ស្ថិតក្នុងសម័យទំនើបមានការផ្លាស់ថ្មីជាច្រើន ភូមិរបរប្រពៃណីរបស់ជនរួមជាតិខ្មែរកំពុងប្រឈមមុខនឹងការលំបាក និងការបាត់បង់ជាបណ្តើរៗ។ យុវវ័យមិនសូវចាប់អារម្មណ៍បន្តមុខរបរនេះ ហើយទីផ្សារប្រើប្រាស់ផលិតផលមិនសូវមានច្រើនដែរ។ ប៉ុន្តែដោយក្តីស្រឡាញ់វប្បធម៌ជាតិ និងថ្វីដៃប៉ិនប្រសប់ អាជីវការិនីខ្មែរម្នាក់នោះគឺបងស្រី ត្រឿងធីបាច់ធ្វី នាយិកាសហករណ៍ ត្បាញបន្ទោះឫស្សីធ្វីត្វៀក នៅឃុំធ្វឹងហ្វា ទីក្រុងកឹងធើ បាននិងកំពុងខិតខំថែរក្សា ធ្វើឱ្យភូមិរបរប្រពៃណីមានកម្លាំងរស់ឡើងវិញ រួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ។
សហករណ៍ត្បាញបន្ទោះឫស្សីធ្វីត្វៀក បានបង្កើតនៅឆ្នាំ ២០២៣ មានសមាជិក ៣២ នាក់ និងសមាជិកានៅតំបន់ជិតខាងចូលរួមជាង ៦០ នាក់។ មណ្ឌលរោងចក្រមានទំហំជាង ៣.០០០ ម៉ែត្រការ៉េ។ បងស្រី ត្រឿងធីបាច់ធ្វី នាយិកាសហករណ៍ត្បាញបន្ទោះឫស្សីធ្វីត្វៀក នៅឃុំធ្វឹងហ្វា ទីក្រុងកឹងធើ ឱ្យដឹង៖ "ក្រៅពីម៉ៅទិញផលិតផលរបស់មាមីងនៅភូមិរបរ ក្នុងពេលខាងមុខយើងខ្ញុំមានផែនការបើកបន្ថែមទេសចរណ៍សហគមន៍អំពីប្រព័ន្ធអេកូឡូស៊ីឫស្សីផ្សារភ្ជាប់នឹងភូមិរបរ។ សហករណ៍ធ្វីត្វៀក មិនត្រឹមតែផលិតនៅភូមិរបរប៉ុណ្ណោះទេ តែយើងខ្ញុំចង់អភិរក្ស និងពង្រីកនូវអ្វីដែលជាវប្បធម៌របស់ភូមិភាគ តួយ៉ាងដូចជាផលិតផលម្ហូបអាហារ និងនំគ្រប់ប្រភេទរបស់ជនជាតិកិញ ហ្វា និងខ្មែរ និងសិល្បៈវប្បធម៌គ្រប់ប្រភេទរបស់ជនរួមជាតិខ្មែរ"។

បងស្រី ត្រឿងធីបាច់ធ្វី (ឈរថ្លែងយោបល់) នាយិកាសហករណ៍ធ្វីត្វៀក នៅឃុំធ្វឹងហា ទីក្រុងកឹងធើ ចែករំលែកជូនភ្ញៀវទេសចរអំពីស្ថានភាពសកម្មភាពរបស់សហករណ៍។
ដើម្បីលើកកម្ពស់គុណភាព និងគំរូផលិតផល សហករណ៍ត្បាញបន្ទោះឫស្សីធ្វីត្វៀក បានខិតខំយ៉ាងច្រើនក្នុងការច្នៃប្រតិដ្ឋផលិតផលថ្មី និងសង្វាក់ផលិតថ្មី បន្ទាប់មកបង្រៀនដល់សមាជិកសហករណ៍របស់ខ្លួន។ ពិសេស ថ្នាក់ដឹកនាំសហករណ៍នៅទាំងចូលរួមវគ្គហ្វឹកហ្វឺនហិរញ្ញវត្ថុឥណទាន និងវគ្គហ្វឹកហ្វឺនឧបត្ថម្ភនារីផ្តើមអាជីព ផ្តើមធ្វើអាជីវកម្ម និងវគ្គអនុវត្តបច្ចេកវិទ្យាព័ត៌មាន… និងចូលរួមនូវព្រឹត្តិការណ៍តភ្ជាប់អាជីវកម្មជាមួយបងប្អូននារីផ្តើមអាជីព សហករណ៍ទាំងក្នុង និងក្រៅទីក្រុង។
"បច្ចុប្បន្ន សហករណ៍មានផលិតផលជាង៧០០មុខ។ នៅទីនេះ ផលិតផលផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស និងទីផ្សារនាំចេញ។ ចំពោះការនាំចេញ ភាគច្រើនជាទំនិញប្រើប្រាស់ដូចជា៖ កន្ត្រកដាក់សម្លៀកបំពាក់បម្រើដល់ភោជនីយដ្ឋាន សណ្ឋាគារ។ បច្ចុប្បន្ន យើងខ្ញុំមានបន្ថែមសំណង់ដោយបន្ទោះឫស្សី ដូចជា៖ "Homestay មណ្ឌលសម្រាកលំហែកាយ និងមណ្ឌលទេសចរណ៍ ដើម្បីបម្រើភ្ញៀវទេសចរមកឈប់សម្រាក" - បងស្រីធ្វីត្វៀក ឱ្យដឹងបន្ថែមដូច្នេះ។
លោក ត្រឹងមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាធ្វឹង ទីក្រុងកឹងធើ ឱ្យដឹង៖ "សហករណ៍ត្បាញបន្ទោះឫស្សីធ្វីត្វៀក គឺជាផលិតផលសំខាន់ពីមុនមករហូតដល់ពេលនេះ គឺជាវត្ថុធាតុដើមពីឫស្សី ធ្វើផលិតផលដោយដៃ ថ្វីដ្បិតដូច្នោះក្តី ទិសដៅយូរអង្វែងក្នុងពេលខាងមុខរបស់សហករណ៍ ក៏ដូចជាភូមិភាគ យើងនឹងផ្សារភ្ជាប់ផលិតផលជាក់ស្តែងដទៃទៀតដូចជាទេសចរណ៍។ បច្ចុប្បន្ន ផ្នែកសហករណ៍ក៏បានទទួលភ្ញៀវជាច្រើនក្រុមមកទស្សនា ក្នុងនោះមានផលិតផលទេសចរណ៍ជាប់ៗគ្នា ទីមួយគឺទស្សនាដំណាក់កាលដែលប្រជាជនត្បាញផលិតផលដោយសិប្បកម្ម បន្ទាប់មកសហការជាមួយក្លឹបរបាំរបស់ជនជាតិ រាំបម្រើភ្ញៀវទេសចរនូវចង្វាក់រាំវង់ និងសារ៉ាវ៉ាន"។

សមាជិកាត្បាញផលិតផលពីបន្ទោះឫស្សី ដើម្បីលក់ឱ្យសហករណ៍ត្បាញបន្ទោះឫស្សធ្វីត្វៀក នៅឃុំធ្វឹងហ្វា។
បច្ចុប្បន្ន សហករណ៍ត្បាញបន្ទោះឫស្សីធ្វីត្វៀក ដោះស្រាយការងារលំនឹងជូនសមាជិក សមាជិកាជាច្រើននៅតំបន់ជិតខាង។ គ្រួសារនីមួយៗមធ្យមភាគរកប្រាក់ចំណូលបានពី ៦ ដល់ ៨ លានដុងក្នុងមួយខែពីរបរត្បាញបន្ទោះ ម្ល៉ោះហើយមានអ្នកផ្សារភ្ជាប់នឹងរបរនេះជាច្រើន។ ពូឡឹមសល ភូមិភឿកក្វើយ ឃុំធ្វឹងហ្វា ជាសមាជិកសហករណ៍ ឱ្យដឹង៖ "ពេលនៅក្មេងក៏មានត្បាញចង្អេរដែរ ប៉ុន្តែចោលយូរពេលភ្លេចអស់ហើយ ឥឡូវដឹងតែធ្វើអង្រុត កញ្ឆេ កញ្ជើ ល្អី… ចំពោះកញ្ឆេប្រភេទធំអាចត្បាញបានពី ២ - ៣ ក្នុងមួយថ្ងៃ រីឯប្រភេទតូចត្បាញយូរជាងប្រភេទធំ ព្រោះដៃខ្ញុំត្បាញយឺតមិនដូចកាលនៅក្មេងទេ ខ្ញុំធ្វើរួចសហករណ៍ត្បាញបន្ទោះឫស្សីធ្វីត្វៀកប្រមូលទិញទាំងអស់ ខ្ញុំមានក្តីត្រេកអរណាស់ពីព្រោះមានកន្លែងប្រមូលទិញជិតផ្ទះ មិនចាំបាច់យកទៅលក់នៅផ្សារដូចពីមុនទៀត"។
អាចអំណះអំណាងថា សហករណ៍ត្បាញបន្ទោះឫស្សីធ្វីត្វៀក មិនត្រឹមតែរួមចំណែកបង្កការងារធ្វើ បង្កើនប្រាក់ចំណូលដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជាក់ស្តែងក្នុងការអភិរក្ស និងពង្រីកតម្លៃភូមិរបរប្រពៃណីរបស់ជនរួមជាតិខ្មែរទៀតផង។ ផលិតផលដែលបានត្បាញដោយថ្វីដៃដ៏ប៉ិនប្រសប់របស់អ្នកត្បាញ មិនត្រឹមតែបម្រើជីវភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាលក្ខណៈវប្បធម៌ដ៏ល្អប្រសើររបស់ជនជាតិទៀតផង៕
ដាលីន - វិមាន