លោកត្រឹងង៉ុកង៉ី ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកកើ-ដ ក្រុងកឹងធើ ឲ្យដឹងដោយក្តីរីករាយ៖ "បច្ចុប្បន្ន ទូទាំងផ្នែកអប់រំមានគ្រូបង្រៀនមានកម្រិតវិជ្ជាជីវៈសម្រេចបទដ្ឋាន១០០%; ហើយមានគ្រូបង្រៀនថ្នាក់មតេ្តយ្យ៥៥,៧៦% និងគ្រូបង្រៀនបឋមសិក្សា៩០,២% សម្រេចលើសកម្រិតបទដ្ឋាន។ នេះគឺជាគ្រឹះធារដើម្បីធ្វើឲ្យគុណភាពអប់រំនៅស្រុកកើ-ដ មានការកើនឡើងក្នុងរយៈពេលកន្លង"។
សាលាមធ្យមសិក្សាមូលដ្ឋានទីប្រជុំជនកើ-ដ សម្រេចបទដ្ឋានជាតិ។
តាមប្រសាសន៍ លោកត្រឹងង៉ុកង៉ី ក្រៅពីការបង្កលក្ខណសម្បត្តិឲ្យគ្រូ បង្រៀនចូលរួមថ្នាក់ហ្វឹកហាត់វិក្រឹតការ បង្កើនកម្រិតផ្នែកអប់រំស្រុក បានរៀបចំឲ្យគ្រូបង្រៀនចូលរួមហ្វឹកហាត់មុខជំនាញជារឿយៗ។ ពីព្រោះកម្មាភិបាលគ្រូបង្រៀន មានចំនួនច្រើននិងភូមិសាស្រ្តធំទូលាយ ម្ល៉ោះហើយផ្នែកអប់រំ បានចាត់កម្មាភិបាលមានកម្រិតមុខជំនាញពូកែ ចូលរួមហ្វឹកហាត់នៅឯក្រុង។ បន្ទាប់មកផ្នែកអប់រំនឹងរៀបចំធ្វើការផ្សព្វផ្សាយមុខជំនាញ ដើម្បីកម្មាភិបាលស្នូលទាំងនេះ ផ្សព្វផ្សាយជូនមណ្ឌលសាលានីមួយៗ។ នៅពេលផ្សព្វផ្សាយម្តងៗ កម្មាភិបាលនឹងរៀបចំការអនុវត្តន៍ជាក់ស្តែងតាមទិសដៅកាន់ដៃបង្ហាញកិច្ចការ ។ នេះ គឺជាសកម្មភាពនាំមកនូវប្រសិទ្ធភាព ពីព្រោះកាត់បន្ថយការចំណាយពេលវេលារបស់គ្រូបង្រៀននៅពេលធ្វើដំណើរទៅហ្វឹកហាត់ឆ្ងាយ រួចគ្រូបង្រៀនងាយនឹងយកតម្រាប់តាមពីព្រោះអនុវត្តដោយភាពជាក់ស្តែងផង។ នៅពេលផ្សព្វផ្សាយមុខជំនាញគ្រូបង្រៀនអាចនឹងពិភាក្សាចំៗ អំពីគុណសម្បត្តិនិងវិបត្តិនៃវិធីសាស្រ្តបង្រៀនថ្មីហើយរួមគ្នាដោះដូរ ដើម្បីរកដំណោះស្រាយលើកកម្ពស់គុណភាពមុខវិញ្ញាសានីមួយៗ។ អ្នកគ្រូហ្វិញធីលឿង គ្រូបង្រៀនសាលាបឋមសិក្សាទីប្រជុំជនកើ-ដ២ ឲ្យដឹង៖ "អាស្រ័យដោយថ្នាក់ហ្វឹកហាត់មុខជំនាញ បានជាយើងខ្ញុំអាចនឹងដោះដូរពីរបៀបបង្រៀនថ្នាក់ទី១ សិស្សជនជាតិខ្មែរអាចនឹងក្រេបយកមេរៀនបានឆាប់រហ័ស ពីព្រោះសាលារៀនរបស់យើងខ្ញុំមានសិស្សជនជាតិខ្មែរច្រើន។ ម្យ៉ាងទៀត នាងខ្ញុំក៏ជាជនជាតិខ្មែរ ម្ល៉ោះហើយតែងខ្វល់ខ្វាយពីបញ្ហានេះ នៅពេលបានមិត្តរួមអាជីពនៅឃុំធើយស្វឹង ចែករំលែកវិធីសាស្រ្តបង្រៀន នាងខ្ញុំនឹងអនុវត្តភ្លាម ហើយមានប្រសិទ្ធភាពល្អណាស់"។
ដោយភូមិសាស្រ្តធំទូលាយ មានទីតាំងសាលារៀនច្រើនជាឧត្តមភាពមួយរបស់ស្រុកកើ-ដ នៅពេលចលនាសិស្សចូលរៀន។ ប៉ុន្តែនៅពេលថ្មីៗនេះ ចំនួនសិស្សពីមួយថ្ងៃទៅមួយថ្ងៃកាន់តែតិចទៅៗ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បានរីកចម្រើន ម្ល៉ោះហើយអាណាព្យាបាលសិស្សមាននិន្នាការឲ្យកូនទៅរៀននៅតាមសាលាមជ្ឈមណ្ឌលស្រុក។ អ្នកគ្រូ ត្រឹងមិញធឺ នាយិកាសាលាមត្តេយ្យទីប្រជុំជនកើ-ដ ឲ្យដឹង៖ "យើងខ្ញុំយល់ច្បាស់ពីចិត្តគំនិតរបស់អាណាព្យាបាលសិស្ស ដូច្នេះនៅតាមទីតាំងសាលាតូចៗ យើងខ្ញុំបានស្នើការិយាល័យអប់រំស្រុក កសាងសាលារៀនឲ្យបានរឹងមាំ ដើម្បីកាត់បន្ថយសម្ពាធទៅលើសាលាដទៃ។ ទន្ទឹមនឹងនោះ ចាត់គ្រូបង្រៀនដែលមានមុខជំនាញពូកែទទួលបន្ទុកថ្នាក់ទាំងនេះ។ តួយ៉ាងដូចទីតាំងសាលាថើយហ្វាB ភូមិដែលមានសិស្សខ្មែរច្រើនកុះករ សាលាបានចាត់គ្រូបង្រៀនពូកែជាជនជាតិខ្មែរចុះមកបង្រៀននៅទីនេះ។ អាស្រ័យហេតុនោះ គុណភាពរួមទូទាំងសាលាសម្រេចតាមសំណូមពរបានដាក់ចេញរួចសម្រេចភារកិច្ចជាសាលាមត្តេយ្យស្នូលរបស់ស្រុកកើ-ដផងដែរ"៕
ហាថាញ់-លីសៀ