អស់រយៈពេលជាង១០ឆ្នាំផ្សាភ្ជាប់ជាមួយនឹងរបរគ្រូពេទ្យ ឡឹមផនឡា កម្មាភិបាលសុខាភិបាលឃុំវៀងអាង ស្រុកត្រឹងដេ ខេត្តសុកត្រាំង ដរាបណាក៏អស់ពីចិត្តថែទាំសុខភាពជូនអ្នកជំងឺ។ ម្យ៉ាងទៀត បងថែមទាំងខ្នះខ្នែងណែនាំប្រជាជនឲ្យយល់ច្បាស់ពីរបៀបបង្ការ និងចៀសវាងរោគរាលដាល ដើម្បីការពារសុខភាពដល់គ្រួសារនិងសហគមន៍ ។ល។
ក្រោយពីពិនិត្យជំងឺឡឹមផនឡា នូវទាំងពិគ្រោះដើម្បីអ្នកជំងឺដឹងពីរបៀបថែទាំសុខភាព ។
កំពុងផ្តល់ពិគ្រោះជូនអ្នកជំងឺកើតរោគរបេង បងឡឹមផនឡា ហាក់ដូចជាភ្លេចពេលឈប់សម្រាក ទោះបីម៉ោងជាង១១ក៏ដោយ។ សម្តីទន់ភ្លន់ វែកញែកច្បាស់លាស់ពិស្តារអំពីឥទ្ធិពលអាក្រក់និងការឆ្លងរាលដាលនៃរោគរបេង បងបញ្ចុះបញ្ចូលបានអ្នកជំងឺម្នាក់ព្រមមកព្យាបាលរោគរបេង។ ធ្វើការពិគ្រោះរួចស្រេច បងឡឹមផនឡា ឲ្យដឹង៖ "ខ្ញុំទទួលបន្ទុកការងារបង្ការបង្ក្រាបរោគរបេង ម្ល៉ោះហើយការផ្សព្វផ្សាយគឺសំខាន់ខ្លាំងណាស់ មានពេលខ្លះខ្ញុំចុះទៅដល់ផ្ទះអ្នកជំងឺច្រើនលើកច្រើនសា ដើម្បីបញ្ចុះបញ្ចូល។ ពីព្រោះឲ្យតែអ្នកជំងឺយល់ច្បាស់រួចចូលរួមសហការពិនិត្យព្យាបាលរោគ ធ្វើយ៉ាងណាដើម្បីកុំឲ្យឆ្លងទៅអ្នកដទៃ គឺខ្ញុំត្រេកអរណាស់ទៅហើយ"។
កាលពីឆ្នាំ២០០៤ ក្រោយពីរៀនបញ្ចប់វគ្គ គ្រូពេទ្យពហុវិជ្ជាតាមរបបជម្រើសតាំងនៅមន្ទីរពេទ្យ១២១ក្រុងកឹងធើ បងបានសូមចូលធ្វើការនៅដំណាក់សុខាភិបាលឃុំវៀងអាង។ នៅទីនេះ បងតែងអស់ពីចិត្តក្នុងការថែទាំសុខភាពជូនមាមីង ម្ល៉ោះហើយមាមីងតែងគោរពស្រឡាញ់បងជានិច្ច។ ពិសេស នៅពេលទទួលបន្ទុកការងារបង្ការបង្ក្រាបរោគឆ្លងរាលដាលមានដូច៖ រោគគ្រុនឈាម ពងដៃ-ជើង-មាត់ រោគរបេង។ល។ បងកាន់តែអស់ពីចិត្តបម្រើការងារជាងទៀត។ ក្រៅពីម៉ោងបម្រើការងារនៅដំណាក់សុខាភិបាលបងតែងឆ្លៀតពេលសហការជាមួយនឹងសហការីពេទ្យ ដើម្បីធ្វើការផ្សព្វផ្សាយជួយប្រជាជនយល់ច្បាស់អំពីវិធានការបង្ការបង្ក្រាបរោគឆ្លងរាលដាល។ មកទល់ពេលនេះ ស្ថានភាពរោគឆ្លងរាលដាលនៅឃុំត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់ ពិសេសគឺរោគរបេងត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័ស។ ដូចកាលពីឆ្នាំ២០០៨ ចំនួនអ្នកកើតរោគរបេងមានជាង៣០នាក់/ឆ្នាំ សព្វថ្ងៃកាត់បន្ថយនៅតែ១៤នាក់/ឆ្នាំប៉ុណ្ណោះ។ បងឌោចន្ទសេរី នៅភូមិទីបញឹក ឲ្យដឹង៖ "កាលពីមុននេះ អាស្រ័យដោយមិនយល់អំពីរោគរបេង បានជាខ្ញុំមិនបានទៅព្យាបាល ពីព្រោះយល់ឃើញថាខ្លួនខ្ញុំទើបតែអាយុ១៧ឆ្នាំ ធ្វើម្តេចនឹងកើតរោគរបេងបាន។ នៅពេលបងឡឹមផនឡា ចុះមកដល់ផ្ទះច្រើនលើកច្រើនសា ធ្វើការវែកញែកច្បាស់លាស់អំពីរោគរបេងទើបខ្ញុំយល់ច្បាស់។ នៅពេលដឹងថាជីវភាពគ្រួសារខ្ញុំក្រីក្រ មិនមានប្រាក់កាសទៅមន្ទីរពេទ្យថ្នាក់លើធ្វើកោសល្យវិច័យរោគ បងឡឹមផនឡា ថែមទាំងជំនួយសោហ៊ុយធ្វើដំណើរ ដើម្បីខ្ញុំនឹងនរចិត្តទៅមន្ទីរពេទ្យទៀតផង។ ក្រោយពីរយៈពេលព្យាបាលអស់៦ខែ មកទល់ពេលនេះ ខ្ញុំបានជាសះស្បើយ"។
មិនត្រឹមតែជាកម្មាភិបាលអស់ពីចិត្តក្នុងការផ្តល់ពិគ្រោះប៉ុណ្ណោះទេ គ្រូពេទ្យឡឹមផនឡា ថែមទាំងពិនិត្យព្យាបាលរោគជូនអ្នកជំងឺនៅនឹងដំណាក់សុខាភិបាលដោយផ្ទាល់ទៀតផង។ អ៊ំស្រីឡឹមធីយុើយ អាយុ៧៩ឆ្នាំ នៅភូមិបឹងទន្សា ទៅពិនិត្យជំងឺនៅដំណាក់សុខាភិបាលនេះ ឲ្យដឹង៖ "ក្មួយផនឡា ចិត្តល្អណាស់! នៅពេលខ្ញុំសម្ពាធឈាមខ្ពស់ម្ដងៗ មិនបានទៅកាន់ដំណាក់សុខាភិបាលពិនិត្យជំងឺ ឲ្យតែទូរស័ព្ទហៅក្មួយចុះមកដល់ផ្ទះពិនិត្យជំងឺរួចឲ្យថ្នាំផឹក។ នៅពេលទៅដំណាក់សុខាភិបាល ពិនិត្យជំងឺម្តងៗ ខ្ញុំតែងពេញចិត្តនឹងក្មួយផនឡាណាស់ ពីព្រោះក្មួយឲ្យថ្នាំផឹកឆាប់ជាសះស្បើយ និយាយស្តីរាក់ទាក់ ងាយស្តាប់ ខ្ញុំពេញចិត្តណាស់"។
"រយៈពេលកន្លង គ្រូពេទ្យឡឹមផនឡា តែងអនុវត្តសម្រេចភារកិច្ចបានល្អប្រសើរ។ ចំពោះអ្នកជំងឺ បងតែងអស់ពីចិត្តថែទាំក្នុងសហគមន៍ បងតែងបង្កបាននូវទំនុកចិត្តក្នុងប្រជាជន ជាមួយនឹងមិត្តរួមអាជីព បងអស់ពីចិត្តជួយគ្នាទៅវិញទៅមក ម្ល៉ោះហើយអ្នកណាក៏មានចិត្តស្រឡាញ់រាប់អានបងទាំងអស់។ អាស្រ័យដោយការរួមចំណែករបស់គ្រូពេទ្យឡឹមផនឡា ជាច្រើនឆ្នាំបន្តបន្ទាប់ដំណាក់សុខាភិបាលតែងសម្រេចបទដ្ឋានជាតិខាងសុខាភិបាលទាំង១០ ពិសេសគឺបទដ្ឋាន បង្ការបង្ក្រាបរោគឆ្លង រាលដាលលើភូមិសាស្រ្ត" -គ្រូពេទ្យឌិញថា ប្រធានដំណាក់សុខាភិ បាលឃុំវៀងអាង ឲ្យដឹងដូច្នេះ៕
លីធាន-លីសៀ