រយៈពេលកន្លង មានកម្មាភិបាល បក្ខជនជនជាតិខ្មែរជាច្រើន តែងបង្ហាញពីស្មារតីធ្វើជាគំរូ អស់ពីចិត្ត ឈានមុខក្នុងសកម្មភាព និងចលនានានានៅភូមិភាគ។ ជាជំហានៗរួមចំណែកកសាងភូមិស្រុកឱ្យកាន់តែផ្លាស់ប្តូរថ្មីជាលំដាប់ ក្នុងនោះមាន ពូ ថាច់ យឿងញ៉ាញ់ បក្ខជនខ្មែរនៅភូមិព្រែកអណ្អើក ឃុំញូយ៉ា ទីក្រុងកឹងធើ។

ពូ ថាច់ យឿងញ៉ាញ់ (ឈរទីពីរខាងស្តាំ) បក្ខជនខ្មែរ សកម្មរួមចំណែកក្នុងសកម្មភាពចលនារបស់ភូមិភាគ។
កើតនិងធំដឹងក្តីនៅតំបន់សុកត្រាំង ឆ្នាំ ១៩៨៨ ពេលទើបមានអាយុ ១៨ ឆ្នាំ ពូ ថាច់ យឿងញ៉ាញ់ បានតាមការកោះហៅរបស់ប្រទេសជាតិ អស់ពីចិត្តតាមបក្សនិងអ៊ំហូ ពូបានចូលរួមតស៊ូនៅសមរភូមិកម្ពុជា។ ឆ្នាំ ១៩៩៦ បានរដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី ៣ ព្រោះបានសម្រេចឆ្នើមភារកិច្ចអន្តរជាតិដ៏ត្រចះត្រចង់នៅកម្ពុជា។ បើកនូវទំព័រអនុស្សាវរីយ៍ដ៏អង់អាចក្លាហាននៅសមរភូមិកម្ពុជា ពូ ញ៉ាញ់ រំលឹកឱ្យដឹង៖ “ក្នុងនាមជាយុទ្ធជនម្នាក់ដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមនៅសមរភូមិ ប្រកៀកស្មាជាមួយយុទ្ធមិត្តជំនះរាល់ការលំបាក បានបង្កឱ្យខ្លួនមានស្មារតីរឹងមាំ និងឆន្ទៈមុះមុតរបស់ “កងទ័ពអ៊ំហូ”។ ទោះបីសង្គ្រាមបានកន្លងហើយក៏ដោយ ប៉ុន្តែឆន្ទៈ និងស្មារតីនោះនៅតែមានវត្តមានក្នុងខ្លួនខ្ញុំជានិច្ច ក្លាយជាពន្លឺដឹកនាំក្នុងរាល់សកម្មភាព និងរាល់ជំហានរបស់ខ្ញុំ”។ ជាមួយនឹងស្មារតីនោះ ក្រោយពេលត្រឡប់មកស្រុកភូមិវិញ ពូមិនខ្លាចការលំបាកនោះទេ ដោយបានចូលរួមយ៉ាងសកម្មក្នុងចលនា និងភារកិច្ចនៅភូមិភាគ ដោយធ្លាប់កាន់តំណែងជាច្រើនដូច៖ អនុប្រធានសមាគមសហពន្ធយុវជនវៀតណាមស្រុកមីស្វៀង អនុលេខាគណៈកម្មាធិការបក្សឃុំថាញ់ក្វើយ ក្រោយមកជាអនុប្រធាន និងជាប្រធានអនុមន្ទីជនជាតិស្រុកមីស្វៀង ខេត្តសុកត្រាំង (ចាស់)។ មិនថានៅតំណែងណាក៏ដោយ ពូតែងលះបង់អស់ពីកាយចិត្ត និងជិតស្និទ្ធជាមួយប្រជាជន ដូច្នេះបានប្រជាជនស្រឡាញ់រាប់អាន និងភូមិភាគទុកចិត្ត។ ក្រោយពេលចូលនិវត្តន៍នៅឆ្នាំ ២០២៥ ពូមិនជ្រើសជីវិតសុខស្រួលសម្រាប់ខ្លួនទេ ប៉ុន្តែនៅតែបន្តរួមចំណែកកសាងតំបន់ភូមិស្រុក។ ជាមួយនឹងបទពិសោធន៍ពីការងារជាក់ស្តែង ពូបានក្លាយជា “ស្ពានតភ្ជាប់” របស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចក្នុងការចលនាប្រជាជនអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ និងក្នុងចលនាកសាងជនបទថ្មីនៅភូមិភាគ។ ពូ ញ៉ាញ់ បានឱ្យដឹង៖ “ឃើញផ្លូវថ្នល់ទ្រុឌទ្រោម ការធ្វើដំណើររបស់ប្រជាជនមានការលំបាក ដូច្នេះខ្ញុំចលនាថវិកាកសាងកំណាត់ផ្លូវជនបទប្រវែងជាង ១.០០០ ម៉ែត្រ ចលនាកសាងបង្គោលភ្លើងជាង ៣០ ដើម និងដាំផ្កាអមសងខាងផ្លូវ។ ឥឡូវ មិនត្រឹមតែមាមីងធ្វើដំណើរបានស្រួលប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យភូមិស្រុកកាន់តែភ្លឺ បៃតង ជ្រះ និងស្អាតទៀតផង”។

សកម្មផ្សព្វផ្សាយនូវគោលការណ៍គោលនយោបាយរបស់បក្ស និងរដ្ឋដល់ពុទ្ធបរិស័ទ ចលនាជួសជុលផ្នែកគម្រោងសំណង់ និងបោះទូក - ងថ្មីប្រគេនវត្តព្រែកអណ្ដើក។
រយះពេលកន្លង ពូ ញ៉ាញ់ តែងយកចិត្តទុកដាក់ដល់ជីវភាព ស្មារតីរបស់មាមីង និងរក្សាអត្តសញ្ញាណវប្បធម៌ដ៏ប្រពៃរបស់ជនជាតិ។ ពូសកម្មសហការជាមួយព្រះសង្ឃ និងសមាជិកគណៈកម្មការវត្តព្រែកអណ្ដើក ឃុំញូយ៉ា ដើម្បីចលនាពុទ្ធបរិស័ទចូលរួមថវិកាកសាង ជួសជុលផ្នែកគម្រោងសំណង់វត្តបោះទូក-ងថ្មី និងសហការជាមួយព្រះសង្ឃក្នុងការគ្រប់គ្រង កំណត់គោលដៅសកម្មភាពព្រះពុទ្ធសាសនា ពិធីបុណ្យទានសាសនា និងសកម្មភាពកម្សាន្តនៅក្នុងវត្ត។ យោងតាមព្រះតេជព្រះគុណ លី ថាញ គង់នៅវត្តព្រែកអណ្ដើក ឃុំញូយ៉ា ក្រោយពីចូលនិវត្តន៍ ពូ ញ៉ាញ់ នៅតែស្វាហាប់ជាមួយកិច្ចការវត្តដូច៖ ចលនានិងផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋដល់មាមីងពុទ្ធបរិស័ទក្នុងឱកាសថ្ងៃសីល និងថ្ងៃបុណ្យទានផ្សេងៗ...។ល។ ឧទាហរណ៍ដូច៖ ចលនាថវិកាកសាងសំណង់ និងផ្នែកគម្រោងផ្សេងៗក្នុងវត្ត ពេលដែលពូចលនាតែងទទួលបានការឯកភាព និងគាំទ្រពីព្រះសង្ឃ ក៏ដូចជាមាមីងពុទ្ធបរិស័ទផងដែរ។
ជាមួយនឹងការរួមចំណែកក្នុងដំណើរការការងារ សកម្មភាពនិងចលនានៅភូមិភាគក្នុងឆ្នាំ ២០២៦ ពូ ញ៉ាញ់ មានកិត្តិយសបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមប្រគល់ជូនមេដាយ ៣០ ឆ្នាំអាយុបក្ស ដែលជារង្វាន់ដ៏ខ្ពង់ខ្ពស់ទទួលស្គាល់នូវដំណើរការលះបង់យ៉ាងខ្ជាប់ខ្ជួន ការទទួលខុសត្រូវ និងពោរពេញដោយការប្តេជ្ញាចិត្តរបស់ពូ។
លោកស្រី ង្វៀង ហុងក្វាង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញូយ៉ា ទីក្រុងកឹងធើ បានឱ្យដឹង៖ “ដោយមានស្មារតីក្លៀវក្លា និងការទទួលខុសត្រូវ បក្ខជនខ្មែរ ថាច់ យឿងញ៉ាញ់ បានបញ្ជាក់ និងពង្រីកល្អនូវតួនាទីស្នូលដើម្បីជួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាចផ្សព្វផ្សាយមានប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយ ពិសេសគឺគោលនយោបាយពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនរួមជាតិ។ សមមិត្តគឺជាស្ពានតភ្ជាប់យ៉ាងរឹងមាំនូវផែនមហាសាមគ្គីជនជាតិ និងជាស្នូលរួមចំណែកថែរក្សាតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនរួមជាតិខ្មែរនៅភូមិភាគ”៕
ថាញ់ហ្វាង - មេងលី