ប្រឡាយអ៊ំហូ ឋិតនៅភូមិថាញ់អៀង ឃុំថាញ់ឡុក ស្រុកចូវថាញ់ ខេត្តកៀងយ៉ាង អាស្រ័យប្រជាជនជីកផ្ទាល់ដើម្បីនាំទឹកមកបម្រើផលិតកសិកម្ម។
ប្រជាជនរស់នៅតាមប្រឡាយសុទ្ធតែមានឆាយាលក្ខណ៍អ៊ំហូសម្រាប់គោរពបូជា។
លោកត្រឹងវុាំងហ៊ុង (អាយុ៨២ឆ្នាំ) ប្រធានក្រុមប្រជាស្វ័យគ្រប់គ្រងលេខ៥ ភូមិថាញ់អៀង ឃុំថាញ់ឡុក លោកជាអ្នកដឹកនាំជីកសំណង់ប្រឡាយអ៊ំហូ ដើម្បីនាំប្រភពទឹកសាប ឲ្យដឹង៖ ពីមុន មាមីងនៅទីនេះមានការលំបាក វាលស្រែ ផលិតស្រូវបានត្រឹម១រដូវ/ឆ្នាំ ប្រមូលផលបានប្រមាណ៤០គីឡូក្រាម/១.០០០ម២ប៉ុណ្ណោះ។ ឆ្នាំ១៩៧៧ ខណៈពេលនៅធ្វើ ជាកម្មាភិបាលសមរភូមិក្រោយនៃកងទ័ពទីរួមខេត្តរ៉ាច់យ៉ា លោកហ៊ុង ត្រូវបានប្រគល់ភារកិច្ចរួមជាមួយនឹងថ្នាក់ដឹកនាំសង្កាត់វិញហ៊ីប ទីរួមខេត្តរ៉ាច់យ៉ា (ពីមុនប្រឡាយនេះចំណុះភូមិសាស្រ្តទីរួមខេត្តរ៉ាច់យ៉ា) ពុះដីស្រែ ដើម្បីជីកប្រឡាយតភ្ជាប់ជាមួយនឹងប្រឡាយកាយសាំង (ស្រុកតឹងហ៊ីប) និងប្រឡាយដងយ៉ុងរបស់ឃុំថាញ់ឡុកសព្វថ្ងៃ ដើម្បីនាំយកទឹកសាបមកបម្រើការផលិត។ ប្រឡាយមានទទឹង២ម៉ែត្រ ជម្រៅ១,៥ម៉ែត្រ និងចម្ងាយជិត១គីឡូម៉ែត្រ ដោយជីកទម្លាយមុខតភ្ជាប់ជាមួយនឹងខ្សែប្រឡាយកាយសាំង និងដងយ៉ុង ដោយជីកសម្រេចចំថ្ងៃកំណើតរបស់អ៊ំហូ១៩ ខែឧសភា។ ដើម្បីបង្ហាញនូវទឹកចិត្ត នឹកគុណដល់អ៊ំហូ ប្រជាជនបានឯកភាពដាក់ឈ្មោះថា ប្រឡាយអ៊ំហូ។
លោកយ័ញយ៉េន លេខាសាខាបក្ស ប្រធានភូមិថាញ់អៀង ឲ្យដឹង៖ ”សព្វថ្ងៃទូទាំង ភូមិមានប្រជាជន៣៣៥គ្រួសារ ភាគច្រើនគឺជនរួមជាតិខ្មែរ។ ប៉ុន្មានឆ្នាំកន្លង ជាមួយនឹងការផ្សព្វផ្សាយ ចលនារបស់រដ្ឋអំណាចភូមិភាគ ប្រជាជននៅទីនេះមានការភ្ញាក់រលឹកចុះឈ្មោះរៀនសូត្រនិងធ្វើតាមគំរូអ៊ំហូ ដើម្បីរួមគ្នារៀនសូត្រ ពលកម្មអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិតឈានឡើងធូរធារ”។ តាមប្រសាសន៍របស់លោកយ័ញយ៉េន ចាប់តាំងពីបំផុសចលនា “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបទហូជីមិញ” មិនត្រឹមតែកម្មាភិបាល បក្ខជនយកចិត្តទុកដាក់អនុវត្តប៉ុណ្ណោះទេ ប្រជាជនក្នុងភូមិក៏មានការខ្នះខ្នែងធ្វើតាមផងដែរ។ ដោយឡែកនៅភូមិមានប្រឡាយអ៊ំហូ មានប្រជាជនជិត១០០%បានចុះឈ្មោះរៀនសូត្រនិងធ្វើតាមគំរូអ៊ំហូ។ ជនរួមជាតិខ្មែរនៅទីនេះ ”ធ្វើតាម” អ៊ំដោយទង្វើនិងការងារជាក់ស្តែង។ តួយ៉ាងដូចឃើញកម្មាភិបាល បក្ខជនក្នុងភូមិសាស្រ្តដាំដើមឈើ ចិញ្ចឹមសត្វអ្វីមានប្រសិទ្ធភាព គឺប្រជាជនអនុវត្តតាម។ រៀងរាល់លើកប្រជុំក្រុមប្រជាស្វ័យគ្រប់គ្រង សុទ្ធសឹងមានបក្ខជនក្នុងភូមិចូលរួមប្រជុំ ផ្សព្វផ្សាយនូវលិខិតបទដ្ឋានរបស់បក្ស រដ្ឋ។ ស្តាប់រឿងគំរូអំពីអ៊ំហូ ពិសេសគឺការប្រើប្រាស់ប្រិតសំចៃក្នុងជីវភាព ប្រចាំថ្ងៃជនរួមជាតិខ្មែរមានការយកចិត្តទុកដាក់ខ្លាំងណាស់ ផ្ដើមពីនោះ ពួកគាត់ក៏ចាប់ផ្តើមប្រើប្រាស់ប្រិតសំចៃថែមទៀត។ លោកយ័ញយ៉េន ឲ្យដឹង៖ “ ជនរួមជាតិខ្មែរ ចេះប្រិតសំចៃនិងខិតខំធ្វើការរកស៊ី ជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធារ។ នឹកឃើញនូវគុណបំណាចរបស់អ៊ំ ម្ល៉ោះហើយរាល់គ្រួសារប្រជាជនក្នុងភូមិសុទ្ធតែមានឆាយាលក្ខណ៍របស់អ៊ំហូសម្រាប់គោរពបូជា។ អាស្រ័យការខិតខំរកស៊ី បានជាអត្រាគ្រួសារក្រីក្រក្នុងភូមិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែថយចុះ សោភណភាពក្នុងភូមិត្រូវបានប្រជាជនខ្នះខ្នែងរៀបចំ ម្ល៉ោះហើយកាន់តែមានភាពសមរម្យ”៕
ឡេស៊ាង-សេរី