ពុជាចូលរួមប្រឡងចម្រៀងអំណរបុណ្យចូលឆ្នាំថ្មីនេះ ជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានក្នុងជីវិតនិស្សិតរបស់ខ្ញុំនៅសាកលវិទ្យាល័យត្រាវិញ ប្រទេសវៀតណាម” ប្អូនណុតផែន និស្សិតកម្ពុជាបានចែករំឡែកដូច្នេះ។
បន្ទាប់ពីការរៀបចំចម្រៀងនិស្សិតខ្មែរសម្រេចជោគជ័យ សាលាក៏បានប្រារព្ធកម្មពិធីរាត្រីសមោសរសិល្បៈ សំដែងនូវបទចម្រៀងនិងឈុតសម្តែងដែលទទួលបានរង្វាន់នៅក្នុងពិធីប្រឡង និងកម្មវិធីដោះដូរសិល្បៈអំណរបុណ្យចូលឆ្នាំថ្មី២០១៨។ រាត្រីសមោសរនៅទាំងមានឈុតសម្តែង របាំ ចម្រៀងចាប៉ី និងការសម្តែងបទភ្លេងដោយចានរបស់សិប្បករ សិល្បករនៃក្រុមសិល្បៈរស្មីប្រទិបខេត្តត្រាវិញ។ នៅក្នុងកម្មវិធីនេះ សាលាក៏បានជូនអាហារូបករណ៍១៤ ចំណែកដល់និស្សិតដែលមានស្ថានភាពលំបាកដោយទឹកប្រាក់៥០០ពាន់ដុង/ចំណែក។
លោកស្រីថាច់ធីយ៉ឹង វិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ ឲ្យដឹង៖ “សកម្មភាពអំណរបុណ្យចូលឆ្នាំថ្មី២០១៨ បានចាត់តាំងឡើងសម្រេចជោគជ័យ ដោយមានខ្លឹមសារយ៉ាងសម្បូរបែប ទាក់ទាញបាននិស្សិតចូលរួមយ៉ាងច្រើនកុះករ។ បណ្តាឈុតរបាំ បទចម្រៀងស្ងើចសរសើរនូវមាតុភូមិប្រទេសជាតិ ក៏ជាវិធីដើម្បីពង្រីកអភិរក្សតម្លៃវប្បធម៌សិល្បៈរបស់ជនរួមជាតិខ្មែរ”។ តាមប្រសាសន៍របស់វិទ្យាធិការរង ថាច់ធីយ៉ឹងការដែលរៀបចំទីលានកម្សាន្តដ៏មានប្រយោជន៍យ៉ាងនេះ នឹងជួយឲ្យនិស្សិតលត់ដំបាននូវទេពកោសល្យ អភិវឌ្ឍបាននូវមុខជំនាញក៏ដូចជាមានឱកាសដោះដូរសិល្បៈវប្បធម៌ជាមួយនិស្សិតកម្ពុជា ព្រមទាំងបង្កបានចំណាប់អារម្មណ៍ល្អពីសាកលវិទ្យាល័យត្រាវិញផងដែរ៕
ប៊ិញង្វៀន-សុផន