ក្រុមឆៃយាំវត្តអង្គុលីខាងជើង ឃុំដុងប៊ិញ ទីរួមខេត្តប៊ិញមិញ ខេត្តវិញឡុង បានដំណើរការយ៉ាងពុះពោរ រួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។
ក្រុមឆៃយាំុសម្តែងបម្រើក្នុងថ្ងៃបុណ្យនាវត្តអង្គុលីខាងជើង។
តាមថេរដីកាព្រះតេជព្រះគុណសេីុងសុខន ព្រះពហុស្សូតវត្តកំពង់រាជបុប្ផា (អង្គុលីខាងជើង)៖ “ដោយសារពុទ្ធបរិស័ទមានតម្រូវការទស្សនាកម្សាន្តវប្បធម៌ជនជាតិ ម្ល៉ោះហើយនៅឆ្នាំ២០១៤ អាត្មាភាពបានពិគ្រោះយោបល់ជាមួយនឹងព្រះចៅអធិការ និងគណៈកម្មាធិការវត្តឯកភាពបង្កើតក្រុមឆៃយំាុនេះឡើង។ ការផ្ដួចផ្ដើមបង្កើតក្រុមឆៃយាំុនេះ បានពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនគាំទ្រ និងរួមវិភាគទានជាទឹកប្រាក់ដើម្បីជាវឧបករណ៍ភ្លេងនិងសំលៀកបំពាក់សម្រាប់ក្រុមឆៃយាំុ ហើយអាត្មាក៏បានអញ្ជើញគ្រូ២រូប មកហ្វឹកហាត់របាំឆៃយាំុដល់ក្រុម”។
របាំឆៃយាំុគឺជារបាំប្រពៃណីរបស់ជនជាតិខ្មែរដែលមានមកតាំងពីយូរលង់ ត្រូវបានសម្តែងក្នុងឱកាសបុណ្យទានផ្សេងៗ មានដូច៖ បុណ្យកឋិនទាន បុណ្យអកអំបុកបុណ្យចូលឆ្នាំថ្មី។ល។។ ព្រោះហេតុនោះ មានយុវជនជាច្រើនបានចុះឈ្មោះចូលរួមជាមួយនឹងក្រុមរបាំឆៃយាំុវត្តអង្គុលីខាងជើង។ ដោយសារពេលថ្ងៃសមាជិកក្នុងក្រុមជាប់រវល់នឹងកិច្ចការផ្សេងៗ ម្ល៉ោះហើយការហាត់សមបានប្រព្រឹត្តឡើង ចាប់ពីម៉ោង៧យប់រៀងរាល់ថ្ងៃ។ ព្រោះតែការជក់ចិត្តជាមួយនឹងសិល្បៈប្រពៃណី បានជាបងប្អូនក្នុងក្រុមខំព្យាយាមហ្វឹកហាត់យ៉ាងខ្ជាប់ខ្ជួន។ មកទល់សព្វថ្ងៃ ក្រុមឆៃយាំុរបស់វត្តមានសមាជិកទាំងអស់១៩នាក់ ក្នុងនោះ ក្រុមឆៃយាំុ៩នាក់ របាំយក្សរាំ១០នាក់ សុទ្ធតែជាពុទ្ធបរិស័ទក្នុងចំណុះជើងវត្តមានអាយុពី២៥ដល់៥០ឆ្នាំ។ ក្រៅពីសម្តែងបម្រើការក្នុងភូមិភាគ ក្រុមឆៃយាំុរបស់វត្តក៏ធ្លាប់ទៅសម្តែងនៅក្រៅខេត្តទៀតផង។ បងសេីុងសួនប្រធានក្រុមឆៃយាំុវត្តអង្គុលីខាងជើង ឲ្យដឹង៖ “ខ្ញុំចូលចិត្តចម្រៀង របាំប្រពៃណីខ្លាំងណាស់ ម្ល៉ោះហើយពេលវត្តបង្កើតក្រុមឆៃយាំុនិងអញ្ជើញគ្រូមកបង្ហាត់ ខ្ញុំក៏ចុះឈ្មោះចូលរួមភ្លាម។នៅពេលបានចូលរួមក្នុងក្រុមឆៃយាំុ ខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ ដ្បិតអីខ្ញុំមានឱកាសបញ្ចេញសមត្ថភាពខាងសិល្បៈផង និងរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិផង។ ខណៈពេលក្រុមឆៃយាំុសម្តែងលើកដំបូងក៏ទទួលបានការគាំទ្រលើកទឹកចិត្តពីសំណាក់មាមីងបងប្អូនទស្សនាយ៉ាងខ្លាំង យើងខ្ញុំក៏មានការរំភើបរីករាយនិងប្តេជ្ញាចិត្តខិតខំហាត់សម បន្តរក្សាសកម្មភាពរហូតមកដល់សព្វថ្ងៃ”។ លោកសេីុងម៉ីយ្វៀង លេខាសាខាបក្សនិងជាប្រធានភូមិអង្គុលីជើង ឲ្យដឹង៖ “វត្តអង្គុលីខាងជើងបានបង្កើតក្រុមឆៃយាំុសម្រាប់សម្តែងបម្រើក្នុងឱកាសបុណ្យទានផ្សេងៗ បានរួមចំណែកលើកកម្ពស់គុណភាពសកម្មភាពសិល្បៈវប្បធម៌លើភូមិសាស្រ្ត”។
ព្រះតេជព្រះគុណសេីុងសុខន មានថេរដីកាបន្ថែម៖ “ដើម្បីបង្កើតទីលានលេងកម្សាន្តជូនកូនចៅពុទ្ធបរិស័ទនៅឆ្នាំ២០១៧នេះ វត្តក៏រៀបចំបង្កើតបានក្រុមរបាំក្មួយៗ មានអាយុក្រោម១៥ឆ្នាំ សម្រាប់សម្តែងបម្រើក្នុងឱកាសវត្តមានកម្មវិធីបុណ្យទានផ្សេងៗ”៕
អត្ថបទ រូបថត៖ ថាច់ធី