ដោយម្ចាស់ការជ្រើសរើសមុខដំណាំសមស្រប ហ៊ានអនុវត្តបច្ចេកទេសជឿនលឿនក្នុងការផលិតនិងយកចិត្តទុកដាក់ថែទាំដំណាំរួមផ្សំ កសិករខ្មែរជាច្រើននៅឃុំញូយ៉ា ទីក្រុងកឹងធើ លើកកម្ពស់ទិន្នផលនិងបង្កើនប្រាក់ចំណូលលំនឹងជីវភាព។

បងស្រីត្រឿងង៉ុក-ថ ប្រមូលផលម្រះ។
តាមគណៈកម្មាធិការប្រជាជនឃុំញូយ៉ា បច្ចុប្បន្ន ភូមិភាគមានផ្ទៃដីជាង ១.៣០០ ហិកតា ដាំដំណាំរួមផ្សំ ដូចជា៖ ម្រះ គូឆាយ ខ្ទឹមស្លឹក ត្រសក់ ស្ពៃ ផ្កា។ល។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការផលិត កសិករកាន់តែយកចិត្តទុកដាក់លើការជ្រើសរើសពូជ កែលម្អដី ប្រើប្រាស់គម្របកសិកម្ម និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ។ ដំណោះស្រាយទាំងនេះជួយរក្សាសំណើម បន្ថយស្មៅដុះ ប្រិតសំចៃទឹកនិងកម្លាំងពលកម្ម។ បច្ចុប្បន្ន តម្លៃដំណាំរួមផ្សំនៅតាមកន្លែងប្រមូលទិញមានការប្រែប្រួលចាប់ពី ៧.០០០ - ៣០.០០០ ដុង/គីឡូក្រាម អាស្រ័យលើបន្លែ។
ក្រោយពីរយៈពេល ៤ ឆ្នាំ ធ្វើការឈ្នួលនៅទីក្រុងហូជីមិញ ឆ្នាំ ២០១៣ ប្តីប្រពន្ធបងឌិញវ៉ាំងយីម បានវិលត្រឡប់មកភូមិស្រុកវិញ ដោយជួលដីស្រែចំនួន ១០ កុង និងដីចម្ការ ២ កុង ដើម្បីបង្កើតអាជីព។ បងខ្នះខ្នែងចូលរួមក្នុងវគ្គហ្វឹកហាត់ ម្ចាស់ការអនុវត្តបច្ចេកទេសចាប់តាំងពីការជ្រើសរើសពូជដែលមានការបញ្ជាក់ កែប្រែដី ធ្វើឱ្យមានតុល្យភាពសារធាតុចិញ្ចឹមរហូតដល់ការគ្រប់គ្រងសត្វល្អិតរាតត្បាតចម្រុះ (IPM)។ អាស្រ័យការផលិតមានប្រសិទ្ធភាព បងបន្តពង្រីកដីដំណាំរួមផ្សំចំនួន ៥ កុងទៀតដាំឆ្លាស់គ្នា មានខ្ទឹមស្លឹក គូឆាយ ស្ពៃក្តោប។ល។ បងយីម ឱ្យដឹង៖ “ផ្ទះមានតែប្តីប្រពន្ធធ្វើការ ម្ល៉ោះហើយចម្ការដំណាំខ្ញុំបានវិនិយោគ ដំឡើងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ គួបផ្សំនឹងគម្របកសិកម្ម ដើម្បីបន្ថយកម្លាំងពលកម្ម។ ដំណោះស្រាយនេះជួយគ្រប់គ្រងបានស្មៅ រក្សាសំណើមដី បន្ថយការហូរច្រោះជី និងប្រិតសំចៃលើការចំណាយ ប៉ុន្តែទិន្នផលនៅតែខ្ពស់។ អាស្រ័យហេតុនេះ រដូវកន្លង ដំណាំល្ពៅ ៥ កុងរបស់ខ្ញុំចំណេញបានជាង ៣០ លានដុង”។ ក្រៅពីការដាំដំណាំរួមផ្សំ បងក៏បានវិនិយោគទិញម៉ាស៊ីនកិនស្រូវធ្វើសេវា ដោយឆ្លៀតយកកន្ទក់ធ្វើជាចំណីសម្រាប់ចិញ្ចឹមជ្រូក ២០ ក្បាល និងគោ ៦ ក្បាលផងដែរ។ ក្រោយពីច្រើនឆ្នាំសន្សំបានពីការផលិត គ្រួសារបងបានទិញដីស្រែ ៤០ កុង ដីចម្ការ ៥ កុង និងសង់ផ្ទះបានសមរម្យ។
នៅភូមិផ្តៅពេនដូចគ្នាដែរ បងស្រី ត្រឿងង៉ុក-ថ ក៏ទទួលបានប្រាក់ចំណូលខ្ពស់ពីដីដាំដំណាំរួមផ្សំចំនួន ១,៥ កុងផងដែរ។ អាស្រ័យទៅតាមរដូវកាល បងស្រី ដាំដំណាំរួមផ្សំឆ្លាស់គ្នា ដូច៖ ម្រះ ពោត ស្ពៃផ្កា ។ល។ ក្នុងការដាំដំណាំរួមផ្សំ បងស្រីបានគួបផ្សំប្រើប្រាស់គម្របកសិកម្ម ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ និងដាក់ ជីឱ្យស្មើ ដើម្បីរក្សាសំណើម និងសារធាតុចិញ្ចឹមសម្រាប់ ដំណាំ។ ហេតុដូច្នោះ ដំណាំម្រះទទួលបានទិន្នផលខ្ពស់ លក់បានថ្លៃ ម្ល៉ោះហើយរកបានប្រាក់ចំណេញខ្ពស់គួរសម។ បងស្រី-ថ ចែករំលែក៖ “ម្រះដាំក្នុងរយៈ ពេលប្រមាណ ៤០ ថ្ងៃ គឺឈានចូលដល់ដំណាក់កាល ប្រមូលផល។ អាស្រ័យគ្រប់គ្រងសំណើមបានល្អ និង ការដាក់ជីទ្រាប់បាត និងជីបំប៉នស្មើភាគរវាងជី DAP និង NPK គួបផ្សំនឹងការបាញ់ថ្នាំបំប៉នតាមកាលកំណត់ ដំណាំលូតលាស់ល្អ អូសបន្លាយរយៈពេលប្រមូលផល ចាប់ពី ១០ ដល់ ១៥ ដង (រយៈពេលប្រមូលផលគឺ ៣ ថ្ងៃ/ម្តង)។ ជាមួយទិន្នផលជាមធ្យមសម្រេចបាន ៤០០ - ៧០០ គីឡូក្រាម/ម្តង តម្លៃលក់លំនឹងចាប់ពី ១០.០០០ - ២០.០០០ដុង/គីឡូក្រាម ម្ល៉ោះហើយ គ្រួសារក៏រកបានប្រាក់ចំណេញខ្ពស់គួរសម”។
ផ្តើមពីដាំដំណាំរួមផ្សំមានប្រសិទ្ធភាពទាំងនេះ បាន បង្ហាញឱ្យឃើញថា ការក្តាប់ច្បាស់បច្ចេកទេស ម្ចាស់ ការអនុវត្តវិទ្យាសាស្ត្រជឿនលឿន និងជ្រើសរើសមុខដំ ណាំដែលសមស្របទៅនឹងទីផ្សារ គឺជាទិសដៅជាក់ ស្តែងជួយកសិករខ្មែរនៅឃុំញូយ៉ាលើកកម្ពស់ប្រាក់ ចំណូល បន្ថយភាពក្រីក្រដោយចីរភាព និងជាជំហានៗ ធ្វើមានបានលើដីភូមិកំណើតរបស់ខ្លួន៕
យ្វីអាញ - លីសៀ