ពង្រីកប្រពៃណីសាមគ្គី ឃុំត្រឹងដេ ទីក្រុងកឹងធើ បានចាត់តាំងសកម្មភាពជាក់ស្តែងជាច្រើនផ្សារភ្ជាប់នឹងទិវាមហាសាមគ្គីទូទាំងជនជាតិ ឆ្នាំ២០២៦។ តាមរយៈនោះ បង្កើនចំណងសាមគ្គីស្អិតរមួតក្នុងសហគមន៍ គិតគូរដល់ជីវភាពប្រជាជន បង្កជាកម្លាំងចលករកសាងភូមិស្រុកកាន់តែអភិវឌ្ឍ។

អ្នកតំណាងនិងប្រជាជនបណ្តាមណ្ឌលតាំងទីលំនៅ នៅឃុំត្រឹងដេ ចូលរួមទិវាមហាសាមគ្គីទូទាំងជនជាតិ ឆ្នាំ២០២៦។
ឆ្ពោះដល់ខួបអនុស្សាវរីយ៍លើកទី៩៦ ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/១៩៣០ - ១៨/១១/២០២៦) ឃុំត្រឹងដេ បានប្រារព្ធនូវព្រឹត្តិការណ៍សកម្មភាពទិវាវប្បធម៌វៀតណាមផ្សារភ្ជាប់នឹងទិវាមហាសាមគ្គីទូទាំងជនជាតិ និងសប្តាហ៍វប្បធម៌ - មហាសាមគ្គី ឆ្នាំ២០២៦ នៅភូមិចំនួន១៣លើភូមិឋាន។ នេះមិនត្រឹមតែជាឱកាសរំលឹកឡើងវិញនូវប្រពៃណីដ៏ឧត្តុង្គឧត្តមរបស់រណសិរ្សមាតុភូមិវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែករឹតបន្ដឹងចំណងសាមគ្គីរវាងបណ្តាជនជាតិ កិញ - ខ្មែរ - ហ្វា រួមកម្លាំងកសាងស្រុកកំណើត។
យោងតាមផែនការ ទិវាមហាសាមគ្គីទូទាំងជនជាតិ បានចាត់តាំងឡើងនៅតាមមណ្ឌលតាំងទីលំនៅ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ នៅតាមភូមិនានាបានចាត់តាំងពិធីបុណ្យយ៉ាងឱឡារិកនិងសប្បាយរីករាយ អមដោយសកម្មភាពវប្បធម៌ សិល្បៈ និងល្បែងប្រជាប្រិយដូចជា ប៉េតង់ និងផ្ទេរផ្លែក្រូចឆ្មារជាដើម។ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ និងបណ្តាអង្គការមហាជន បានអញ្ជើញមកចូលរួម រួមសប្បាយជាមួយប្រជាជន ព្រមទាំងក្តាប់ពីគោលបំណងប្រាថ្នារបស់ប្រជាជន។
ផ្ដើមពីបរិយាកាសសាមគ្គីក្នុងទិវាបុណ្យ ស្មារតីរួមកម្លាំងគ្នាកសាងមណ្ឌលតាំងទីលំនៅ បន្តបានបង្ហាញឡើងតាមរយៈសកម្មភាពជាក់ស្តែងនៅភូមិដងក្ដោង។ បច្ចុប្បន្ន ភូមិដងក្ដោងមាន ១.០១៧គ្រួសារ មនុស្សចំនួន ៤.៦១២នាក់ ក្នុងនោះជនរួមជាតិខ្មែរមានអត្រាជាង ៥០%។ ឆ្នាំ២០២៦ គណៈការងាររណសិរ្សភូមិ បានសហការជាមួយបណ្តាអង្គការមហាជន និងអ្នកមានប្រិយភាព ចលនាប្រជាជនចូលរួមផ្លាស់ប្ដូរឌីជីថល ប្រើប្រាស់សេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញ និងការទូទាត់មិនប្រើប្រាស់សាច់ប្រាក់; រក្សាទម្រង់ “៥គ្មាន ៣ស្អាត” រៀបចំធ្វើអនាម័យបរិស្ថាន និងកែលម្អផ្លូវជនបទ រួមចំណែកកសាងភូមិស្រុកឱ្យកាន់តែភ្លឺ បៃតង ជ្រះ ស្អាត។
ទន្ទឹមនឹងការចលនាប្រជាជនចូលរួមបណ្តាចលនាប្រឡងប្រណាំង ការងារគិតគូរសុខុមាលភាពសង្គម ក៏បានគណៈការងាររណសិរ្ស និងបណ្តាអង្គការមហាជនភូមិយកចិត្តទុកដាក់។ ផ្ដើមពីការព្រួតដៃរបស់សប្បុរសជននិងសហគមន៍ ក្នុងឆ្នាំ២០២៦ ភូមិបានចលនាសាងសង់ផ្ទះមហាសាមគ្គីបាន៤ខ្នង ដោយថវិកាសរុប ២០០លានដុង; ឧបត្ថម្ភអង្ករ ១តោន និងអំណោយ ៨០០ចំណែក សរុបតម្លៃ ៣៤៥ លានដុង ជូនដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារដែលមានជីវភាពលំបាក។ ក្នុងទិវាមហាសាមគ្គី នារសៀលថ្ងៃទី៥ ខែវិច្ឆិកា គណៈចាត់តាំងបានបន្តប្រគល់អំណោយចំនួន ៤០ចំណែកដល់ប្រជាជន ព្រមទាំងស្ងើចសរសើរសមូហភាពវត្តដងក្ដោង និងបណ្តាគ្រួសារវប្បធម៌គំរូ។ សកម្មភាពទាំងនេះ មិនត្រឹមតែជាការឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងមនោសញ្ចេតនាអ្នករស់នៅភូមិផងរបងជាមួយទៀតផង។

ថ្នាក់ដឹកនាំឃុំត្រឹងដេ ស្ងើចសរសើរសមូហភាព និងគ្រួសារគំរូ ក្នុងការអនុវត្តបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ។
លោកស្រី ត្រឹងធីង៉ុកអាញ គណៈការងាររណសិរ្សភូមិដងក្ដោង បានឱ្យដឹង៖ “ដើម្បីឱ្យបណ្តាចលនា និងយុទ្ធនាការសម្រេចបានប្រសិទ្ធភាព គណៈការងាររណសិរ្សភូមិ តែងសហការយ៉ាងហ្មត់ចត់ជាមួយបណ្តាអង្គការមហាជន និងអ្នកមានប្រិយភាព ដើម្បីឃោសនា ចលនាប្រជាជនដោយទង្វើជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពជាច្រើន។ នៅពេលប្រជាជនយល់ច្បាស់ពីអត្ថន័យ និងផលប្រយោជន៍នៃសកម្មភាពនីមួយៗ មាមីងនឹងសកម្មគាំទ្រ រួមចំណែកកម្លាំងកាយចិត្ត និងសម្ភារៈ ដើម្បីគិតគូរដល់គ្រួសារលំបាក រក្សាអនាម័យបរិស្ថានរួម និងកសាងមណ្ឌលតាំងទីលំនៅឱ្យកាន់តែសាមគ្គីនិងរីកចម្រើន”។
ថ្លែងក្នុងទិវាបុណ្យ សមមិត្ត ង្វៀងធីយៀង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំត្រឹងដេ បានស្ងើចសរសើរស្មារតីសាមគ្គី និងការខិតខំប្រឹងប្រែងរបស់សាខាបក្ស គណៈប្រជាជននិងប្រជាជនភូមិដងក្ដោង ក្នុងការអនុវត្តបណ្តាចលនាប្រឡងប្រណាំង។ ទន្ទឹមនឹងនោះ លោកស្រីបានសំណូមពរឱ្យភូមិភាគបន្តលើកកម្ពស់តួនាទីរបស់គណៈការងាររណសិរ្ស អ្នកមានប្រិយភាព និងបណ្តាអង្គការមហាជន ក្នុងការចលនាជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ពង្រីកទម្រង់មុខរបររកស៊ីចីរភាព និងជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថលសហគមន៍។
ផ្តើមពីសកម្មភាពជាក់ស្តែងនៅមណ្ឌលតាំងទីលំនៅនីមួយៗ ឃុំត្រឹងដេ បន្តពង្រីកកម្លាំងផែនមហាសាមគ្គីទូទាំងជនជាតិ បង្កការឯកភាពក្នុងប្រជាជន។ នេះគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដើម្បីភូមិភាគកៀរគរប្រភពធនធាន គិតគូរដល់ជីវភាពរបស់ជនរួមជាតិ និងកសាងភូមិស្រុកឱ្យកាន់តែរីកចម្រើន ស៊ីវិល័យ និងអភិវឌ្ឍដោយចីរភាព៕
ហុងទើ - ថាច់ធី