ស្ពានថ្មីៗនឹងដងផ្លូវដែលបានរៀបចំកែលម្អស្អាតបាត និងបង្គោលភ្លើងថាមពលព្រះអាទិត្យបំភ្លឺផ្លូវតាមភូមិនៅឃុំធ្វឹងហ្វា និងឃុំមីហឿង ទីក្រុងកឹងធើ កំពុងរួមចំណែកផ្លាស់ប្តូរទិដ្ឋភាពជនបទ។ នោះគឺជាស្មារតី សាម គ្គីភាព រវាងរដ្ឋអំណាចនិងប្រជាជន រួមចំណែកកសាងមាតុភូមិកាន់តែស៊ីវិល័យ សម្បូរសប្បាយ។

ស្ពានបានកសាងរួចរាល់ជួយឱ្យប្រជាជនធ្វើដំណើរទៅមកបានងាយស្រួល។
លោកស្រី ចូវហុងហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឺងហ្វា បានឱ្យដឹង ចាប់តាំងពីដើមឆ្នាំមក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បានចលនាកសាងស្ពានជនបទចំនួន ២ និងថែរក្សាផ្លូវគំរូចំនួន ១១ មានប្រវែងសរុប ១៤.៧០០ ម៉ែត្រ រួមថវិកាជាង ៤០០ លានដុង។ សំណង់ទាំងនេះបានរួមចំណែកបង្កភាពងាយស្រួលដល់ប្រជាជនក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ពិសេស នៅភូមិត្រាកាន់ A2 រដ្ឋអំណាចបានសហការជាមួយអ្នកមានប្រិយភាព ចលនាប្រជាជន រួមចំណែកដាក់អំពូលភ្លើងថាមពលព្រះអាទិត្យចំនួន ១៨ ដើម សរុបថវិកាជិត ៣០ លានដុង។ មិនត្រឹមតែចូលរួមជាប្រភពកម្លាំងសង្គមូបនីយកម្មប៉ុណ្ណោះទេ ប្រជាជនថែមទាំងចូលរួមជាទឹកប្រាក់ និងកម្លាំងពលកម្មដោយផ្ទាល់ដើម្បីសម្រេចការកសាងសំណង់ទាំងនេះ។ នៅលើដងផ្លូវដែលបានអុជបំភ្លឺ ទិដ្ឋភាពជនបទកាន់តែស្រស់ស្អាត ការធ្វើដំណើររបស់មាមីង ប្រជាជននៅពេលយប់មានភាពងាយស្រួល និងមានសុវត្ថិភាព។ លោក ត្រឹងវ៉ុាងដេវ លេខាសាខាបក្សភូមិត្រាកាន់ A2 មានប្រសាសន៍៖ “រដ្ឋវិនិយោគកសាងផ្លូវ ដូច្នេះមាមីងនឹងប្រជាជនរួមគ្នាដាំផ្កាលម្អ អនាម័យផ្លូវ និងរួមចំណែកកសាងអំពូលភ្លើងផ្លូវ ដើម្បីរួមចំណែកធ្វើឱ្យផ្លូវភ្លឺ បៃតង ជ្រះ និងស្អាតជាងមុន។ ឃើញផ្លូវភូមិស្អាត មាំទាំ មាមីងអ្នកណាក៏សប្បាយចិត្ត និងស្ម័គ្រចិត្តព្រួតដៃជាមួយរដ្ឋអំណាចកសាងជនបទ”។
មិនត្រឹមតែឃុំធ្វឹងហ្វាប៉ុណ្ណោះទេ នៅឃុំមីហឿង ការចលនារួមកម្លាំងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏បានរីកសាយភាយយ៉ាងខ្លាំងក្លា។ ផ្តើមពីប្រភពសង្គមូបនីយកម្ម គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បានសហការសាងសង់ស្ពានគមនាគមន៍ជនបទចំនួន ១៦ ដែលមានតម្លៃសរុបជាង ៦,៥ ពាន់លានដុង។ ក្នុងនោះ ស្ពានយីវហីប នៅភូមិបឹងកក់ ឃុំមីហឿង មានប្រវែង ៥២ ម៉ែត្រ ទទឹង ៣,៥ ម៉ែត្រ ថវិកាកសាងសរុប ៧៥០ លានដុង។ កម្មវិធី “ស្ពានតភ្ជាប់ក្តីស្រឡាញ់ - ធៀងហ្វៀងធៀងភឿក” ទីក្រុងហូជីមិញ បានឧបត្ថម្ភ ៤៥០ លានដុង ចំណែកថវិកាក្រៅពីនេះគឺ អាស្រ័យការរួមចំណែករបស់ប្រជាជន។ ស្ពានបានកសាងរួចរាល់ មិនត្រឹមតែជួយឱ្យប្រជាជនធ្វើដំណើរទៅមកដោយសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ការដឹកជញ្ជូនកសិផល ទំនិញ និងជួយឱ្យសិស្សានុសិស្សទៅរៀនបានងាយស្រួល។ លោក លីហ្វាប៊ិញ នៅភូមិបឹងកក់ ឱ្យដឹងដោយក្ដីរំភើប៖ “ស្ពានយីវហីប បានកសាងរួចរាល់អ្នកណាក៏សប្បាយចិត្តដែរ ព្រោះថាឥឡូវនេះ រថយន្តអាចបើកបរមកដល់មុខផ្ទះ ការលក់ដូរបន្លែបង្ការ និងស្រូវអង្ករក៏ងាយស្រួល។ ស្ពាននេះកសាងឡើងគឺដោយសារមានការព្រួតដៃរបស់រដ្ឋ អំណាច សប្បុរសជននិងប្រជាជនក្នុងភូមិស្រុក”។
សំណង់ជនបទនីមួយៗ មិនត្រឹមតែរួមចំណែកបំពេញបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងការជ្រោមជ្រេងចំណងសាមគ្គីអ្នកជិតខាង បំផុសស្មារតីសាមគ្គីនិងការទទួលខុសត្រូវរបស់ប្រជាជន ក្នុងការកសាងមាតុភូមិ។ នេះជាមូលដ្ឋានគ្រឹះរឹងមាំដើម្បីឃុំធ្វឹងហ្វានិងមីហឿង បន្តការកៀរគរកម្លាំងប្រជាជន លើកកម្ពស់ប្រភពកម្លាំងសង្គមូបនីយកម្មក្នុងការកសាងជនបទ ដើម្បីឱ្យភូមិភាគសម្រេចលក្ខឋានកសាងជនបទថ្មីនាពេលឆាប់ៗនេះ៕
យ្វីអាញ-ត្រឹងរ៉ូន