ស្ម័គ្រចិត្តបរិច្ចាគដីប្រគេនវត្តកសាងឈាបនដ្ឋាន និងបរិច្ចាគដីពង្រីកផ្លូវ នោះគឺបងត្រឿងវុាំងថាញ នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ខេត្តវិញឡុង បានរួមចំណែកយកចិត្តទុកដាក់គិតគូរដល់ជីវភាពមាមីង។ ទង្វើជាក់ស្តែងរបស់កសិករខ្មែររូបនេះ បង្ហាញពីស្មារតីចែករំលែក និងរួមកម្លាំងកសាងជនបទថ្មី។

បង ត្រឿងវុាំងថាញ ឈរក្បែរផ្លូវបេតុងទទឹង ៣ ម៉ែត្រ ដែលគ្រួសារគាត់បានបរិច្ចាគ។
បង ត្រឿងវុាំងថាញ កើតឆ្នាំ ១៩៧៦ ក្នុងគ្រួសារកសិករខ្មែរមួយនៅភូមិដៃទទឹង ឃុំតឹបង៉ាយ ខេត្តវិញឡុង តែងផ្សារភ្ជាប់នឹងស្រែចម្ការ និងយល់ពីតម្លៃរបស់ដីធ្លីចំពោះជីវភាពកសិករ។ ទោះបីដីធ្លីជាប្រភពរកស៊ីចិញ្ចឹមជីវិតរបស់គ្រួសារក៏ដោយ ប៉ុន្តែពេលភូមិភាគចលនាបរិច្ចាគដីពង្រីកផ្លូវគមនាគមន៍ គាត់ក៏ស្ម័គ្រចិត្តបរិច្ចាគដើម្បីផលប្រយោជន៍រួម។ ផ្លូវបេតុងក្នុងភូមិពីមុនមានទទឹងប្រមាណ២ម៉ែត្រ រថយន្តនិងម៉ាស៊ីនកសិកម្មឆ្លងកាត់មានការលំបាកច្រើន។ “សង្កេតឃើញផ្លូវចង្អៀត មានការលំបាកដល់ប្រជាជន ម្ល៉ោះហើយខ្ញុំក៏បរិច្ចាគដីធ្វើផ្លូវ ដើម្បីការធ្វើដំណើរទៅមក និងដឹកជញ្ជូនកសិផលកាន់តែមានភាពងាយស្រួលជាងទៀត។ ឥឡូវនេះ រថយន្ត និងម៉ាស៊ីនច្រូតស្រូវឆ្លងកាត់មានភាពងាយស្រួល ប្រជាជនមានក្តីត្រេកអរក្រៃលែង។ ពេលឃើញផ្លូវបម្រើតម្រូវការរស់នៅ ការផលិតបានល្អប្រសើរជាងមុន ខ្ញុំមានក្តីត្រេកអរពន់ពេក ពីព្រោះការរួមចំណែករបស់គ្រួសារបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ ចំពោះរូបខ្ញុំ ក្តីរីករាយនោះគឺជាអត្ថន័យនៃការចែករំលែកជាមួយសហគមន៍” – បង ត្រឿងវុាំងថាញ បានឱ្យដឹងដូច្នេះ។
លោក ថាច់សុខា ប្រធានគណៈការងាររណសិរ្សភូមិដៃទទឹង ឱ្យដឹង៖ ក្រៅពីបរិច្ចាគដីពង្រីកផ្លូវ ពីមុនបងត្រឿងវុាំងថាញ ក៏បានប្រគេនដីស្រែ ៥ កុងដល់វត្តសាមគ្គីមុនីសុវណ្ណនទី (ដៃទទឹង)។ ក្រោយមក គាំទ្រការចលនារបស់ភូមិភាគ គាត់បន្តបរិច្ចាគដីប្រមាណ ១ កុងទៀត ដើម្បីកសាងឈាបនដ្ឋាន បម្រើតម្រូវការរបស់ជនរួមជាតិខ្មែរ។ តាមរយៈទង្វើនីមួយៗ គ្រួសារបងបានបង្ហាញពីស្មារតីចែករំលែក ស្ម័គ្រចិត្តបរិច្ចាគដីមួយចំណែកដើម្បីផលប្រយោជន៍រួម រួមកម្លាំងកសាងសំណង់បម្រើសហគមន៍។
លោក ង្វៀងវុាំងឡឺ ប្រធានការិយាល័យវប្បធម៌ - សង្គមឃុំតឹបង៉ាយ មានប្រសាសន៏ នេះជាគំរូលេចធ្លោចំពោះការងាររួម រួមចំណែកលើកទឹកចិត្តមាមីងកសាងភូមិស្រុក។ ការស្ម័គ្រចិត្តបរិច្ចាគដីពង្រីកផ្លូវ បង្កលក្ខណៈជូនមាមីងធ្វើដំណើរទៅមក ដឹកជញ្ជូនកសិផល និងបើកបរម៉ាស៊ីនទៅវាលស្រែមានភាពងាយស្រួល។ លទ្ធផលនេះបង្ហាញពីអត្ថន័យជាក់ស្តែងនៃការស្រុះចិត្តស្រុះគំនិតកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ។
ជាមួយនឹងស្នាដៃឆ្នើមក្នុងការកសាងជនបទថ្មីកម្រិតខ្ពស់ឆ្នាំ ២០២៣ នៅឃុំតឹបង៉ាយ កន្លែងដែលមានជនរួមជាតិខ្មែររស់នៅកុះករ បង ត្រឿងវុាំងថាញ បានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ។ នេះជាការកត់សម្គាល់នូវការរួមចំណែកជាក់ស្តែងរបស់កសិករ ដែលតែងយកចិត្តទុកដាក់ដល់ផលប្រយោជន៍រួម។ ចាប់ពីការបរិច្ចាគដីប្រគេនវត្តកសាងឈាបនដ្ឋាន រហូតដល់បរិច្ចាគដីពង្រីកផ្លូវ បងបានរួមចំណែកឆ្លើយតបនឹងតម្រូវការរស់នៅ ការផលិតរបស់មាមីង។ ទង្វើទាំងនេះ បង្ហាញពីស្មារតីចែករំលែក ទទួលខុសត្រូវចំពោះសហគមន៍ ទន្ទឹមនឹងនោះរួមចំណែកលើកទឹកចិត្តប្រជាជនព្រួតដៃកសាងភូមិស្រុកកាន់តែអភិវឌ្ឍជាងទៀត៕
ទីទុយ - វិមាន