ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវវិស្សមកាល វត្តខ្មែរនានានៅលើភូមិសាស្រ្តខេត្តសុកត្រាំង តែងរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរសម្រាប់កូនចៅខ្មែរមករៀនសូត្រ។ នេះជាទង្វើដ៏មានអត្ថន័យ រួមចំណែករក្សាវប្បធម៌ ភាសានិងអក្សរសាស្រ្តជាតិ។ ទន្ទឹមនឹងនោះ គឺជាឱកាសដើម្បីសិស្សតំបន់ជនបទមានកន្លែងកម្សាន្តប្រកបដោយអត្ថន័យ។
ថ្នាក់បង្រៀនអក្សរខ្មែរនៅវត្តទាក់ទាញកូនចៅខ្មែរមករៀន កុះករ។
ចាប់ពីម៉ោង១ដល់ម៉ោង៥រសៀលជារៀងរាល់ថ្ងៃ នៅក្នុងវត្តជ្រោយទឹមកណ្តាល ឃុំដាយតឹម ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង តែងឮសូរសំឡេង កុមារអានអក្សរខ្មែរទ្រហឹងអឹងកង។ ឆ្នាំនេះ វត្តបើកបាន២ថ្នាក់ គឺប្រជាសិក្សាថ្នាក់ទី១និងទី២ ដោយមានប្អូនៗមករៀនជាង១៦០នាក់។ ព្រះតេជព្រះគុណយ័ញថាញ់យុង ព្រះចៅអធិការវត្តចូលបង្រៀនប្អូនៗ ព្រះអង្គមានថេរដីកា៖ "បច្ចុប្បន្ន អាត្មាភាពកំពុងបង្រៀនថ្នាក់ទី១និងទី២ ដោយមានប្អូនៗ មករៀនជាង១៦០នាក់ ដើម្បីជួយឲ្យកូនចៅខ្មែរចេះ អានចេះសរសេរអក្សរសាស្រ្តជាតិខ្លួន"។ ក្រៅពីនោះ ពីម៉ោង៦ដល់ ម៉ោង៧យប់ វត្តថែមទាំងបានជួលគ្រូមកបង្ហាត់របាំខ្មែរដល់ប្អូនៗទៀតផង។ ប្អូនថាច់ធីលិនដានី ឲ្យដឹង៖ "នេះជាឆ្នាំដំបូងប្អូនរៀនអក្សរខ្មែរ ដោយបានព្រះចៅអធិការវត្តបង្រៀនដោយហ្មត់ចត់។ ពេលវាយរគាំងចូលរៀន ដំបូងសូធ្យធម៌នមស្ការ បន្ទាប់មកសូធ្យមេរៀនស្រះនិងព្យញ្ជនៈ ហើយមុនចេញរៀនក៏សូធ្យធម៌នមស្ការនិងសូធ្យស្រះព្យញ្ជនៈសាឡើងវិញ ហេតុនោះមានការចងចាំមេរៀនបានល្អ។ ទើបតែរៀនបានជាងមួយខែ ប្អូនចាំធម៌នមស្ការព្រមទាំងស្រះនិងព្យញ្ជនៈទាំងអស់។ ក្រៅពីរៀនអក្សរ ប្អូនថែមទាំងបានរៀនរបាំទៀត ដូច៖ រាំវង់ សារវ៉ាន់ ឡាំលាវជាដើម ហេតុនោះ ប្អូនចូលចិត្តណាស់។ ពិសេសក្រោយពីបញ្ចប់វគ្គសិក្សាបើរៀនពូកែនឹងបានទទួលរង្វាន់ជាច្រើនដូច៖ សៀវភៅ ប៊ិច កន្សែង កង់ជាដើម ហេតុនោះប្អូនខិតខំរៀនឲ្យបានពូកែ ដើម្បីទទួលបានរង្វាន់"។
មិនត្រឹមតែនៅវត្តជ្រោយទឹមកណ្តាលប៉ុណ្ណោះទេ នៅវត្តឃ្លាំងក៏បើកថ្នាក់បង្រៀនអក្សរខ្មែរដែរមានប្អូនៗជាង៦០នាក់មករៀន។ ព្រះសង្ឃដែលចូលថ្នាក់បង្រៀនសុទ្ធតែយល់ដឹងអក្សរខ្មែរជ្រៅជ្រះ ហេតុនោះ ថ្នាក់រៀនតែងមានភាពពុះពោរនិងផ្លាស់ថ្មីក្នុងការបង្ហាត់បង្រៀនជានិច្ច រីឯគុណភាពក្នុងការបង្ហាត់បង្រៀនមានភាពល្អប្រសើរហេតុនោះទាក់ទាញប្អូនៗមករៀនយ៉ាងកុះករ។ បងស្រីតាំងធីញ៉ឹកពឿង នាំកូនពីរនាក់មករៀនអក្សរខ្មែរនៅវត្តឃ្លាំងឲ្យដឹង៖ "កូនខ្ញុំមករៀននៅវត្តចេះអានចេះសរសេរអក្សរសាស្រ្តជាតិ ព្រមទាំងមានមិត្តភក្តិលេងសប្បាយក្នុងរដូវវិស្សមកាលផង។ ឥឡូវទើបរៀនបានជាងមួយខែ ប៉ុន្តែកូនៗរបស់ខ្ញុំចេះ អានចេះសរសេរអក្សរខ្មែរ"។
ព្រះឧបជ្ឈាយ៍តាំងណោ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង មានថេរដីកា៖ ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវវិស្សមកាល សមាគមតែងជំរុញទឹកព្រះទ័យដល់វត្តនានា បើកថ្នាក់បង្រៀនអក្សរខ្មែរ។ ឆ្នាំ២០១៥ កូនចៅខ្មែរមករៀនអក្សរខ្មែរជិត៨.៨០០នាក់ ហើយឆ្នាំនេះ កើនឡើងជិត១០.០០០នាក់។ ប្រការនេះ សឲ្យឃើញថា ភាសាអក្សរសាស្រ្តជាតិ វប្បធម៌ប្រពៃណីបានយុវវ័យក្មេងជំនាន់ក្រោយអភិរក្សនិងពង្រីកជាបន្ត៕
លីធាន-វិមាន