រង្វាន់ជើងឯកបាញ់ធ្នូវ័យក្មេងទូទាំងប្រទេសឆ្នាំ២០១៥ បានរៀបចំឡើងនៅខេត្តសុកត្រាំង បន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងឡាយ ជាអ្នកចូលចិត្តកីឡាបាញ់ធ្នូ។
គណៈកម្មការរៀបចំជូនរង្វាន់ចំពោះបុគ្គលសម្រេចស្នាដៃខ្ពស់។
រង្វាន់ជើងឯកបាញ់ធ្នូវ័យក្មេងទូទាំងប្រទេសឆ្នាំ២០១៥ អាស្រ័យដោយ អគ្គនាយកដ្ឋានកីឡាអប់រំកាយ និងសម្ព័ន្ធបាញ់ធ្នូវៀតណាម សហការជាមួយនឹងមន្ទីរវប្បធម៌កីឡា និងទេសចរណ៍ខេត្តសុកត្រាំងរៀបចំឡើង ។ រង្វាន់លើកនេះមាន១៩អង្គភាព ដោយមានកីឡាករ-ការិនីចូលរួមប្រ កួតជាង១១០នាក់។ ម្យ៉ាងទៀត កីឡាករ-ការនីទាំងឡាយដណ្ដើមរង្វាន់ មេដាយជាមួយនឹងការប្រកួតបាញ់ធ្នូខ្សែមួយ ធ្នូខ្សែ៣ ផ្នែកបុរស ផ្នែកនារីចម្ងាយ៣០ម៉ែត្រ ៥០ម៉ែត្រ ៦០ម៉ែត្រ ៧០ម៉ែត្រ ៩០ម៉ែត្រ ទោលនិង ពហុកោសល្យ។ នេះគឺជាការប្រកួតប្រជែងប្រកបដោយលក្ខណៈទូទាំងប្រទេស ម្ល៉ោះហើយកីឡាករ-ការិនីចូលរួមប្រកួតដណ្តើមរង្វាន់ស្ទើរតែទាំងអស់ សុទ្ធសឹងបានបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ និងស្ទាត់ជំនាញ ។ ក្រុមខេត្តដាក់ឡាក់ លើកដំបូងចូលរួមប្រកួតរង្វាន់វ័យក្មេង ដណ្តើម បានមេដាយមាស១គ្រឿង មេដាយសំរឹទ្ធិ៥គ្រឿងមេដាយស្ពាន់១គ្រឿង ធ្វើឲ្យអង្គភាពនេះទទួលបានចំណាត់ថ្នាក់ទី៤សម្រាប់ទូទាំងក្រុម។ កីឡាការិនីបាញ់ធ្នូ ង្វៀនធីវ៉ឹងហឿង ដណ្តើមបានមេដាយមាស បាញ់ធ្នូ ខ្សែមួយចម្ងាយ៦០ម៉ែត្រ ក្រុមខេត្តដាក់ឡាក់ ឲ្យដឹង៖ "នៅពេលហាត់បាញ់មានការលំបាកណាស់ ម្ល៉ោះហើយពេលដណ្តើមបានមេដាយមាស នាងខ្ញុំមានការត្រេកអរយ៉ាងខ្លាំង"។ ក្រុមហាណូយ ត្រូវបានចាត់ ទុកជាអង្គភាពខ្លាំងពូកែបំផុតក្នុងការប្រកួតលើកនេះ កីឡាករ-ការិនីម្នាក់ៗ សុទ្ធសឹងមានបច្ចេកទេសក្នុងការបាញ់។ តាមការវាយតម្លៃរបស់អាជ្ញាកណ្តាលគ្រប់រូបក្រុមហាណូយ ត្រូវបានចាត់ទុកជាអង្គភាពបានបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ ទើបកីឡាករ-ការិនីទាំងនេះ មានថ្វីដៃបាញ់ធ្នូបានល្អ។ កីឡាករបាញ់ធ្នូ ង្វៀនវុាំងយ្វី អ្នកដណ្តើមបានមេដាយមាសច្រើនជាងគេជូនក្រុមហាណូយ មានមោទនភាព៖ "នេះគឺជាការប្រកួតប្រមូលផ្តុំសុទ្ធតែកីឡាករ-ការិនីបាញ់ធ្នូមានបច្ចេកទេសខ្ពស់ មាន សមត្ថភាពប្រកួតបានល្អ ម្ល៉ោះហើយរាល់ការប្រកួតតែងមានភាពពុះពោរ។ ដោយសារមានបទពិសោធន៍ក្នុងការប្រកួត ហើយបានបណ្តុះបណ្តាលហ្មត់ចត់ ទើបខ្ញុំទទួលបានជោគជ័យទាំងស្មារតី ទាំងបច្ចេកទេស ទៅលើដៃគូប្រកួតខេត្តវិញឡុង"។ លទ្ធផលក្រោយពីរយៈពេលប្រកួតអស់៦ថ្ងៃ ក្រុមហាណូយ ដណ្តើមបានលេខ១ទូទាំងក្រុម ដោយមានមេដាយមាស១៤គ្រឿង មេដាយសំរឹទ្ធិ១២គ្រឿង មេដាយស្ពាន់១២ គ្រឿង។ ក្រុមខេត្តវិញឡុងលេខពីរ ដោយមានមេដាយមាស៩គ្រឿង មេដាយសំរឹទ្ធិ៨គ្រឿង មេដាយស្ពាន់៤គ្រឿង។ រង្វាន់លេខបីសម្រាប់ទូទាំងក្រុមបានទៅលើអង្គភាពខេត្តត្រាវិញ ដោយបានមេដាយមាស២គ្រឿង មេដាយសំរឹទ្ធិ១គ្រឿងនិងមេដាយស្ពាន់២គ្រឿង។
លោកប៊ូយត្រឿងយ៉ាង ទទួលបន្ទុកវិញ្ញាសាកីឡាបាញ់ធ្នូ អគ្គនាយកដ្ឋានកីឡាអប់រំកាយ វាយតម្លៃ៖ "ពានរង្វាន់ជើងឯកបាញ់ធ្នូវ័យក្មេងទូទាំងប្រទេសឆ្នាំនេះ មានទ្រង់ទ្រាយធំបំផុតតាំងពីមុនមក។ ជាពិសេស ខេត្តសុកត្រាំងបានផ្តល់នូវក្តីសង្ឃឹមចំពោះទស្សនិកជនទាំងឡាយនៅ ពេលរៀបចំការប្រកួតទទួលបានជោគជ័យទាំងស្រុង។ នេះគឺជាការប្រកួតតាមលក្ខឋានអន្តរជាតិប្រកបដោយគុណភាព មុខជំនាញខ្ពស់មាន ឯតទគ្គកម្មថ្មីៗជាច្រើនលេចធ្លោឡើង។ កីឡាករ-ការិនីស្ទើរតែទាំងអស់ តែងមានសមត្ថភាពប្រកួតបានល្អ ធ្វើឲ្យការប្រកួតមានភាពពុះពោរគួរជាទីចាប់អារម្មណ៍។ ពិសេសគឺការប្រកួតលើកនេះ បានបំបែកឯតទគ្គៈ ថ្នាក់ជាតិវ័យក្មេងចំនួន៩។ ប្រការគួរឲ្យកត់សម្គាល់ គឺដណ្ដើមរង្វាន់ឆ្នាំ នេះ មានវត្តមានរបស់កីឡាករ-ការិនីវ័យក្មេងជាច្រើនពោរពេញទៅដោយក្តីសង្ឃឹម បង្កលក្ខណសម្បត្តិសម្រាប់អ្នកជំនាញការជ្រើសរើសកងជួរបំពេញបន្ថែមចូលក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមបម្រុងចូលរួមរង្វាន់ប្រកួតបាញ់ធ្នូ ជាលក្ខណៈអន្តរជាតិនាពេលខាងមុខនៅប្រទេសថៃ"៕
យ្វីអាញ់-លីសៀ