អាស្រ័យខ្នះខ្នែងពលកម្ម ជីវភាពគ្រួសារបងស្រីសេីុងធីសាយ នៅភូមិទីបញឹក ឃុំវៀងអាង ស្រុកត្រឹងដេ ខេត្តសុកត្រាំងកាន់តែធូរធារឡើង។
ទម្រង់ចិញ្ចឹមគោទឹកដោះបានជួយឲ្យគ្រួសារបងស្រីសេីុងធីសាយ ធេី្វមានយា៉ងឆាប់រហ័ស។
បច្ចុប្បន្ន គ្រួសារបងស្រីសាយ រកបានប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ។ បងស្រីទើបសង់បានផ្ទះឥដ្ឋមួយខ្នងសមរម្យ។ ទម្រង់រូបភាពចិញ្ចឹមគោទឹកដោះរបស់គ្រួសារបងស្រី កំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយត្រូវបានកសិករជាច្រើនមកទស្សនារៀនសូត្រតាម។ បងស្រីសាយ ឲ្យដឹង៖ "ពេលចេញនៅដោយឡែក ពីរនាក់ប្តីប្រពន្ធខ្ញុំរស់នៅក្រោមខ្ទមតូចមួយដីផលិតកម្មក៏គ្មាន។ កាលនោះ ដោយសារតែក្រពេក បានជាប្តីខ្ញុំបែកពីខ្ញុំ ទុកកូន២នាក់ឲ្យខ្ញុំចិញ្ចឹម។ កូននៅតូចៗដូច្នេះ ការចាយវាយប្រចាំថ្ងៃមិនច្រើនប៉ុន្មានទេ សល់បានប្រាក់ខ្លះៗ ខ្ញុំក៏ទិញស្ករ ប៊ីចេងទឹកកកលក់រាយក្នុងភូមិរកប្រាក់ចំណូល។ លក់ដូរផងជួលដីធ្វើស្រែផង ដើម្បីកែលម្អជីវភាព"។ ដោយចរិតឧស្សាហ៍ព្យាយាម ចេះសន្សំសំចៃ ម្ល៉ោះហើយជាសន្សឹមៗបងស្រីទិញបានដីស្រែសម្រាប់ផលិតកម្ម។ ផ្តើមពីដីស្រែពីរបីកុង ដំបូងមកទល់ពេលនេះ បងស្រីទិញបានដីស្រែ២០កុង។
ឆ្នាំ២០១៤ ពេលអនុត្តគម្រោងលើកស្ទួយជីវភាពនៃអង្គការក្រៅរដ្ឋាភិបាល ដោយរូបភាពឧបត្ថម្ភគោចិញ្ចឹមសម្រាប់នារីខ្មែរ បងស្រីសាយត្រូវបានឧបត្ថម្ភគោមួយក្បាលនិងបានចូលរួមវគ្គហ្វឹកហាត់បច្ចេកទេស ចិញ្ចឹមគោទឹកដោះ។ បងស្រីសាយ ឲ្យដឹង៖"ដំបូងការលក់ទឹកដោះគោនៅជួបការលំបាក គ្មានអ្នកណាគេទិញទឹកដោះគោ ហេតុនោះមានបងប្អូននារីជាច្រើនឈប់ចិញ្ចឹម។ ចំណែកខ្ញុំចិញ្ចឹមគោទឹកដោះផង ចិញ្ចឹមជ្រូកមេផងពេលទឹកដោះគោគ្មានអ្នកណាទិញ ខ្ញុំយកឲ្យកូនជ្រូកបៅ។ លុះពេលមានសហករណ៍ប្រមូលទិញទឹកដោះ តម្លៃទឹកដោះគោក៏កើនខ្ពស់ ហេតុនោះខ្ញុំលក់ជ្រូកដើម្បីទិញគោមកចិញ្ចឹមបន្ថែម"។ បច្ចុប្បន្ន គ្រួសារបងស្រីមានគោទឹកដោះ១៥ក្បាល ក្នុងនោះ៧ក្បាលកំពុងផ្តល់ទឹកដោះ។
តាមការប៉ាន់ស្មានរបស់បងស្រីសាយ ក្នុងមួយថ្ងៃៗគោទាំង៧ក្បាល នោះបានផ្តល់ទឹកដោះជាង៩០គីឡូក្រាម លក់តម្លៃ១២.៥០០ដុង/គីឡូក្រាម។ ដើម្បីធានាចំណីឲ្យគោ បងស្រីដាំស្មៅដល់ទៅ១០កុង។ បងស្រីសាយ ឲ្យដឹងបន្ថែម៖ "ចិញ្ចឹមគោទឹកដោះ រកបានប្រាក់ចំណូលរាល់ថ្ងៃ ដើមទុនវិនិយោគមិនច្រើនប៉ុន្មាន តែរកបានប្រាក់ចំណេញច្រើន។បើប្រៀបធៀបនឹងធ្វើស្រែ ឃើញថាការចិញ្ចឹមគោទឹកដោះចំណេញជាង។ ពេលគោកើតកូនប្រសិនបើមិនទុកចិញ្ចឹមលក់មួយក្បាលៗតម្លៃក៏ជិត៣០លានដុងដែរ"។
បងស្រីសាយគិតគូរ៖ "បច្ចុប្បន្ន ប្រាក់ចំណូលពីការធ្វើស្រែនិងចិញ្ចឹមគោទឹកដោះរបស់គ្រួសារខ្ញុំប្រហែល៥០០លានដុង/ឆ្នាំ។ ពេលខាងមុខខ្ញុំបម្រុងនឹងបង្កើនទម្រង់រូបភាពចិញ្ចឹមគោទឹកដោះ ដូចសព្វថ្ងៃឲ្យក្លាយទៅជាកសិដ្ឋានចិញ្ចឹមគោទឹកដោះវិញ"៕
យ្វីអាន់-វិមាន