ប៉ុន្មានថ្ងៃនេះ នៅលើភូមិឋានទីក្រុងកឹងធើ បរិយាកាសនៅតាមមាត់ព្រែក ប្រឡាយ ស្រះក្នុងបរិវេណវត្តតែងមានការហ្វឹកហាត់ទូក-ងយ៉ាងសស្រាក់សស្រាំ បង្កភាពអ៊ូអរជាងពេលណាៗទាំងអស់។ បណ្តាកីឡាករនៃក្រុមទូក-ង កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ កម្លាំងនិងបច្ចេកទេស ដើម្បីចូលរួមពិធីបុណ្យប្រណាំងទូក-ង។ សំឡេងស្រែកហ៊ោ សំឡេងច្រវានឹងទឹក រួមផ្សំជាមួយស្មារតីប្តេជ្ញាចិត្ត បានបង្កឡើងនូវបរិយាកាសដ៏អ៊ូអរ និងរីករាយរបស់ជនរួមជាតិខ្មែរនៅតាមភូមិស្រុក។

ក្រុមទូក-ងវត្តបទុមរង្សីទំនប់ ឃុំអាងនិញ កំពុងហ្វឹកហាត់នៅលើព្រែកកិញ្ឆាង។
ពេលរសៀលប្រហែលម៉ោង ៤ និង ៣០ នាទី ក្រុមកីឡាករ-ការិនីបានមានវត្តមានយ៉ាងច្រើនកុះករ។ បន្ទាប់ពីការហាត់ពត់ខ្លួននៅលើគោក កីឡាករ-កីឡាការិនីទាំងអស់បានចុះទូកយ៉ាងឆាប់រហ័ស ត្រៀមខ្លួនដើម្បីចាប់ផ្តើមការហ្វឹកហាត់។ ក្រោមការណែនាំរបស់អ្នកបង្វឹក ចង្វាក់អុំនីមួយៗត្រូវបានកែសម្រួលដើម្បីធានាបាននូវភាពស្រុះគ្នា ត្រឹមត្រូវ និងភាពខ្លាំងក្លា។ ក្រុមទូក-ងវត្តបទុមរង្សីទំនប់ ឃុំអាងនិញ ទីក្រុងកឹងធើ ជាមួយនឹងទូកដែលធ្វើពីក្តារបន្ទះ និងប្រើដងសន្ទួច ចូលរួមក្នុងពិធីបុណ្យអកអំបុកប្រណាំងទូក-ងប្រពៃណីជារៀងរាល់ឆ្នាំ។ ប៉ុន្មានឆ្នាំកន្លងមកនេះ វត្តបានចូលរួមប្រកួតដោយមានក្រុមទូក-ងបុរសចំនួន ២ និងក្រុមទូក-ងនារីចំនួន១ ដែលបានទទួលពានរង្វាន់ជើងឯកជាប់ៗគ្នាក្នុងនោះមាន៖ ក្រុមទូក-ងបុរសក្នុងឆ្នាំ ២០២០ ទទួលបានចំណាត់ថ្នាក់លេខ ១ និងក្នុងឆ្នាំ២០២៣, ២០២៤ និង ២០២៥ សុទ្ធតែទទួលបានចំណាត់ថ្នាក់លេខ ១ ចំណែកឯក្រុមទូក-ងនារីក្នុងឆ្នាំ២០១៨, ២០១៩, ២០២៣, ២០២៤ និង ២០២៥ សុទ្ធតែទទួលបានចំណាត់ថ្នាក់លេខ១។ ចូលរួមប្រណាំងឆ្នាំនេះ វត្តបានចូលរួមទូក-ងបុរសចំនួន ១ និងទូកងនារីចំនួន ១ ជាមួយនឹងការប្តេជ្ញាចិត្តរបស់កីឡាករ-កីឡាការិនីក្នុងក្រុម ដោយក្តីសង្ឃឹមថានឹងទទួលបានលទ្ធផលល្អប្រសើរក្នុងពិធីបុណ្យប្រណាំងទូក-ងខាងមុខនេះ។ ពូឡឹមប៊ិញ ប្រធានគណៈកម្មការវត្ត និងជាប្រធានក្រុមទូក-ងវត្តបទុមរង្សីទំនប់ ឃុំអាងនិញបានឱ្យដឹង៖ "ការប្រណាំងទូក-ងទទួលបានស្នាដៃខ្ពស់គឺជាក្តីសោមនស្សរីករាយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ភូមិស្រុករួមគ្នាអបអរសាទរពិធីបុណ្យប្រណាំងទូក-ង ជាការស្នងបន្តប្រពៃណីនិងរក្សាអត្តសញ្ញាណជនជាតិ។ និយាយរួមសម្រាប់វត្តខ្មែរទាំងអស់ វត្តណាដែលមានទូក-ងគឺចូលរួមយ៉ាងសកម្ម ប៉ុន្តែសម្រាប់ក្រុមទូក-ងវត្តបទុមរង្សីទំនប់ បច្ចុប្បន្នកំពុងជួសជុលទូក-ងថ្មីជិត ១០០% លាបពណ៌ និងគូរគំនូរដោយក្បូរក្បាច់រចនាដ៏ល្អវិចិត្រ។ ឆ្នាំនេះ ដូចរាល់ឆ្នាំដែរ ក្រុមទូក-ងយើងខ្ញុំបានរៀបចំការហ្វឹកហាត់ដោយម៉ត់ចត់មុននឹងចូលរួមប្រណាំង ហើយចំនួនកីឡាករ-កីឡាការិនីដែលចូលរួមគឺមានប្រមាណ ២០០ នាក់ ទាំងទូក-ងបុរសនិងទូក-ងនារី "។
ពេលរសៀល មានមាមីងខ្មែរយ៉ាងច្រើនកុះករ តាំងពីមនុស្សចាស់រហូតដល់កុមារ បានមកជួបជុំគ្នានៅវត្ត និងនៅតាមដងព្រែក ដើម្បីទស្សនាកីឡាករ-កីឡាការិនីហ្វឹកហាត់ ចំណែកកីឡាករ-កីឡាការិនីវិញ បានបង្ហាញពីភាពសប្បាយរីករាយក្នុងការចូលរួមហ្វឹកហាត់យ៉ាងទៀងទាត់។ បង លីថាញ់កឿង កីឡាករទូក-ងវត្តបទុមរង្សីទំនប់ បានរៀបរាប់ដោយក្តីរំភើបថា៖ "ពេលព្រឹកខ្ញុំរវល់នឹងការងារស្រែចម្ការ ដល់ម៉ោង ៥ រសៀល ខ្ញុំតែងមានវត្តមានមកហ្វឹកហាត់រួមគ្នាជាមួយបងប្អូន ដើម្បីចូលរួមប្រកួតឱ្យបានកាន់តែល្អប្រសើរ ការអុំទូក-ងទោះបីមានការនឿយហត់ក៏ពិតមែន ប៉ុន្តែក៏មានក្តីសប្បាយរីករាយផងដែរ យើងខ្ញុំមានស្មារតីសាមគ្គីគ្នាដើម្បីចូលរួមសម្រេចបានស្នាដៃខ្ពស់ក្នុងពិធីបុណ្យអកអំបុកប្រណាំងទូក-ងឆ្នាំនេះ"។

ក្រុមទូក-ងវត្តផ្នោរកា ឃុំភូតឹមកំពុងហ្វឹកហាត់នៅលើបន្ទា។
ចំណែកក្រុមទូក-ងវត្តផ្នោរកា ឃុំភូតឹមគឺជាក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ២ កាលពីឆ្នាំ ២០០៦ ប៉ុន្តែឆ្លងកាត់ពិធីប្រណាំង ២០ ឆ្នាំកន្លងមក ថ្វីដ្បិតតែមានការប្តេជ្ញាចិត្តខ្ពស់ ប៉ុន្តែស្នាដៃនៅតែមិនទាន់វិលត្រឡប់មកវិញ ឆ្នាំនេះក្រុមបានលាបពណ៏ជួសជុលទូកថ្មីដោយសង្ឃឹមថានឹងទទួលបានស្នាដៃខ្ពស់ក្នុងពិធីប្រណាំងទូក-ងខាងមុខនេះ។ លោក ថាច់វ៉ាំងឌឿក អនុប្រធានក្រុមទូក-ងវត្តផ្នោរកា ឃុំភូតឹមបានឱ្យដឹង៖ “បច្ចុប្បន្នគឺហ្វឹកហាត់លើបន្ទាឈើក្នុងស្រះវត្ត ហ្វឹកហាត់រាល់ថ្ងៃ ប៉ុន្មានថ្ងៃទៀតយើងខ្ញុំនឹងយកទូក-ងទៅហ្វឹកហាត់នៅព្រែកម៉ាស្ពេរ៉ូ រហូតដល់ថ្ងៃប្រកួតជាផ្លូវការតែម្ដង ទូក-ងឆ្នាំនេះជួសជុលបានល្អណាស់ ហើយកីឡាករក៏ខ្លាំងជាងរាល់ឆ្នាំ ទូកធ្វើពីក្តារបន្ទះនិងមិនប្រើដងសន្ទួចទេ។ ឆ្នាំនេះមានកីឡាករជាង ១០០ នាក់ ពិសេសឆ្នាំនេះមានកីឡាករ និងសប្បុរសជនជួយឧបត្ថម្ភថវិកាដើម្បីជួសជុលទូកផងដែរ ទូកត្រូវបានជាងជំនាញជួសជុលដោយយកតែបាតទូកពីរបន្ទះប៉ុណ្ណោះ ចំណែកក្រៅពីនោះគឺប្តូរថ្មីទាំងអស់ ជួសជុលជិត៩០%”។
រាល់ពេលហ្វឹកហាត់មិនត្រឹមតែជាឱកាសសម្រាប់ហ្វឹកហាត់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកីឡាករលើកកម្ពស់សមត្ថភាពសហការ រក្សាចង្វាក់ និងពង្រីកកម្លាំងសាមគ្គីសមូហភាពផងដែរ។ ប្អូនស៊ើងហាយ៉ាង កីឡាករវត្តផ្នោរកា ឃុំភូតឹមបានឱ្យដឹង៖ "និយាយរួម ខ្ញុំក៏ចូលចិត្តកីឡាទូក-ងតាំងពីក្មេងមកម្ល៉េះ ព្រោះតាំងពីតូចមក ខ្ញុំតែងតែទៅតាមជីតាទៅមើលការប្រណាំងទូក-ង ខ្ញុំចង់បន្តប្រពៃណីរបស់គ្រួសារ ម៉្យាងទៀតចង់រួមចំណែកជួយដល់វត្ត ឆ្នាំនេះគឺជាឆ្នាំទីពីរហើយដែលខ្ញុំបានចូលរួមអុំទូក-ង”។
ដោយស្មារតី "សាមគ្គីភាព–ប្តេជ្ញាចិត្ត–ប្រណាំងដោយអស់ពីសមត្ថភាព" បណ្តាក្រុមទូក-ងនៃវត្តនានាកំពុងខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃដើម្បីបំពេញបច្ចេកទេស ពង្រឹងកម្លាំងកាយសម្បទា និងត្រៀមខ្លួនដើម្បីចូលរួមក្នុងពិធីបុណ្យប្រណាំងទូក-ង។ នៅពីក្រោយរាល់ចង្វាក់អុំដ៏អស់ពីកម្លាំងកាយចិត្តគឺការសង្ឃឹមរបស់មាមីង ការលើកទឹកចិត្តរបស់មហាជន និងមោទនភាពចំពោះអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។ សង្ឃឹមថា ជាមួយនឹងស្មារតីហ្វឹកហាត់យ៉ាងសកម្ម និងភាពសាមគ្គីគ្នារបស់ក្រុមនឹងរួមចំណែកធ្វើឱ្យពិធីបុណ្យប្រណាំងទូក-ងកាន់តែមានភាពអ៊ូអរ មានអត្ថន័យ និងបង្កើតបានជាការភ្ញាក់ផ្អើលនៅលើខ្សែប្រណាំងក្នុងពិធីបុណ្យអកអំបុកប្រណាំងទូក-ងតំបន់វាលរាបទន្លេគឺវឡុង នៅទីក្រុងកឹងធើឆ្នាំ ២០២៦ នេះ៕
ដាលីន