ច្រើនឆ្នាំកន្លង ក្រោយពីបានវិនិយោគទុនកសាងមូលដ្ឋានសម្ភារៈនិង បរិក្ខារសុខាភិបាលបានគ្រប់សព្វ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៃដំណាក់សុខាភិបាលឃុំហ្វាអឹង ស្រុកកូវកែ ខេត្តត្រាវិញ អនុវត្តបានល្អនូវការថែទាំសុខភាពជូនប្រជាជននិងបង្ការរោគរាលដាលនៅភូមិភាគ។
វេជ្ជបណ្ឌិត ដងវុាំងមើយហាយ ប្រធានដំណាក់សុខាភិបាលឃុំហ្វាអឹង កំពុងពិនិត្យជំងឺឲ្យកុមារ។
ឃុំហ្វាអឹង មានជនរួមជាតិខ្មែររស់នៅប្រមាណ៦៥%។ ពីមុនដោយសារ ជីវភាពនៅជួបការលំបាកច្រើន បានជាប្រជាជនមិនសូវយកចិត្តទុកដាក់ដល់ការថែទាំសុខភាពផ្ទាល់ខ្លួននិងគ្រួសារ។ ប៉ុន្មានឆ្នាំមកអាយនេះ ដោយបានការយកចិត្តទុកដាក់គិតគូររបស់បក្ស រដ្ឋ ទើបជីវភាព ប្រជាជននៅទីនេះត្រូវបានលើកស្ទួយ។ ផ្តើមពីនោះ ការយល់ដឹងរបស់មាមីងក្នុងការថែទាំសុខភាព និងបង្ការរោគរាលដាលក៏បានផ្លាស់ប្តូរយ៉ាងសកម្មដែរ។ វេជ្ជបណ្ឌិតដងវុាំងមើយហាយ ប្រធានដំណាក់សុខាភិបាលឃុំហ្វាអឹង ឲ្យដឹង ៖ "ហ្វាអឹងជាឃុំតំបន់ជនបទឆ្ងាយដាច់ស្រយាលជីវភាពប្រជាជននៅជួបការលំបាកច្រើន។ ចាប់ពីដំណាក់សុខាភិបាលឃុំសម្រេចបទដ្ឋានជាតិ ឃើញថាអនុវត្តបានល្អជាងនូវការថែទាំសុខភាពជូនប្រជាជន ពិសេសគឺចំពោះអ្នកទ័លក្រ"។
បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំហ្វាអឹង មានកម្មាភិបាលពេទ្យ៦រូប ក្នុងនោះ វេជ្ជបណ្ឌិត១រូប គ្រូពេទ្យ២រូប ឧបដ្ឋាក១រូប ឆ្មប១រូប និងឱសថការី១រូប។ នៅភូមិទាំង៦របស់ឃុំសុទ្ធតែមានសហការីសុខាភិបាល ដើម្បីសហការជាមួយនឹងកម្មាភិបាលដំណាក់សុខាភិបាល អនុវត្តនូវកម្មវិធី ទិសដៅសុខាភិបាលជាតិ។ មានកងជួរកម្មាភិបាលពេទ្យអស់ពីចិត្តពី ថ្លើមក្នុងការថែទាំសុខភាពជូនប្រជាជន ហេតុនោះ មាមីងក្នុងឃុំមាន សេចក្តីត្រេកអរក្រៃលែង។ មីងថាច់ធីអុក នៅភូមិសំណឹង ឲ្យដឹង ៖ " ពីមុន ពេលគ្រួសារខ្ញុំមានអ្នកឈឺថ្កាត់ម្តងៗ តែងទៅមជ្ឈមណ្ឌលស្រុកពិនិត្យព្យាបាលជំងឺ ហេតុនោះបង់ខាតថវិកាច្រើន។ ឥឡូវពិនិត្យព្យាបាល ជំងឺនៅដំណាក់សុខាភិបាល បានវេជ្ជបណ្ឌិត ណែនាំហ្មត់ចត់ពីរបៀប ថែទាំសុខភាពនិងបង្ការជំងឺ ម៉្លោះហើយខ្ញុំមានការស្ងប់ចិត្តជាង។ ក្មួយៗ គ្រូពេទ្យវេជ្ជបណ្ឌិតនៅទីនេះ តែងយកចិត្តទុកដាក់ដោយអស់ពីចិត្តពីថ្លើមនិងគួរឲ្យស្រឡាញ់រាប់អាន។ ប្រជាជនក្រីក្រ ជីវភាពជួបលំបាកដូច យើងខ្ញុំបានយកចិត្តទុកដាក់ ថែទាំសុខភាពដោយមិនបង់ថវិកាដូច្នេះ យើងខ្ញុំមានសេចក្តីត្រេកអរណាស់"។ ដំណាក់សុខាភិបាលឃុំហ្វាអឹង ពិនិត្យជំងឺនិងជូនថ្នាំដល់អ្នកជំងឺមធ្យមភាគប្រមាណពី៤០ដល់៥០នាក់ ជារៀងរាល់ថ្ងៃ។ ករណីជំងឺធ្ងន់ដំណាក់សុខាភិបាលបានឧទ្ទេសនាម បញ្ជូនទៅមន្ទីរពេទ្យថ្នាក់លើដើម្បីប្រជាជនបានព្យាបាលទាន់ពេល។
វេជ្ជបណ្ឌិតដងវុាំងមើយហាយ ប្រធានដំណាក់សុខាភិបាលឃុំហ្វាអឹង ឲ្យដឹងបន្ថែម៖ អាស្រ័យបានរដ្ឋផ្តល់ជូនប័ណ្ណធានាហានិភ័យសុខាភិបាលដល់មាមីងខ្មែរ ហេតុនោះពេលឈឺថ្កាត់ម្តងៗ មាមីងតែងមកដំណាក់សុខាភិបាលពិនិត្យជំងឺ រួចយកថ្នាំផឹកព្យាបាលភ្លាម គ្មាននៅស្ថានភាពព្យាបាលឯងតាមបែបប្រជាប្រិយដូចមុនទៀត៕
សឺនម៉ាល័យ-វិមាន