ជាមួយនឹងស្មារតីឧស្សាហ៍ព្យាយាម ទទួលខុសត្រូវ និងសាមគ្គីភាព នារីសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ បានចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង ដោយទង្វើជាក់ស្តែងជាច្រើន។ ចាប់ពីការការពារបរិស្ថាន ការគាំទ្រជីវភាព រហូតដល់ការផ្លាស់ប្តូរឌីជីថល បងប្អូននារី បានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម កសាងភូមិស្រុកមួយថ្ងៃកាន់តែស៊ីវិល័យ និងសម្បូរសប្បាយ។

នារីសង្កាត់ខាញ់ហ្វា រួមដៃគ្នាការពារបរិស្ថាន។
គាំទ្រចលនាប្រឡងប្រណាំង "កសាងនារីវៀតណាមក្នុងយុគសម័យថ្មី" ផ្សារភ្ជាប់ជាមួយនឹងការចលនាកសាងជនបទថ្មី និងទីក្រុងស៊ីវិល័យ សមាគមសហព័ន្ធនារីសង្កាត់ខាញ់ហ្វា បានធ្វើឱ្យជាក់ស្តែងនូវគោលការណ៍ និងសេចក្តីសម្រេចតាមរយៈសំណង់ និងការងារជាក់ស្តែងជាច្រើន។ លើកកម្ពស់តួនាទីរបស់នារីក្នុងគ្រួសារនិងសង្គម កម្មាភិបាល និងសមាជិកា ជនជាតិកិញ, ខ្មែរ, ហ្វា នៅលើភូមិឋាន បានចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង ចូលរួមកម្លាំងកាយចិត្ត កសាងទិដ្ឋភាពបរិស្ថាន អភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់គុណភាពការរស់នៅ។
ចំណុចលេចធ្លោបំផុតក្នុងការកសាងភូមិស្រុក គឺការចលនាកសាងគ្រួសារ "៥មិន, ៣ស្អាត, ៣សុវត្ថិភាព" និង "៥មាន, ៣ស្អាត"។ ចាប់តាំងពីដើមឆ្នាំ សមាគមសហព័ន្ធនារីសង្កាត់បានចុះកិច្ចសន្យាដោយផ្ទាល់ជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាចអំពីការកាប់ឆ្ការគុម្ពោតព្រៃ និងដាំដើមឈើលម្អផ្លូវជនបទ។ ទន្ទឹមនឹងនោះ ស្មារតីការពារបរិស្ថានជនបទក៏ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈនារី "ការពារបរិស្ថាន" ចំនួន ៦ ក្រុម, ក្លឹប "ប្រមូលសំរាមអសរីរាង្គបង្កើតមូលនិធិ" ចំនួន ៣ និងទម្រង់ "ផ្ទះខ្ញុំបៃតង ជ្រះ ស្អាត" នៅភូមិង៉ាតឺ និងតឹងហ៊ឹង។ ការប្រមូលនិងបែងប្រភេទសំរាម ព្រមទាំងទាញយកផលពីសំណល់ដែលអាចកែច្នៃឡើងវិញបាន មិនត្រឹមតែរួមចំណែកបន្ថយការកខ្វក់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប្រភពមូលនិធិ ឧបត្ថម្ភនារី និងកុមារដែលមានជីវភាពលំបាកទៀតផង។

រក្សានិងអភិវឌ្ឍន៍បណ្តាទម្រង់សេដ្ឋកិច្ចសមូហភាព។
ទន្ទឹមនឹងនោះ សមាគមគ្រប់លំដាប់ថ្នាក់នៅទាំងដើរតួនាទីជាកម្លាំងជំរុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។ សង្កាត់ទាំងមូលរក្សាបាននូវប្រសិទ្ធភាពនៃទម្រង់សេដ្ឋកិច្ចសមូហភាពជាច្រើនដូចជា៖ ក្រុមសហការចិញ្ចឹមក្តាម កិញម៉ើយ, ក្រុមសហការត្បាញកន្ត្រក កិញវែង ព្រមទាំងក្រុមដាំបន្លែសុវត្ថិភាព ដាំពោតបារាំង និងក្រុមលក់ដូរតូចតាច។ ជាពិសេស តាមរយៈក្រុមសន្សំប្រាក់រួមដើមទុនចំនួន ១៥ មានសមាជិក សមាជិកាចំនួន ៣១៥ នាក់ មានលក្ខណៈបន្ថែមក្នុងការជួយឧបត្ថម្ភគ្នាទៅវិញទៅមកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ អាស្រ័យហេតុនោះ បងប្អូននារីជាច្រើនហានផ្លាស់ប្តូរគំនិតក្នុងការផលិត លើកកម្ពស់គុណភាពផលិតផល កសាងជោគជ័យផលិតផលចំនួន ២ សម្រេចបានស្តង់ដារ OCOP ផ្កាយ ៣ អាស្រ័យដោយសមាជិកគ្រប់គ្រង គឺ៖ ចេកសម្ងួតយ៉ាភុក និងអំបិលបង្កង។
នៅចំពោះមុខជំហានផ្លាស់ប្តូរនៃយុគសម័យឌីជីថល នារីសង្កាត់ខាញ់ហ្វា ថែមទាំងស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងចលនា "ប្រជាសិក្សាឌីជីថល"។ កម្មាភិបាលសមាគមបានចុះទៅភូមិនានា ណែនាំបងប្អូននារីជនជាតិភាគតិចអនុវត្តនីតិវិធីរដ្ឋបាល របៀបដាក់ពាក្យស្នើសុំតាមទូរស័ព្ទដៃឆ្លាតវៃ និងណែនាំទូទាត់ប្រាក់តាមអេឡិចត្រូនិក រួមចំណែកជាមួយរដ្ឋអំណាចក្នុងការជំរុញដំណើរការផ្លាស់ប្តូរឌីជីថលឱ្យបានគ្រប់ជ្រុងជ្រោយ។
លោកស្រី ត្រឹងធីហុងដេប ប្រធានសមាគមសហព័ន្ធនារីសង្កាត់ខាញ់ហ្វា បានឱ្យដឹងថា រយៈពេលកន្លង សមាគមសហព័ន្ធនារីតែងច្បាមខ្ជាប់ភារកិច្ចនយោបាយ និងដាស់ភ្ញោកស្មារតីប្រឹងប្រែងដោយខ្លួនឯងរបស់សមាជិក។ ជាពិសេស សមាគមបានពង្រីកជាអតិបរមានូវតួនាទីស្នូលរបស់ប្រធានសាខាសមាគមទាំង ២០ រូបដែលជាបក្ខជន ដោយនាំយកទម្រង់ប្រជាចលនាប៉ិនប្រសប់ឱ្យបានស៊ីជម្រៅ។ រាល់ទង្វើជាក់ស្តែង ចាប់ពីការការពារបរិស្ថាន រហូតដល់ការផ្លាស់ប្តូរឌីជីថល សុទ្ធតែឆ្ពោះទៅរកគោលដៅកសាងសង្កាត់ខាញ់ហ្វាមួយដែលស៊ីវិល័យ ទំនើប និងប្រកបដោយមនោសញ្ចេតនា។
ការសាយភាយយ៉ាងខ្លាំងក្លានៃការចលនា មានការរួមចំណែកយ៉ាងស្មោះស្ម័គ្រពីសំណាក់កម្មាភិបាលសាខាសមាគម មូលដ្ឋាន ដូចជាបងស្រី លីធីយេន, ប្រធានសាខាសមាគមនារីមណ្ឌលង្វៀងអ៊ុក។ ក្នុងនាមជាកម្មាភិបាលបក្ខជនខ្មែរគំរូ បងស្រីយេន តែងឈានមុខក្នុងសកម្មភាពអនាម័យបរិស្ថាន បោសសម្អាតផ្លូវជនបទ ការដាំផ្កា ទន្ទឹមនឹងនោះសកម្មចលនាបងប្អូននារីក្នុងមណ្ឌលឱ្យចូលរួមជាមួយគ្នា រួមចំណែកកសាងទិដ្ឋភាពភូមិស្រុកបៃតង ជ្រះ ស្អាត។ អាស្រ័យយល់ច្បាស់ពីភាសានិងទំនៀមទម្លាប់ លោកស្រីតែងព្យាយាមពន្យល់ ចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់ដើមទុនមានប្រសិទ្ធភាព និងបច្ចេកទេសដាំដុះជូនសមាជិក។ បងស្រីយេន បានចែករំលែក៖ “នៅពេលដែលភូមិស្រុកជ្រះ ស្អាត ជីវភាពរបស់ប្រជាជនមានស្ថិរភាព នោះអ្នករាល់គ្នាកាន់តែមានការស្ងប់ចិត្តក្នុងការពលកម្ម ផលិត និងរួមសាមគ្គីគ្នាកសាងស្រុកកំណើតឱ្យកាន់តែរីកចម្រើនឡើង”។
ជាមួយនឹងទង្វើច្នៃប្រតិដ្ឋ និងជាក់ស្តែង សមាគមសហព័ន្ធនារីសង្កាត់ខាញ់ហ្វា បន្តរួមដំណើរជាមួយសមាជិកអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងគ្រួសារសុភមង្គល រួមចំណែកកសាងភូមិស្រុកមួយថ្ងៃឱ្យកាន់តែសមរម្យ ស៊ីវិល័យ និងប្រកបដោយមនោសញ្ចេតនា៕
ហុងទើ - វ៉ាន់តឹន