17/11/2026 - 06:03

លើក​កម្ពស់​គុណ​ភាព​អប់រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ទន្ទឹម​នឹង​ការ​វិ​និយោគ​លើ​មូល​ដ្ឋាន​សម្ភារៈ ទី​ក្រុង​កឹង​ធើ បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​បង្រៀន ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន និង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ឧបត្ថម្ភ​ដល់​សិស្សា​នុសិស្ស​នៅ​តាម​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក។ តាម​រយៈ​នោះ កែ​លម្អ​លក្ខណៈ​រៀន​សូត្រ លើក​កម្ពស់​ចំ​ណេះ​ដឹង និង​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ភូមិ​ភាគ។

ទី​ក្រុង​កឹង​ធើ យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​បង្រៀន និង​រៀន​នៅ​
តំបន់ជនជាតិភាគតិច។

នៅ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់​ភូ  ឃុំ​ញូ​យ៉ា ទី​ក្រុង​កឹង​ធើ ការ​ងារ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​បាន​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា ដោយ​ផ្សារ​ភ្ជាប់​នឹង​ការ​យក​ ចិត្ត​ទុក​ដាក់​លើ​ជីវ​ភាព​រស់​នៅ​ ជា​មួយ​នឹង​ការ​ហ្វឹក​ហាត់​បំ​ណិន​ដល់​សិស្សា​នុសិស្ស។ ក្នុង​ឆ្នាំ​សិក្សា ២០២៦-​២០២៧ សា​លា​មាន​សិស្ស​ចំ​នួន ៤៦៩ នាក់ ជា​កូន​ចៅ​ជន​ជាតិ​ភាគ​តិច ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ។ សា​លា​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​សព្វ​គ្រប់​នូវ​របប​ឧបត្ថម្ភ​ស្រប​តាម​អនុ​ក្រឹត្យ​លេខ ៦៦/​២០២៥/ NĐ-CP ចាប់​ពី​អា​ហា​រូប​ករណ៍ ប្រាក់​ហូប​ចុក កន្លែង​ស្នាក់​នៅ​និង​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។

ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ជីវ​ភាព​រស់​នៅ​សា​លា​បាន​ជំ​រុញ​ការ​លើក​កម្ពស់​គុណ​ភាព​បង្រៀន និង​រៀន​មួយ​ថ្ងៃ ២ ពេល និង​រៀប​ចំ​ថ្នាក់​បំ​ប៉ន​ឥត​គិត​ថ្លៃ ដើម្បី​ជួយ​សិស្ស​ពង្រឹង​ចំ​ណេះ​ដឹង​ឱ្យ​បាន​រឹង​មាំ។ ចំ​ណុច​សំ​ខាន់​ដែល​បង្ក​ឱ្យ​មាន​ការ​វិវឌ្ឍន៍ គឺ​ការងា​រប​ណ្តុះ​បណ្តាល​និង​លើក​កម្ពស់​សមត្ថ​ភាព​កង​ជួរ​គ្រូ​បង្រៀន។ គណៈ​ចាង​ហ្វាង បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​កង​ជួរ​គ្រូ​បង្រៀន​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ជំ​នាញ​វិជ្ជា​ជីវៈ ធ្វើ​បច្ចុប្បន្ន​ភាព​កម្ម​វិធី​សិក្សា​ទំ​នើប និង​លើក​កម្ពស់​សមត្ថ​ភាព​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល។ លោក​គ្រូ យឿង​សា​ផល ចាង​ហ្វាង​សា​លា មាន​ប្រ​សាសន៍៖ “ទិស​ដៅ​សំ​ខាន់​នៃ​ការ​បណ្តុះ​បណ្តាល គឺ​បំ​ពាក់​បំប៉ន​ដល់​កង​ជួរ​គ្រូ​បង្រៀន​នូវ​បំ​ណិន​ឌីជី​ថល​ក្នុង​ការ​បង្រៀន ព្រម​ទាំង​អនុ​វត្ត​វិធី​សាស្ត្រ​គរុ​កោ​សល្យ​ឱ្យ​សម​ស្រប​ជា​មួយ​លក្ខណៈ​ពិ​សេស​នៃ​ចិត្ត​សាស្រ្ត​ភា​សា និង​មូល​ដ្ឋាន​គ្រឹះ​វប្ប​ធម៌​របស់​សិស្ស​ជន​ជាតិ​ភាគ​តិច ដើម្បី​បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ”។

ទន្ទឹម​នឹង​ចំ​ណេះ​ដឹង​ទូ​ទៅ​សា​លា​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​ចំ​ពោះ​ការ​បណ្តុះ​បណ្តាល​បំ​ណិន​ជី​វិត និង​ស្មារតី​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី។ ការ​រក្សា​នូវ​ការ​ប្រ​ឡង​វោ​ហារ​កោ​សល្យ​ភា​សា​ខ្មែរ ការ​ស្វែង​យល់​អំ​ពី​អត្ថ​ន័យ​នៃ​ទំ​នៀម​ទម្លាប់ និង​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ជន​ជាតិ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​សែន​ដូន​តា និង​បុណ្យ​អក​អំ​បុក​ជា​ដើម ជួយ​ឱ្យ​សិស្សា​នុសិស្ស​បណ្តុះ​ក្តី​មោទន​ភាព និង​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​ភា​សា​នៃ​ជន​ជាតិ​ខ្លួន។ ទន្ទឹម​នឹង​នោះ សា​លា​ក៏​ឈាន​មុខ​ក្នុង​ការ​អនុ​វត្ត​សិក្ខា​គា​រិក​ឌីជី​ថល បញ្ចូល​ក្រប​ខណ្ឌ​សមត្ថ​ភាព​ឌីជី​ថល​ទៅ​ក្នុង​ម៉ោង​សិក្សា​នី​មួយៗ បំ​ពាក់​បំ​ប៉ន​ឱ្យ​ប្អូនៗ​មាន ស្មារតី​បច្ចេក​វិទ្យា​និង​ទម្លាប់​ទាន់​សម័យ​តាំង​ពី​អង្គុយ​ក្នុង​សា​លា​រៀន។

ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ផ្លាស់​ថ្មី​គ្រប់​ជ្រុង​ជ្រោយ បាន​នាំ​មក​នូវ​លទ្ធ​ផល​ជា​វិជ្ជ​មាន​ក្នុង​ឆ្នាំ​សិក្សា ២០២៥- ២០២៦ ជាក់​ស្ដែង សិស្ស​ថ្នាក់​ទី​៩ ទាំង ១០០% បាន​ទទួល​ស្គាល់​បញ្ចប់​កម្រិត​អនុ​វិទ្យា​ល័យ​អត្រា សិស្ស​ទទួល​បាន​និទ្ទេស​ពូ​កែ​និង​ល្អ​នៅ​កម្រិត​វិទ្យា​ល័យ សម្រេច​ជាង ៩៩% សិស្ស​វិទ្យា​ល័យ ១០០% ទទួល​បាន​ចំ​ណាត់​ថ្នាក់​សីល​ធម៌​ល្អ និង​បង្គួរ។

ការ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​នៅ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក គឺ​ជា​ការ​ធ្វើ​ឱ្យ​ជាក់​ស្តែង​រស់​រវើក​នូវ​គោ​លន​យោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ។ បរិ​ស្ថាន​បណ្តុះ​បណ្តាល​ដ៏​សម្បូរ​បែប​នេះ មិន​ត្រឹម​តែ​បង្ក​លក្ខណ​សម្បត្តិ​ឱ្យ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​មាន ទំ​នុក​ចិត្ត​និង​បង្កើត​អា​ជីព​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រៀម​បម្រុង​ប្រ​ភព​ធន​ធាន​កម្មា​ភិបាល និង​បញ្ញ​វន្ត​វ័យ​ក្មេង​នៅ​ភូមិ​កំ​ណើត​ដែល​មាន​សមត្ថ​ភាព​ពេញ​លេញ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​សម្បូរ​សប្បាយ​និង​ស៊ី​វិល័យ៕

ហុង​ទើ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ