បន្ទាប់ពីអវត្តមានអស់រយៈពេល ២១ ឆ្នាំ ទូក ង វត្តពាមបួនថ្មី នៅសង្កាត់ភូឡើយ ទីក្រុងកឹងធើ បានវិលត្រឡប់មកកាន់ខ្សែទឹកប្រណាំងឡើងវិញ។ ជាទូក ងដែលទើបបោះថ្មី ដោយការចូលរួមរបស់រដ្ឋអំណាចភូមិភាគនិងសប្បុរសជន បានបំពេញតាមគោលបំណងរបស់មាមីងខ្មែរនៅទីនេះ។ នៅរដូវកាលឆ្នាំ២០២៦នេះ ទូក ងរបស់វត្តមិនត្រឹមតែវិលមកចូលរួមអុំប្រណាំងប៉ុណ្ណោះទេ ថែមទាំងជាការវិលមកនៃស្មារតីសាមគ្គី មោទនភាពចំពោះវប្បធម៌ប្រពៃណី និងក្តីប្រាថ្នាក្នុងការដណ្តើមយកជ័យជម្នះលើខ្សែទឹកប្រណាំងសាជាថ្មី។

បរិយាកាសហាត់សមនៃក្រុមកីឡាករទូក ងវត្តពាមបួនថ្មី។
ដើម្បីត្រៀមលក្ខណៈសម្រាប់រដូវកាលអុំប្រណាំងឆ្នាំនេះ ក្រុមកីឡាករទូក ង វត្តពាមបួនថ្មី កំពុងខិតខំប្រឹងប្រែងហាត់សមនៅរាល់ពេលហាត់សមមិនត្រឹមតែជាការពង្រឹងកាយសម្បទាប៉ុណ្ណោះទេ ថែមទាំងជាដំណាក់ការហាត់ឱ្យថ្នឹកនឹង ចង្វាក់អុំជាមួយមិត្តរួមក្រុម និងស្គាល់ពីទូកថ្មីទៀតផង។ បន្ទាប់ពីអវត្តមានអស់រយៈពេល ២១ ឆ្នាំ មានកីឡាករជាច្រើនមិនធ្លាប់ចូលរួមអុំនៅលើខ្សែទឹកប្រណាំង។ ដូច្នេះ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការបង្កើតឱ្យមានភាពស៊ីសង្វាក់គ្នារវាងកីឡាករចំណុះទូក។ “ជាច្រើនថ្ងៃមកនេះ ក្រោយពេលបញ្ចប់ពីកិច្ចការងារ ខ្ញុំតែងប្រញាប់មកហាត់សមចាប់ពីម៉ោង ៥ ល្ងាច រហូតដល់ម៉ោង ៧ យប់។ មានបង ប្អូនមួយចំនួនទើបតែចូលរួមហាត់ដំបូង មិនទាន់ស៊ាំនៅឡើយ ដូច្នេះគ្រូបង្វឹកគាត់បានណែនាំបន្តិចម្តងៗ។ ឥឡូវនេះ បងប្អូនចាប់ផ្តើមស៊ាំនឹងគ្នាជាបណ្តើរៗ ហើយយើងខ្ញុំទាំងអស់គ្នាប្តេជ្ញាថានឹងប្រឹងប្រែងដើម្បីឈានចូលរង្វង់ក្នុងនៃការប្រកួត”។ បង ថាច់សៀន កីឡាករទូក ងវត្តពាមបួនថ្មី បានឱ្យដឹង ដូច្នេះ។
លើខ្សែទឹកប្រណាំងកម្លាំងគឺជាកត្តាសំខាន់មែន ប៉ុន្តែមិនមែនជាកត្តាសម្រេចនោះទេ។ សម្រាប់ទូក ង វត្តពាមបួនថ្មីយុទ្ធសាស្ត្រនិងការសហការគ្នារវាងកីឡាករ គឺជាចំណុចដែលក្រុមកំពុងយកចិត្តទុកដាក់តាំងពីដំណាក់កាលដំបូងនៃការហាត់សម។ តួនាទីរបស់កីឡាករម្នាក់ៗត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ដើម្បីពង្រីកសមត្ថភាពនិងកម្លាំងរបស់កីឡាករម្នាក់ៗឱ្យបានខ្ពស់បំផុត។ ពិសេសគឺចង្វាក់នៃការអុំ ត្រូវតែស៊ីសង្វាក់គ្នា រក្សាកម្លាំងតាមដំណាក់កាលដែលចាំបាច់ និងបង្កើនល្បឿនឱ្យចំពេលវេលា។ លោកថាច់ថាញយ៉ុង កីឡាករទូក ងវត្តពាមបួនថ្មី ចែករំលែក៖ “ដោយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគជួយបោះទូកថ្មី ខ្ញុំមានការសាទរយ៉ាងខ្លាំង ហើយបានហៅបងប្អូនឱ្យចូលរួមប្រមាណ ១០០ នាក់។ ដំបូង យើងខ្ញុំហាត់ពង្រឹងកម្លាំងកាយនៅលើគោក បន្ទាប់មកហាត់លើបន្ទា រួចទើបចុះទូកហាត់សម។ ឃើញថា បងប្អូនគ្រប់គ្នាមានភាពសប្បាយរីករាយនិងខិតខំហាត់សម ដើម្បីដណ្តើមជ័យជម្នះ លើខ្សែទឹកប្រណាំង បន្ទាប់ពីអវត្តមានអស់រយៈពេលជាច្រើនឆ្នាំ”។
នៅពីក្រោយការហាត់សម គឺមានការរួមដំណើរដោយស្ងៀមស្ងាត់ពីសំណាក់អ្នកដែលចង់ឱ្យទូកមានលក្ខណៈល្អបំផុត។ ចាប់តាំងពីការរៀបចំម្ហូបអាហារ ការចម្អិនអាហាររហូតដល់ការយកចិត្តទុកដាក់ថែទាំ កីឡាករក្រោយពេលហ្វឹកហាត់ ម្នាក់ៗបានរួមចំណែក ក្នុងកម្លាំងកាយចិត្តរៀងៗខ្លួន ដើម្បីផ្តល់កម្លាំងចិត្តបន្ថែមដល់ក្រុមកីឡាករ។ អ្នកមីង ស៊ើងធីសួន ស្នាក់នៅមណ្ឌលក្វាងខួង សង្កាត់ភូឡើយ ឱ្យដឹង៖ “រៀងរាល់ល្ងាច ខ្ញុំនិងបងប្អូន ៧ នាក់ទៀត តែងទៅវត្តជួយចម្អិនមី និងគុយទាវជូនកីឡាករ។ សង្ឃឹមថា បងប្អូនកីឡាករនឹងមានសុខភាពល្អ និងកម្លាំងគ្រប់គ្រាន់ ដើម្បីហ្វឹកហាត់ឱ្យបានល្អបំផុត”។
នៅពេលអុំប្រណាំងយើងអាចនឹងជួបគូប្រកួតខ្លាំងៗ ហើយការអុំប្រណាំងទាមទារឱ្យមានកាយសម្បទា បច្ចេកទេស និងភាពអង់អាច ប៉ុន្តែសម្រាប់ទូក ងវត្តពានបួនថ្មី ការវិលត្រឡប់មកវិញលើកនេះ គឺជាព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំ។ ព្រោះថារាល់ការហាត់សមនិងការចូលរួមអុំប្រណាំងឆ្នាំនេះ គឺមានការរួមចំណែកពីរដ្ឋអំណាច សប្បុរសជន ព្រះសង្ឃ និងមាមីងចំណុះជើងវត្តទាំងមូល ដែលកំពុងរួមគ្នា ឆ្ពោះទៅកាន់រដូវកាលថ្មី។ នៅលើខ្សែទឹកប្រណាំង នាពេលខាងមុខ ទូក ង វត្តពាមបួនថ្មី នឹងរួមគ្នាបញ្ចេញ កម្លាំងយុវវ័យស្មារតីសាមគ្គី និងមោទនភាពចំពោះអត្តសញ្ញាណវប្បធម៌ប្រពៃណីជនជាតិ៕
ថាញវ៉ាង - ពេជ្រសឿន