ក្នុងឱកាសពិធីបុណ្យសែនដូនតា ឆ្នាំ២០២៦ ខេត្តអាងយ៉ាង បានចាត់តាំងសកម្មភាពជាច្រើនដើម្បីសួរសុខទុក្ខ និងប្រគេនជូនអំណោយដល់វត្តព្រះពុទ្ធសាសនាខ្មែរ អ្នកមានប្រិយភាព និងចាត់តាំងពិធីជួបជុំអំណរបុណ្យសែនដូនតា។ សកម្មភាពទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់គិតគូរដល់ជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរ ព្រមទាំងរួមចំណែកថែរក្សានិងអភិរក្សប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ជនរួមជាតិ និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

គណៈប្រតិភូនៃមន្ទីរជនជាតិនិងសាសនាខេត្តអាងយ៉ាង អញ្ជើញសួរសុខទុក្ខនិងប្រគេនទេយ្យទានដល់វត្តព្រះពុទ្ធសាសនាខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ នៅឃុំទ្រីតូង ខេត្តអាងយ៉ាង។
ក្នុងអំឡុងពេលបុណ្យសែនដូនតា បរិយាកាសនៅតាមភូមិស្រុកនិងវត្តព្រះពុទ្ធសាសនាខ្មែរក្នុងខេត្តអាងយ៉ាងកាន់តែមានភាពអ៊ូអរ។ នេះជាឱកាសដែលជនរួមជាតិខ្មែរ រំលឹកនឹកគុណដល់ជីដូនជីតានិងបុព្វការីជន បង្ហាញនូវកតញ្ញូតាធម៌ចំពោះលោកអ្នកមានគុណ ព្រមទាំងជួបជុំគ្រួសារ និងពង្រឹងចំណងសាមគ្គីភាពក្នុងសហគមន៍។ ស្ថិតក្នុងបរិយាកាសនេះ ថ្នាក់ដឹកនាំនិងស្ថាប័នគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានយកចិត្តទុកដាក់រៀបចំសកម្មភាពជាច្រើន ដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត រួមចំណែកដើម្បីមាមីងជនរួមជាតិខ្មែរ ប្រារព្ធពិធីបុណ្យសែនដូនតាប្រកបដោយភាពសប្បាយរីករាយ កក់ក្តៅនិងសុខដុមរមនា។
នៅទីតាំងអញ្ជើញដល់ឃុំទ្រីតូង តំណាងថ្នាក់ដឹកនាំមន្ទីរជនជាតិនិងសាសនា បានសួរសុខទុក្ខ ដោយយកចិត្តទុកដាក់អំពីសុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទ ព្រមទាំងកត់សម្គាល់និងស្ងើចសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងអ្នកមានប្រិយភាព ក្នុងការឃោសនាផ្សព្វផ្សាយ និងចលនាជនរួមជាតិខ្មែរឱ្យអនុវត្តល្អនូវគោល ការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ និងការកសាងជនបទថ្មី។ អំណោយដែលបានប្រគេននិងជូនដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ គឺជាការចែករំលែក ក្តីស្រឡាញ់ និងចំណងសាមគ្គីភាពរវាងថ្នាក់ដឹកនាំបក្ស រដ្ឋអំណាចនិងមាមីងជនរួមជាតិខ្មែរ។ សកម្មភាពនេះ បានរួមចំណែកបង្កនូវជំនឿទុកចិត្ត និងបង្កបរិយាកាសសប្បាយរីករាយ កក់ក្តៅ ក្នុងឱកាសប្រារព្ធពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ។
តាមប្រសាសន៍របស់លោក យ័ញថា អនុប្រធានមន្ទីរជនជាតិនិងសាសនាខេត្តអាងយ៉ាង ការចុះសួរសុខទុក្ខ ប្រសិទ្ធពរនិងជូនអំណោយដល់ជនរួមជាតិខ្មែរក្នុងឱកាសបុណ្យសែនដូនតា គឺជាសកម្មភាពជាក់ស្តែង បង្ហាញពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះមាមីងជនរួមជាតិ។ តាមរយៈសកម្មភាពនេះ បានរួមចំណែកពង្រឹងទំនាក់ទំនងនិងចំណងសាមគ្គីភាពរវាងរដ្ឋអំណាច ចំពោះព្រះសង្ឃ អ្នកមានប្រិយភាពនិងជនរួមជាតិខ្មែរ; ទន្ទឹមនឹងនោះ ក៏ជួយលើកកម្ពស់និងពង្រឹងតួនាទីរបស់ព្រះសង្ឃ អ្នកមានប្រិយភាព ក្នុងការឃោសនាផ្សព្វផ្សាយនិងចលនាជនរួមជាតិខ្មែរ អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ព្រមទាំងរួមកម្លាំងគ្នាកសាងមាតុភូមិឱ្យកាន់តែរីកចម្រើន។
រួមជាមួយនឹងសកម្មភាពចុះសួរសុខទុក្ខនៅតាមមូលដ្ឋាន សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តអាងយ៉ាង បានចាត់តាំងពិធីជួបជុំអបអរសាទរបុណ្យសែនដូនតា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីអតីតថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន និងអង្គការមហាជននានារបស់ខេត្ត ព្រមទាំងព្រះសង្ឃ អ្នកមានប្រិយភាពនិងជនរួមជាតិខ្មែរជាច្រើននៅទូទាំងខេត្ត សរុបជិត ៣០០ អង្គនិងនាក់។ ពិធីជួបជុំនេះ គឺជាឱកាសមួយដើម្បីពិនិត្យឡើងវិញនូវលទ្ធផលដែលសម្រេចបាន ក្នុងការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ទន្ទឹមនឹងនោះ ក៏ជាឱកាសដើម្បីលើកតម្កើងលក្ខណៈផូរផង់នៃវប្បធម៌និងជំនឿសាសនារបស់ជនជាតិ។

ខេត្តអាងយ៉ាង ចាត់តាំងពិធីជួបជុំអបអរសាទរបុណ្យសែនដូនតា ឆ្នាំ២០២៦។
នៅក្នុងឱកាសនៃពិធីជួបជុំនេះ ព្រះឧបជ្ឈាយ៍ ចៅប្រុស អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តអាងយ៉ាង មានថេរដីកាសង្កត់ធ្ងន់ថា បុណ្យសែនដូនតា គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ជនរួមជាតិខ្មែរ បង្ហាញយ៉ាងជ្រាលជ្រៅនូវគុណធម៌ "ផឹកទឹកនឹកប្រភព" ព្រមទាំងជាការរំលឹកដល់ជីដូនជីតានិងបុព្វការីជន។ ព្រះឧបជ្ឈាយ៍ ចៅប្រុស មានថេរដីកាបន្តថា នេះក៏ជាឱកាសដែលសមាជិកគ្រួសារគ្រប់ជំនាន់បានជួបជុំ ដើម្បីរួមគ្នាថែរក្សានិងបន្តនូវតម្លៃដ៏ល្អប្រពៃ ដែលបានបន្សល់ទុកនិងផ្ទេរពីមួយជំនាន់ទៅមួយជំនាន់។ តាមថេរដីការបស់ព្រះឧបជ្ឈាយ៍ បុណ្យសែនដូនតា មានអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅចំពោះយុវជនជំនាន់ក្រោយ។ តាមរយៈពិធីប្រពៃណីទាំងនេះ កូនចៅបានរំលឹកឱ្យស្គាល់និងចងចាំពីប្រភពដើម ចេះគោរពនិងដឹងគុណចំពោះជីដូនជីតានិងឪពុកម្តាយ ចេះរស់នៅប្រកបដោយមេត្តាករុណា ចេះចែករំលែកនិងមានការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះគ្រួសារ សហគមន៍និងមាតុភូមិរបស់ខ្លួន។
ការចូលរួមនិងការយកចិត្តទុកដាក់ទាន់ពេល និងប្រកបដោយការទទួលខុសត្រូវពីសំណាក់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងអង្គការមហាជនគ្រប់លំដាប់ថ្នាក់របស់ខេត្តអាងយ៉ាង ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ មិនត្រឹមតែបាននាំមកនូវភាពរីករាយ និងភាពកក់ក្តៅនៅតាមភូមិស្រុកប៉ុណ្ណោះទេ ព្រមទាំងបានរួមចំណែកពង្រឹងចំណងផ្សារភ្ជាប់រវាង "ឆន្ទៈបក្ស" និង "ទឹកចិត្តប្រជាជន" ឱ្យកាន់តែរឹងមាំ។ ដោយឈរលើមូលដ្ឋាននៃសាមគ្គីភាព និងការរួបរួមគ្នារបស់ជនរួមជាតិខ្មែរ រួមជាមួយបងប្អូនជនជាតិដទៃទៀតនៅក្នុងខេត្ត បន្តរួមកម្លាំង រួមចិត្តគ្នា ដើម្បីជម្នះការលំបាក អភិវឌ្ឍសេដ្ឋកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ព្រមទាំងរួមចំណែកកសាងខេត្តអាងយ៉ាងឱ្យកាន់តែសម្បូរសប្បាយនិងស៊ីវិល័យ៕
ហុងទើ - ពេជ្រសឿន