ឆ្ពោះដល់ពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ នៅតាមបណ្តាវត្តពុទ្ធសាសនាខ្មែរកំពុងត្រៀមលក្ខណៈយ៉ាងសកម្ម។ ចាប់ពីការបោះទូក ងថ្មី ជួសជុលទូក ងចាស់ រហូតដល់ការជ្រើសរើសកីឡាករ កីឡាការិនី និងការរៀបចំផែនការហាត់សម ការងារនានាត្រូវបានចាត់ចែងយ៉ាងរួសរាន់ បង្កើតបានជាបរិយាកាសអ៊ូអរមុនពេលពិធីបុណ្យប្រពៃណីឈានចូលមកដល់។

ទូក ងចំនួន ៣ គ្រឿងរបស់វត្តបឹងក្រចាប់ថ្មី បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការប្រកួត។
នៅវត្តបឹងក្រចាប់ថ្មី ឃុំតឹងថាញ់ ទូក ងថ្មីសម្រាប់ក្រុមនារីបានបោះរួចរាល់។ ព្រះតេជ ព្រះគុណ ថាច់ធឿន ព្រះចៅអធិការវត្តបឹងក្រចាប់ថ្មី មានថេរដីកា វត្តបានម្ចាស់ការបោះទូក ង ដើម្បីមានពេលគ្រប់គ្រាន់ក្នុងការជ្រើសរើស ប្រមូលផ្តុំកីឡាករ កីឡាការិនី និងរៀបចំការហាត់សម។ ឆ្នាំនេះ វត្តបានបោះទូក ងថ្មី១គ្រឿងសម្រាប់ក្រុមនារី ជួសជុលទូក ងចំនួន២ សម្រាប់ក្រុមបុរស និងចលនាជ្រើសរើសកីឡាការិនី។ យោងតាមថេរដីកាព្រះតេជព្រះគុណ ថាច់ធឿន ការបោះទូក ងថ្មី មិនត្រឹមតែដើម្បីត្រៀមកម្លាំងចូលរួមពិធីបុណ្យអកអំបុក - ប្រណាំងទូក ងទីក្រុងកឹងធើបើក ទូលាយប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈឱ្យនារីខ្មែរ មានឱកាសបន្ថែមក្នុងការចូលរួមសកម្មភាពវប្បធម៌ប្រពៃណីរបស់ជនជាតិ។ ទន្ទឹមនឹងនោះ បានរួមចំណែកធ្វើឱ្យពិធីបុណ្យកាន់តែមានភាពអ៊ូអរនិងទាក់ទាញ តាមនោះ បានជួយផ្សព្វផ្សាយ ថែរក្សានិងលើកស្ទួយកីឡាប្រណាំងទូក ងប្រពៃណីរបស់ជនរួមជាតិខ្មែរ។
នៅវត្តបឹងទន្សា ឃុំលីវទូ ការងារត្រៀមបម្រុងក៏ប្រព្រឹត្តទៅយ៉ាងរួសរាន់។ វត្តបានបោះទូក ងថ្មីតាមទម្រង់ទូកលុងជំនួសឱ្យទូក ងក្ដារពីមុនមក។ យោងតាមថេរដីកាព្រះឧបជ្ឈាយ៍ ថាច់សុង ព្រះចៅអធិការវត្តបឹងទន្សា គិតមកដល់ពេលនេះ មានកីឡាករជាង ១០០ នាក់បានចុះឈ្មោះហាត់សម ហើយវត្តបានបើកកិច្ចប្រជុំគណៈចាត់តាំងដោយចាត់ឱ្យគណៈកម្មការវត្តកៀរគរកីឡាករ ក្រុមភស្តុភារ និងរៀបចំផែនការហាត់សម។ លក្ខណៈពិសេស ក្នុងឆ្នាំនេះ គឺកីឡាករនឹងហាត់សមតាមចង្វាក់ថ្មីនៃទូកលុង។ ព្រះឧបជ្ឈាយ៍ ថាច់សុង មានថេរដីកា៖ “វត្តបានលើកទឹកចិត្តដល់កីឡាករទាំងអស់ឱ្យមានសាមគ្គីភាព ខិតខំហាត់សម និងប្រកួតឱ្យអស់ពីសមត្ថភាព។ ការចូលរួមប្រណាំងទូកង មិនត្រឹមតែផ្ដោតលើលទ្ធផលនោះទេ ប៉ុន្តែក៏ជាការចូលរួមថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិ និងធ្វើឱ្យពិធីបុណ្យកាន់តែមានភាពអ៊ូអរនិងទាក់ទាញ”។
ចំពោះជនរួមជាតិខ្មែរទូក ងមិនគ្រាន់តែជាមធ្យោបាយសម្រាប់អុំប្រណាំងប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃកម្លាំងនិងស្មារតីសាមគ្គីរបស់សហគមន៍។ រៀងរាល់ឆ្នាំនៃការអុំប្រណាំង កីឡាករទូក ង តែងស្រុះចិត្តគំនិតគ្នាឆ្ពោះទៅមុខ បង្កើតបានជាបរិយាកាសសប្បាយរីករាយ និងអ៊ូអរ។ ការម្ចាស់ការត្រៀមលក្ខណៈរដូវប្រណាំងរបស់បណ្តាវត្ត បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពប្រកួត ព្រមទាំងបង្ហាញពីការទទួលខុសត្រូវរបស់វត្តអារាមនិងសហគមន៍ក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ដែលជួយបង្កើតបានជាលក្ខណៈពិសេសដោយឡែកសម្រាប់ពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ឆ្នាំ២០២៦៕
យ្វីអាញ - ថាច់ធី