រយៈពេលកន្លង ជនរួមជាតិខ្មែរនៅភូមិតូទ្រុង ឃុំណូយតូ ស្រុកទ្រីតូង ខេត្តអាងយ៉ាង បានបរិច្ចាគដី រួមវិគាគទានជាប្រាក់ កម្លាំងពលកម្ម ដើម្បីកសាងផ្លូវគមនាគមន៍ជនបទ រួមចំណែកធ្វើឲ្យមុខមាត់ជនបទ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពប្រសើរ។
មាមីងខ្មែរភូមិតូទ្រុងផ្តុំកម្លាំងកសាងផ្លូវគមនាគមន៍ជនបទ។
ការកសាងកំណាត់ផ្លូវប្រវែងជិត១.៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ ចំណុះភូមិតូទ្រុង ឃុំណុយតូ គឺជាការប្តេជ្ញាចិត្តរបស់មាមីងនៅទីនេះ ម៉្លោះហើយពេលចលនាធ្វើផ្លូវ មានគ្រួសារប្រជាជន២៣គ្រួសារស្ម័គ្រចិត្តបរិច្ចាគដី និងមានគ្រួសារជាច្រើនរួមវិភាគទានប្រាក់សរុបជិត៥០០លានដុង និងកម្លាំងពលកម្មរាប់រយថ្ងៃដើម្បីជួយធ្វើផ្លូវ។ ដងផ្លូវនេះពីមុនគឺជាភ្លឺ ស្រែសម្រាប់តែថ្មើរជើងប៉ុណ្ណោះ។ រដូវភ្លៀងម្តងៗភក់ជ្រាំ ធ្វើដំណើរទៅមកមានការលំបាក។ មាមីងយល់ឃើញថា បើសិនជាមានផ្លូវគមនាគមន៍ ការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលរបស់មាមីងនឹងមាន ភាពងាយស្រួលជាង ផ្តើមពីនោះ ទើបការចលនាមាមីងទទួលបានងាយស្រួល មាមីងមានដីដែលផ្លូវកាត់ត្រង់ក៏ស្ម័គ្រចិត្តបរិច្ចាគដីដោយក្ដីរីករាយ។ លោកចៅខន លេខាសាខាបក្សភូមិ និងជាប្រធានភូមិតូទ្រុង ឃុំណូយតូ ឲ្យដឹង៖ ភូមិតូទ្រុងមានគ្រួសារប្រជាជនជាង៤០០គ្រួសារ ភាគច្រើនគឺគ្រួសារជនរួមជាតិខ្មែរ។ មាមីងរស់នៅទីនេះ សំខាន់គឺប្រកបរបរកសិកម្ម ពេលចលនាធ្វើផ្លូវគមនាគមន៍ជនបទ មាមីងគាំទ្រយ៉ាងពេញទំហឹង អ្នកខ្លះមានដីបរិច្ចាគដី អ្នកខ្លះរួមវិភាគទានប្រាក់និងកម្លាំង ពលកម្ម ពុំនោះសោត ក៏មានអ្នកដំណើររួមវិភាគទានប្រាក់នំនែក ភេសជ្ជៈផងដែរ។ រដ្ឋអំណាចឃុំបានយកចិត្តទុកដាក់ឧបត្ថម្ភថវិកាបន្ថែម ។ ប្រការទាំងនេះ បង្ហាញពីភាពសាមគ្គី រួមគ្នាកសាងជនបទថ្មី...។
គំរូនាំមុខក្នុងការបរិច្ចាគដីធ្វើផ្លូវ លោកចៅហាយ បង្កើតបាននូវទំនុកចិត្តចំពោះមាមីងជិតខាង។ ផ្តើមពីនោះ លោករួមជាមួយនឹងរដ្ឋអំណាចភូមិភាគផ្សព្វផ្សាយ ចលនា និងទទួលបានការស្របចិត្តស្របគំនិតពីសំណាក់មាមីងក្នុងភូមិស្ម័គ្រចិត្តបរិច្ចាគដីធ្វើផ្លូវ។ លោកចៅហាយ ឲ្យដឹង ដោយក្តីរីករាយ៖ ខ្ញុំមានចិត្តសប្បាយរីករាយគ្មានអ្វីប្រៀបស្មើបានចំពោះការបរិច្ចាគដីធ្វើផ្លូវសម្រាប់ធ្វើដំណើរទៅមកនេះ ពិសេសគឺជួយឲ្យមាមីងកសិករងាយស្រួលក្នុងពលកម្មផលិត។ មិនចំពោះតែគ្រួសារខ្ញុំប៉ុណ្ណោះទេ មានគ្រួសារជាច្រើនសម្រេចចិត្តបរិច្ចាគដីម្នាក់បន្តិចៗ ដើម្បីនាំមកនូវប្រយោជន៍រួមដល់សហគមន៍និងសង្គម។ នៅមានបក្ខជន កម្មាភិបាលភូមិភាគជាច្រើនរូប ក៏បានរួមចំណែកយ៉ាងសកម្មក្នុងការធ្វើផ្លូវផងដែរ តួយ៉ាងដូចលោកចៅហឹម ប្រធាននគរបាលឃុំណូយតូ ឲ្យដឹង៖ ពិតមែនតែផ្ទះខ្ញុំមិនធ្វើដំណើរតាមផ្លូវនោះក៏ដោយ ប៉ុន្តែខ្ញុំនៅតែរួមវិភាគទានសម្ភារៈនិងកម្លាំងពលកម្មដើម្បីធ្វើផ្លូវ។ ពីព្រោះកាលបើមានផ្លូវធេី្វដំណើរទៅមកងាយស្រួល មិនចំពោះតែគ្រួសារបរិច្ចាគដីប៉ុណ្ណោះទេ មាមីងក្នុងភូមិស្រុកនិងនៅភូមិជិតខាងក៏បានទទួលផលទាំងអស់គ្នា។ លោកចៅហឹម ឲ្យដឹងបន្ថែម៖ "កន្លែងណាមានការត្រូវការជួយយើងខ្ញុំមានវត្តមាន ពីព្រោះដោយយល់ឃើញថាយើងខ្ញុំជានគរបាលរបស់ប្រជាជនធ្វើការបម្រើប្រជាជន។ មាមីងនៅទីនេះស្របចិត្តស្របគំនិត ផ្តុំកម្លាំងនិងរីករាយក្នុងការធ្វើផ្លូវ ដើម្បីបម្រើដល់ការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលប្រកបដោយភាពងាយស្រួល"៕
កែវសម្ផស្ស-មុនី