តាមប្រសាសន៍លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ការអនុវត្តនូវគោលនយោបាយសុខាភិបាល និងថែទាំសុខភាព កម្លាំងកាយជូនប្រជាជនតំបន់ជនជាតិភាគតិច លើភូមិសាស្រ្តខេត្ត មានការវិវឌ្ឍគួរឲ្យមោទនៈ។
ប្រជាជនមកពិនិត្យជំងឺ នៅដំណាក់សុខាភិបាលឃុំតឹងម៉ី។
បច្ចុប្បន្ន ទូទាំងខេត្តមានដំណាក់សុខាភិបាលទាំងអស់ចំនួន១១ នៅតាមឃុំនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ សុទ្ធសឹងសម្រេចបទដ្ឋានជាតិ។ ទន្ទឹមនឹងនោះ ធានាចំនួនគ្រូពេទ្យ វេជ្ជបណ្ឌិត និងបំពាក់គ្រឿងបរិក្ខារពេទ្យគ្រប់សព្វ បម្រើការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនបានល្អ។ អាស្រ័យហេតុនោះ រាល់កម្មវិធីទិសដៅជាតិ ត្រូវបានអនុវត្តល្អនិងប្រកបដោយប្រសិទ្ធភាព។ លោកកាវថាញ់យ៉ាង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡងម៉ី ស្រុកតាមប៊ិញ ឲ្យដឹង៖ “គ្រួសារជនជាតិភាគតិចក្រីក្រទាំងអស់ ដែលរស់នៅលើភូមិសាស្រ្ត តែងបានផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល។ ដំណាក់សុខាភិបាល តែងមានកងជួរកម្មាភិបាលពេទ្យប្រចាំការទាំងយប់ទាំងថ្ងៃ ដើម្បីពិនិត្យនិងព្យាបាលជំងឺជូនមាមីង។ ពីមុន ប្រជាជនមិនសូវប្រើប្រាស់ប័ណ្ណធានារ៉ាប់រងសុខាភិបាល ពីព្រោះមិនទាន់យល់ច្បាស់ពីផលប្រយោជន៍របស់វា។ ចាប់ពីមានកងជួរសហការីសុខាភិបាលចុះទៅដល់ផ្ទះ បកស្រាយពីវិធីប្រើប្រាស់និងផលប្រយោជន៍របស់អ្នកមានប័ណ្ណធានារ៉ាប់រងសុខាភិបាលពេលទៅពិនិត្យ និងព្យាបាលជំងឺម្ល៉ោះហើយប្រជាជនតែងមកដំណាក់សុខាភិបាលពិនិត្យជំងឺ”។ ក្រៅពីជំរុញការផ្សព្វផ្សាយ កាលបើមូលដ្ឋានសម្ភារៈមានភាពសមរម្យ ទំនើប ឧបករណ៍ពេទ្យគ្រប់គ្រាន់គឺជាកត្តាញុាំងឲ្យអ្នកជំងឺមានទំនុកចិត្តពេលមកពិនិត្យជំងឺបឋមនៅដំណាក់សុខាភិបាល។ លោកសុើងនី ឲ្យដឹង៖ “ពីមុន ពេលឈឺថ្កាត់ម្ដងៗ ខ្ញុំតែងទៅឱសថដ្ឋានទិញថ្នាំផឹក បើមិនបានធូរស្រាល ទើបឡើងទៅតាមប៊ិញឬត្រាអូង ពិនិត្យជំងឺ។ ឥឡូវដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិតពូកែ ម្ល៉ោះហើយខ្ញុំនឹងនរចិត្តមកពិនិត្យជំងឺនៅទីនេះ មិនចាំបាច់ធ្វើដំណើរឆ្ងាយនិងបង់ខាតដូចមុន ពីព្រោះដំណាក់សុខាភិបាលផ្គត់ផ្គង់ថ្នាំផឹកដោយឥតគិតថ្លៃ”។
តាមទិន្នន័យស្ថិតិរបស់គណៈជនជាតិខេត្តវិញឡុង ខេត្តបានឧបត្ថម្ភនិងផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលជាង២២ពាន់ប័ណ្ណដល់ជនជាតិភាគតិចរស់នៅតាមភូមិ ឃុំលំបាកពិសេស។ ក្រៅពីការផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល ខេត្តវិញឡុង ថែមទាំងជំរុញការផ្សព្វផ្សាយ ចលនាប្រជាជន គប្បីហូបឆ្អិន ផឹកឆ្អិន ប្រើប្រាស់ទឹកស្របអនាម័យ។ល។ ដើម្បីបង្ការរោគរាលដាល។ លោកថាច់ថេហៀង ប្រធានការិយាល័យជនជាតិស្រុកត្រាអូង ឲ្យដឹង៖ “ការិយាល័យជនជាតិ តែងសហការជាមួយនឹងឃុំនានាចុះទៅភូមិភាគដោយផ្ទាល់ ដើម្បីចលនាជនជាតិភាគតិចអនុវត្តបានល្អនូវកម្មវិធីទិសដៅជាតិខាងសុខាភិបាល។ ទន្ទឹមនឹងនោះ ពិគ្រោះជាមួយនឹងមាមីងអំពីការសម្អាតបរិស្ថានជុំវិញផ្ទះ កម្ចាត់ដង្កូវ ទឹក បង្ការជំងឺគ្រុនឈាមជាដើម”។ អាស្រ័យមានការសហការគ្នាជាប្រចាំ ម្ល៉ោះហើយការបង្ការរោគរាលដាលពីមូលដ្ឋានអនុវត្តបានល្អជានិច្ច។ បងស្រីថាច់ធីហុង នៅភូមិវាល ឃុំតឹងម៉ី ស្រុកត្រាអូង ឲ្យដឹង៖ “ច្រើនឆ្នាំហើយ ក្នុងភូមិខ្ញុំគ្មានករណីកើតជំងឺគ្រុនឈាមឡើយ។ ខ្ញុំទៅផ្ទះជិតខាងលេង ឃើញគេរៀបចំផ្ទះសម្បែង ស្អាតបាត ម្ល៉ោះហើយខ្ញុំក៏ធ្វើតាម។ អាស្រ័យហេតុនោះ កូនចៅក្នុងគ្រួសារគ្មានអ្នកណាកើតជំងឺពងដៃ ជើង មាត់ ឬគ្រុនឈាមឡើយ”៕
ហាថាញ់-វិមាន