ក្រោយរយៈពេលច្រើនឆ្នាំអនុវត្តគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ ឃុំអាងថាញណាម ស្រុកកូវឡៅយ៉ុង ខេត្តសុកត្រាំង មានជំហានរីកចម្រើនបង្គួរ។ ជីវភាពរបស់ជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែបានលើកស្ទួយ ប្រព័ន្ធគមនាគមន៍ជនបទមានភាពសុក្រឹតជាបណ្តើរៗ។ល។
អាស្រ័យបានរដ្ឋជំនួយសង់ផ្ទះ ឧបត្ថម្ភដើមទុន ពូជសត្វចិញ្ចឹម ម្ល៉ោះហើយគ្រួសារបងថាច់ហោងនៅភូមិវ៉ថាញវាំុង ឃុំអាងថាញណាម លំនឹងចិត្តធ្វើការរកស៊ីដើម្បីចាកផុតពី ភាពក្រីក្រ។
តាមប្រសាសន៍របស់លោកង្វៀនឡុកបាំងស្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអាងថាញណាម ឲ្យដឹង៖ ពីមុននេះ ប្រជាជនភាគច្រើនគឺធ្វើដំណើរទៅមកដោយទូក ដាំអំពៅ១រដូវ/ឆ្នាំ ម្ល៉ោះហើយជីវភាពនៅជួបលំបាក។ ប៉ុន្មានឆ្នាំជិតៗនេះ អាស្រ័យរដ្ឋបានវិនិយោគទុនតាមគោលនយោបាយជនជាតិ មានដូច៖ កម្មវិធី១៣៥ គម្រោងស្ថិរនិវេសន៍ ស្ថិរវប្បកម្ម គម្រោងចិញ្ចឹមគោ។ល។ បានជាសព្វថ្ងៃផ្លូវគមនាគមន៍ជនបទ ធារាសាស្រ្តត្រូវបានកសាងសុក្រឹតបង្គួរ ឆ្លើយតបតម្រូវការផលិតកម្មនិងធ្វើដំណើរទៅមករបស់ប្រជាជន។ ខណៈពេលអនុវត្តគ្រោងការ បង្វែររចនាសម្ព័ន្ធកសិកម្មតាមទិសដៅអភិវឌ្ឍលើគ្រប់វិស័យ ក្រៅពីដាំអំពៅ ប្រជាជនពង្រីកតំបន់ចិញ្ចឹមបង្កង ចិញ្ចឹមគោ ដាំដំណាំរួមផ្សំ។ល។ ជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកស្ទួយ។ ជាពិសេសគម្រោងស្ថិរនិវេសន៍ ស្ថិរវប្បកម្ម ឃុំត្រូវបានរដ្ឋវិនិយោគទុនជាង១០ពាន់លានដុង សម្រាប់សាងសង់ផ្ទះ៥០ខ្នងជូនគ្រួសារមាមីងខ្មែរក្រីក្រ។ មកទល់សព្វថ្ងៃ គម្រោងបានអនុវត្តសម្រេចរួចរាល់ មាមីងមានផ្ទះនៅស្រួលបួល។ បងថាច់ហោង នៅភូមិវ៉ថាញ់វាំុង ឲ្យដឹង៖ "ពីមុននេះ គ្រួសារខ្ញុំនៅផ្ទះស្លឹកហើយបានរដ្ឋអំណាចពិនិត្យសង់ជូនផ្ទះមេត្តាធម៌១ខ្នង ខ្ញុំត្រេកអរខ្លាំងណាស់។ កាលពីឆ្នាំទៅមិញ ខ្ញុំបានរដ្ឋផ្ដល់គោនិងឧបត្ថម្ភបុលទុន៣០លានដុងសម្រាប់ធ្វើដើមទុនរកស៊ី។ សព្វថ្ងៃ ខ្ញុំមានផ្ទះរស់នៅស្រួលបួល និងមានដើមទុនសម្រាប់ដាំអំពៅ៣កុង ចិញ្ចឹមគោឆ្លៀតពេលទំនេរពីការងារ ពីរនាក់ប្តីប្រពន្ធខ្ញុំទៅធ្វើការឈ្នួលក្នុងភូមិភាគរកប្រាក់ចំណូលបន្ថែមនិងប្រឹងប្រែងធ្វើការងាររកស៊ីដើម្បីចាកផុតពីភាពក្រីក្រ"។
ចំណែកលោកហាវាំុងលុង លេខាសាខាបក្សភូមិវ៉ថាញវាំុង ឲ្យដឹង៖ "រយៈពេល៥ឆ្នាំមកអាយក្នុងភូមិមានការរីកចម្រើនបង្គួរ ផ្លូវថ្នល់ត្រូវបានចាក់បេតុង សាលារៀន ដំណាក់សុខាភិបាលត្រូវបានកសាងសមរម្យ; អគ្គិសនីត្រូវបានអន្ទងដល់ផ្ទះប្រជាជន។ រីឯគ្រួសារមាមីងខ្មែរក្រីក្រ ត្រូវបានរដ្ឋផ្ដល់ជូនផ្ទះ ដីផលិតកម្ម ឧបត្ថម្ភដើមទុនពូជដំណាំ សត្វចិញ្ចឹម។ល។ ម្ល៉ោះហើយ នរណាក៏តែងតែខិតខំធ្វើការរកស៊ី។ ជាពិសេស មាមីងមិនរួញរាក្នុងការបង្វែរពីដាំអំពៅមកដាំដំណាំរួមផ្សំចិញ្ចឹមគោ។ល។ ដើម្បីបង្កើនប្រាក់ចំណូលចាកផុតពីភាពក្រីក្រ"។
តាមប្រសាសន៍របស់លោកង្វៀនឡុកបាំងស្វឹង ឲ្យដឹង៖ រយៈពេលខាងមុខ ផ្ដើមពីប្រភពទុនឧបត្ថម្ភរបស់រដ្ឋ ឃុំនឹងផ្ដុំកម្លាំងកសាងផ្លូវគមនាគមន៍ជនបទ បង្វែររចនាសម្ព័ន្ធកសិកម្មតាមទិសដៅគ្រប់វិស័យ។ ទន្ទឹមនឹងនោះ ឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹមដល់គ្រួសារក្រីក្រ ពិនិត្យឲ្យបុលទុនអាទិភាព។ល។ សម្រាប់មាមីងអភិវឌ្ឍសេដ្ឋកិច្ចបង្កើនប្រាក់ចំណូល ៕
យ្វីអាញ់ - សេរី