ជាមួយទិសស្លោកយកប្រជាជនជាស្នូល រយៈពេលកន្លង ឃុំតឹងថាញ់ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយសុខុមាលភាពសង្គម គិតគូរដល់ជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន ពិសេសគឺលំនៅឋានបានសាងសង់ឡើង មិនត្រឹមតែជួយប្រជាជនមានកន្លែងនៅលំនឹងប៉ុណ្ណោះទេ ថែមទាំងបង្កទំនុកចិត្តនិងកម្លាំងចលករបន្ថែមដើម្បីគ្រួសារនីមួយៗឈានឡើងក្នុងជីវភាពទៀតផង។

កម្មាភិបាលឃុំចុះសួរសុខទុក្ខគ្រួសារពូស៊ើងបេ ( ទី៣រាប់ពីស្តាំ ) នៅភូមិតឹងលិត
ឃុំតឹងថាញ់។
ផ្តើមពីកម្មវិធី គោលនយោបាយជនជាតិ បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីសម្រាប់ជនជាតិភាគតិច នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងធំធេង ធ្វើឱ្យជីវភាពរបស់ប្រជាជនបានកែលម្អយ៉ាងច្បាស់។ នៅភូមិតឹងលិត ពូស៊ើងបេ ជាគ្រួសារក្រមានស្ថានភាពលំបាក គ្មានដីបង្កបង្កើនផល ជីវភាពសំខាន់ពឹងលើការស៊ីឈ្នួល; ហើយប្រពន្ធថែមទាំងមានជំងឺជាប្រចាំ ម្ល៉ោះហើយការគិតគូរ សង់ផ្ទះឱ្យបានរឹងមាំគឺជាការលំបាក។ ហេតុដូច្នេះ ពេលទទួលបានការឧបត្ថម្ភសាងសង់ផ្ទះ គ្រួសារសប្បាយចិត្តយ៉ាងខ្លាំង។ តាមសម្តីពូ ការឧបត្ថម្ភនេះមិនត្រឹមតែជួយឱ្យគ្រួសារមានផ្ទះរស់នៅរឹងមាំប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករដើម្បីលំនឹងជីវភាពសន្សឹមៗឆ្លងផុតការលំបាក។ ពូស៊ើងបេ ឱ្យដឹង៖ “គ្រួសារខ្ញុំគ្មានដីបង្កបង្កើនផល មានតែដីមួយចំណែកតូចសម្រាប់សង់ផ្ទះ ម្ល៉ោះហើយជីវភាពនៅមានការលំបាកច្រើន។ ឆ្នាំ ២០២៤ គ្រួសារខ្ញុំបានរដ្ឋឧបត្ថម្ភថវិកា ៦០ លានដុងដើម្បីសង់ផ្ទះ ព្រមទាំងខ្ចីបន្ថែមពីសាច់ញាតិ ទើបគ្រួសារមានលក្ខណៈសង់បានផ្ទះរឹងមាំដូច្នេះ។ មានផ្ទះរឹងមាំ គ្រួសារខ្ញុំសប្បាយចិត្តណាស់ មិនបារម្ភរឿងភ្លៀងខ្យល់ ហើយមានកម្លាំងបន្ថែមដើម្បីខិតខំប្រឹងប្រែង រកស៊ី លំនឹងជីវភាព។ ក្រៅពីឧបត្ថម្ភលំនៅឋាន រដ្ឋនៅទាំងឧបត្ថម្ភគ្រួសារខ្ញុំគោញីមួយក្បាលដើម្បីបន្តពូជ ឥឡូវបានកើនឡើង៣ ក្បាល ប្រពន្ធខ្ញុំខិតខំមើលថែ កាត់ស្មៅគោ ចំណែកខ្ញុំទៅធ្វើការឈ្នួលឱ្យមាមីងអ្នកស្រុក បានពី ២៥០.០០០ - ៣០០.០០០ ដុងក្នុងមួយថ្ងៃ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ”។
ជាមួយគោលនយោបាយឧបត្ថម្ភលំនៅឋាន ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតបានអនុវត្តទាន់ពេល ប្រជាជនមានលក្ខណៈបន្ថែមដើម្បីលំនឹងជីវភាព មោះមុតអភិវឌ្ឍន៍ផលិតកម្ម។ ផ្តើមពីនោះ ទិដ្ឋភាពភូមិ ស្រុក ក៏បានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាព សម្ភារៈ និងស្មារតីរបស់មាមីងបានលើកកម្ពស់បន្តិចម្តងៗ។ លោកត្រឹងវ៉ាំងហ្គឹម ប្រធានគណៈប្រជាជនភូមិតឹងលិត ឃុំតឹងថាញ់ ឱ្យដឹង៖ “បច្ចុប្បន្ន ក្នុងភូមិនៅមានគ្រួសារក្រីក្រ ១១ គ្រួសារ និងគ្រួសារក្បែរក្រ ១២ គ្រួសារប៉ុណ្ណោះ។ ពិសេសគឺរដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមាមីងជនជាតិភាគតិច ដូចការឧបត្ថម្ភសង់លំនៅឋាន ឧបត្ថម្ភចិញ្ចឹមសត្វ ផ្តើមពីនោះមាមីងក៏មានលក្ខណៈប្រកបការងាររកស៊ី អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសង់ផ្ទះសម្បែងសមរម្យ ដើម្បីលំនឹងជីវភាព”។
អាស្រ័យគោលនយោបាយ និងការអស់ពីចិត្តរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច មកដល់ពេលនេះ តំបន់មានជនរួមជាតិខ្មែររស់នៅកុះករនៃឃុំតឹងថាញ់ កំពុងផ្លាស់ថ្មីគ្រប់ផ្នែក។ មិនត្រឹមតែជីវភាពសេដ្ឋកិច្ចបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះទេ ជនរួមជាតិខ្មែរនៅតាមភូមិស្រុកថែមទាំងលើកកម្ពស់ស្មារតីមហាសាមគ្គីជនជាតិ ព្រួតដៃរួមកម្លាំងកសាងជីវភាពវប្បធម៌នៅតំបន់ប្រជាជន តាំងទីលំនៅកាន់តែអភិវឌ្ឍផងដែរ៕
ដាលីន - លីសៀ