ទូក -ងបុរសវត្តព្រែកអណ្ដើកទី២និងទូក- ងនារីវត្តទំនប់បានឈ្នះពានជើងឯក
រសៀលថ្ងៃទី២៤ ខែវិច្ឆិកា នៅវេទិកាប្រណាំងទូក-ងលើដងព្រែក Maspéro នៅសង្កាត់សុកត្រាំង ទីក្រុងកឹងធើ បានចាត់តាំងពិធីបិទប្រណាំងទូក-ងទីក្រុងកឹងធើ ឆ្នាំ២០២៦ ដណ្តើមពានជ័រប៊ិញមិញ។ នេះជាព្រិត្តិការណ៍ដ៏សំខាន់មួយក្នុងពិធីបុណ្យអកអំបុក - ប្រណាំងទូក-ងទីក្រុងកឹងធើ ឆ្នាំ២០២៦ ដែលប្រព្រឹត្តឡើងក្នុងបរិយាកាសដ៏ពុះពោរ បន្សល់នូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងទឹកចិត្តប្រជាជននិងភ្ញៀវទេសចរ។
អញ្ជើញចូលរួមក្នុងពិធីបិទប្រណាំងមានសមមិត្ត៖ ដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង; ទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង; លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង; ព្រមទាំងបណ្តាសមមិត្តជាថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំទីក្រុង តំណាងមន្ទីរ គណៈ ផ្នែក អង្គការមហាជននិងភូមិភាគ។ អញ្ជើញចូលរួមក៏មានព្រះវត្តមានព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះមន្រ្តីសង្ឃក្នុងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុង ព្រះចៅអធិការនិងគណៈកម្មវត្តពុទ្ធសាសនាខ្មែរចំនួន១២០វត្តនៅលើភូមិឋានទីក្រុង និងតំណាងអង្គភាពឧបត្ថម្ភ។

ទូក -ងវត្តព្រែកអណ្ដើកទី២ (នៅឃុំញ៉ូយ៉ា) និងទូក-ងវត្តព្រែកតាគួន (នៅឃុំយាហ្វា) ប្រកួតប្រណាំងយ៉ាងស្វិតស្វាញក្នុងវគ្គផ្តាច់ព្រ័ត្រ។
បន្ទាប់ពី២ថ្ងៃប្រកួតប្រណាំងដ៏ពុះពោរ (ថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា) ការប្រកួតប្រណាំងបានទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា គាំទ្រលើកទឹកចិត្ត បង្កើតជាទិវាបុណ្យវប្បធម៌ កីឡាដិតដាមដោយអត្តសញ្ញាណជនជាតិខ្មែរណាមបូ មានការចូលរួមពីក្រុមទូក-ងបុរសចំនួន៦៧ទូក អុំប្រណាំងក្នុងចម្ងាយខ្សែទឹក ១.២០០ម៉ែត្រ និងក្រុមទូក-ងនារីចំនួន១៧ទូក អុំប្រណាំងក្នុងចម្ងាយខ្សែទឹក ១.០០០ម៉ែត្រ។
ភាពពុះពោរបំផុតបានប្រព្រឹត្តឡើងនៅពេលរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ក្នុងវគ្គផ្តាច់ព្រ័ត្ររវាងទូក -ងវត្តព្រែកអណ្ដើកទី២ (នៅឃុំញ៉ូយ៉ា) និងទូក-ងវត្តព្រែកតាគួន (នៅឃុំយាហ្វា) មានការទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ នេះក៏ជាការប្រណាំងជួបឡើងវិញ ក្រោយពីបានជួបក្នុងវគ្គ៨ក្រុមចុងក្រោយនៃរដូវកាលប្រណាំងឆ្នាំ២០២៥ ដែលជ័យជម្នះពេលនោះបានទៅលើទូក-ងវត្តព្រែកអណ្ដើកទី២។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង និងលោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជូនរង្វាន់ដល់ក្រុមទូក-ងបុរសដែលទទួលបានជ័យលាភីខ្ពស់។
ពេលសញ្ញាប្រកួតចាប់ផ្តើម ទូកទាំងពីរបោះពួយយ៉ាងរហ័សដូចជ្រែកទឹក ប្រកៀកប្រកិតគ្នាយ៉ាងស្វិតស្វាញ លើខ្សែទឹក។ សំឡេងកញ្ចែបង្កើនល្បឿនបានញាប់ឡើងៗ សំឡេងហ៊ោលើកទឹកចិត្តកងរំពងរបស់ទស្សនិកជនរាប់ពាន់នាក់នៅសងខាងដងព្រែកធ្វើឱ្យបរិយាកាសលើខ្សែទឹកប្រណាំងកាន់តែពុះកញ្ជ្រោលថែមទៀត។ តាំងពីចាប់ផ្តើម ទូកទាំងពីរប្រកួតប្រជែងគ្នាមួយតឹកទឹក សមត្ថភាពក៏ប្រហាក់ប្រហែលគ្នា មានការស្វិតស្វាញយ៉ាងខ្លាំង ពេលមកដល់ទីខ្សែព្រ័ត្រ ហាក់ដូចមកទន្ទឹមគ្នា លទ្ធផលត្រូវរង់ចាំគណៈចាត់តាំងបញ្ជាក់តាមកាមេរ៉ា។ លទ្ធផលចុងក្រោយ ទូក -ងវត្តព្រែកអណ្ដើកទី២ បានឈ្នះពានជើងឯក; ទូក -ងវត្តព្រែកតាគួនទទួលបានរង្វាន់លេខ២។ ទូក -ងវត្តជ្រុងខ្មែរ (ខេត្តកាម៉ាវ)ទទួលបានរង្វាន់លេខ៣ ចំណែករង្វាន់លេខ៤ បានមកលើទូក- ងវត្តស្រឡូង (សង្កាត់មីស្វៀង ទីក្រុងកឹងធើ)។
ក្នុងខ្លឹមសារនារី វគ្គផ្តាច់ព្រ័ត្ររវាងទូក- ងនារីវត្តទំនុប (ឃុំអាងនិញ ទីក្រុងកឹងធើ) និងទូក -ងវត្តកោះធំ (ខេត្តកាម៉ាវ) ក៏ប្រព្រឹត្តទៅយ៉ាងទាក់ទាញ ស្វិតស្វាញក្នុងចម្ងាយខ្សែទឹក ១.០០០ ម៉ែត្រ។ ជាមួយការប្តេជ្ញាចិត្តការពារជើងឯកក្រោយពីគ្រោងតំណែងជើងឯក៣ឆ្នាំបន្តបន្ទាប់ ម្ល៉ោះហើយដៃច្រវាទូកនារីវត្តទំនប់បានប្រកួតដោយការប្តេជ្ញាចិត្តខ្ពស់ សម្របសម្រួលចង្វាក់អុំនិងបង្កើនល្បឿនយ៉ាងខ្លាំងក្លានៅពេលវេលាសំខាន់។ ដោយគោលជំហរនិងសមត្ថភាពរបស់ខ្លួន ទូក-ងនារីវត្តទំនប់ក៏បន្តយកឈ្នះដៃគូ ការពារជើងឯកឆ្នាំ២០២៦ដោយជោគជ័យ។ ទូក-ងនារីវត្តកោះធំទី២ទទួលបានលេខ២; ចំណែកលេខ៣និងលេខ៤ បានទៅលើក្រុមទូកនារីខេត្តកាម៉ាវ គឺង៉ាងយឿនិងវត្តកោះធំ។

លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង និងលោកស្រី ង្វៀងធីង៉ុកឌេប សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ប្រគល់រង្វាន់ដល់ក្រុមទូក ងនារីដែលទទួកបានរង្វាន់ខ្ពស់។
នៅក្នុងពិធីបិទការប្រណាំង គណៈចាត់តាំងបានជូនរង្វាន់ដល់ក្រុមទូកដែលទទួលបានលទ្ធផលខ្ពស់។ ទាំងខ្លឹមសារបុរសនិងនារី រង្វាន់លេខ១មានតម្លៃ ២០០លានដុង; លេខ២ គឺ១៥០លានដុង; លេខ៣ គឺ១០០លានដុង និងលេខ៤ គឺ៨០លានដុង។
ហុងទើ - លីធាន - សុផន