ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិជ្ជា ទើបនឹងរៀបចំជួបអ្នកច្នៃបង្កើតមិនជំនាញគំរូទាំងឡាយឆ្នាំ២០១៥។ នេះជាសកម្មភាពមួយឋិតក្នុងចង្កោមនៃព្រឹត្តិការណ៍ទាំងឡាយ ត្រូវបានរៀបចំឡើងស្របក្នុងឱកាសអនុស្សាវរីយ៍ទិវាវិទ្យាសាស្រ្តនិងបច្ចេកវិជ្ជាវៀតណាម ១៨ ឧសភា។ ចូលរួមក្នុងពិធីជំនួបមុខ មាននាយករដ្ឋមន្រ្តី ង្វៀនតឹងយ៉ុង និងឧបនាយករដ្ឋមន្រ្តី វ៉ូឌឹកដាម។
នាយករដ្ឋមន្រ្តី ង្វៀនតឹងយ៉ុង ជួបសំណេះសំណាល ជាមួយនឹងអ្នកច្នៃបង្កើតមិនជំនាញគំរូទាំងឡាយ ឆ្នាំ២០១៥។
ការរៀបចំពិធីជំនួបមុខ មិនត្រឹមតែសំដៅលើកកម្ពស់បញ្ញានិងសមត្ថភាពច្នៃប្រតិដ្ឋ ជំរុញទឹកចិត្តនិងគាំទ្រការផ្ដួលចិត្តពលកម្ម ច្នៃប្រតិដ្ឋក្នុងប្រជាជនគ្រប់ជាន់ស្រទាប់ប៉ុណ្ណោះទេ នៅទាំងសម្ដែងឲ្យឃើញនូវការយកចិត្តទុកដាក់យ៉ាងសំខាន់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ទៅលើវិទ្យាសាស្រ្តនិងបច្ចេកវិជ្ជានិយាយរួម សកម្មភាពច្នៃប្រតិដ្ឋរបស់ប្រជាជននិយាយដោយឡែក ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។
អ្នកច្នៃបង្កើតមិនជំនាញទាំងឡាយចូលរួមក្នុងពិធីនេះ គឺសុទ្ធតែជាគំរូ ឆ្នើមតំណាងឲ្យបញ្ញវន្ត និងកម្លាំងច្នៃប្រតិដ្ឋរបស់ប្រជាជនទូទាំងប្រទេសជាម្ចាស់សំណង់ច្នៃបង្កើតជិត៩០ ដែលមានផលប្រយោជន៍ជាក់ស្ដែង។ កម្លាំងធនធានមនុស្សទាំងនេះ បានរួមចំណែកជូនសង្គមនូវផលិតផលដែលមានតម្លៃជាច្រើន ចាប់ពីសម្ភារៈ ម៉ាស៊ីនបម្រើការផលិតកសិកម្ម (ម៉ាស៊ីនពង្រោះជួរ ម៉ាស៊ីនច្រូតនិងបោក ម៉ាស៊ីនបោកស្រូវ ។ ល។) រហូតដល់ផលិតផលទាំងឡាយដែលមានរចនាសម្ព័ន្ធស្មុគស្មាញ អាចនឹងប្រើប្រាស់ក្នុងវិស័យសំខាន់ៗ មានដូចម៉ាស៊ីលើកដាក់ជាដើម ។ មានផលិតផលជាច្រើនក្នុងចំណោមនោះ ត្រូវបានផ្ដល់ជូនអាជ្ញាបណ្ណ ច្នៃបង្កើតវិធានការមានប្រយោជន៍ ទ្រង់ទ្រាយឧស្សាហកម្ម។
មានប្រសាសន៍ក្នុងពិធីនេះ ជំនួសមុខឲ្យរដ្ឋាភិបាល នាយករដ្ឋមន្រ្តី ង្វៀនតឹងយ៉ុង បានលើកសរសើរ និងជូនពរអ្នកច្នៃបង្កើតមិនជំនាញទាំង ឡាយ - ដែលជាអ្នកតំណាងដល់កម្លាំងច្នៃប្រតិដ្ឋរបស់ប្រជាជនវៀតណាម បានពលកម្មយ៉ាងស្ងៀមស្ងាត់ អំណត់ព្យាយាមតាមគោលបំណង មានប្រាថ្នាសិក្សាស្រាវជ្រាវច្នៃប្រតិដ្ឋ ដើម្បីរួមចំណែកស្នាដៃដ៏មានតម្លៃជូនសហគមន៍និងសង្គម។ នាយករដ្ឋមន្រ្តី បានផ្ញើវាចាជូនពរសួរសុខទុក្ខយ៉ាងកក់ក្ដៅដល់អ្នកវិទ្យាសាស្រ្ត កម្មាភិបាលវិទ្យាសាស្រ្តទូទាំងប្រទេសស្របក្នុងឱកាសទិវាវិទ្យាសាស្រ្តនិងបច្ចេកវិជ្ជាវៀតណាម ៕
យោងប្រភពៈ Chinhphu.vn បកប្រែៈ ថាច់សេរី