ជាច្រើនឆ្នាំមកនេះ ដើម្បីបង្កើនប្រាក់ចំណូលលើផ្ទៃដីស្រែតែមួយ គ្រួសារលោកឌិញឌឹកទ្រុង នៅភូមិបឹងចុង ឃុំតាយវុាំង ទីក្រុងកឹងធើ បានដាំផ្កាឈូកយកក្រឳប្តូរវេនក្នុងដីស្រែ។ ទម្រង់នេះ បាននាំមកនូវតម្លៃសេដ្ឋកិច្ចផង និងកែលម្អជីវបរិស្ថានផង ជួយឱ្យដំណាំស្រូវលូតលាស់ល្អ ផ្តល់ទិន្នផលខ្ពស់។

បង ឌិញឌឹកទ្រុង នៅឃុំតាយវុាំង ប្រមូលផលក្រឳឈូក។
នាំយើងខ្ញុំទស្សនាទម្រង់ដាំឈូក បងឌិញឌឹកទ្រុង ឱ្យដឹង៖ “ក្រឳឈូកគឺជាផ្នែកដើមខ្ចីដែលស្ថិតនៅក្នុងទឹកកប់ក្នុងភក់ មានពណ៌សស្រួយ និងបានយកមកច្នៃធ្វើម្ហូបអាហារជាច្រើនមុខ ដូចជា៖ ញាំក្រឳឈូក ស្លម្ជូរ ស៊ុបឆ្នាំងភ្លើង…បើប្រៀបនឹងដាំឈូកយកគ្រាប់ ឬយកផ្កានោះ ដាំឈូកយកក្រឳរយៈពេលប្រមូលផលខ្លីជាង និងអាចប្រមូលផលជាបន្តបន្ទាប់ជាច្រើនខែ។ ក្នុងលក្ខណៈដាំឈូកប្តូរវេនក្នុងដីស្រែផលិតស្រូវ ឈូកលូតលាស់ល្អ ចេញក្រឳស្មើរ ពេលអស់រដូវឈូកប្តូរមកធ្វើស្រែវិញ គឺស្រូវមិនសូវមានជំងឺ ទិន្នផល និងគុណភាពល្អ”។ លើផ្ទៃដី ២,៨ ហិកតា ឈូកបន្ទាប់ពីដាំបាន ៦០ ថ្ងៃនឹងចាប់ផ្តើមប្រមូលផល កន្លង៣ថ្ងៃប្រមូលផលក្រឳឈូកម្តង ជាមួយផ្ទៃដី ២,៨ ហិកតា ប្រមូលផលមួយលើក បានប្រមាណ ២៥០ គីឡូក្រាម លក់ក្នុងតម្លៃពី ១៨.០០០ - ៣៥.០០០ ដុង/គីឡូក្រាម ទូទាត់រួចស្រេចនៅចំណេញបានជាង ៣ លានដុង ប្រាក់ចំណេញខ្ពស់ជាងច្រើនដងបើប្រៀបនឹងធ្វើស្រែ។ បងទ្រុង ឱ្យដឹង៖ “ធម្មតាពេលអស់រដូវឈូក ខ្ញុំចាប់ផ្តើមពង្រោះស្រូវរដូវប្រាំង ពីព្រោះនេះជារដូវស្រូវមានទិន្នផលខ្ពស់ ដោយឡែករដូវដាំឈូក ខ្ញុំក៏ចិញ្ចឹមត្រីភីឡាព្យា ត្រីគល់រាំង… ពេលអស់រដូវឈូកនឹង ប្រមូលផលត្រីបានប្រមាណ ២ តោន រកបានប្រាក់ចំណេញជាង ៤០ លានដុង/ឆ្នាំ។ ដើម្បីបន្ថយប្រាក់ចំណាយក្នុងរដូវដាំឈូក ខ្ញុំបណ្តុះកូនដោយខ្លួនឯង ដូច្នេះប្រភពកូនពូជច្បាស់លាស់ មិនសូវមានសត្វល្អិតនិងជំងឺបំផ្លាញ។ កូនឈូកបន្ទាប់ពីដកពីស្រែ ត្រូវដាំលើដីដែលបានរៀបចំដីរាបស្មើ ដើម្បីជៀសវាងបាក់ពន្លកខ្ចី ដាំចន្លោះគ្នាពី ១,៥ ម៉ែត្រទៅ ២ ម៉ែត្រ។ ក្រោយពីដាំរួច រក្សាកម្រិតទឹកក្នុងវាលពី ២០ - ២៥ សង់ទីម៉ែត្រ ដើម្បីឈូកឆាប់ចាក់ឫស; ល្អបំផុតរក្សាកម្រិតទឹកក្នុងស្រែឈូកពី ៤០ - ៥០ សង់ទីម៉ែត្រ នឹងជួយឱ្យដើមលូតលាស់ល្អ”។
តាមប្រសាសន៍លោក យ័ញតឹងក្វៀង ប្រធានសមាគមកសិករឃុំតាយវុាំង ទម្រង់ដាំឈូកយកក្រ ឳប្តូរវេនជាមួយស្រូវ បានកសិករជាច្រើននៅភូមិភាគ អនុវត្ត ផ្ដល់ប្រាក់ចំណូលរាប់សិបលានដុងក្នុងមួយខែ។ ទន្ទឹមនឹងនោះ មានលក្ខណៈងាយដាំប្រាក់ ចំណាយទាប រយៈពេលប្រមូលផលលឿននិងតម្លៃសេដ្ឋកិច្ចខ្ពស់បង្គួរ ម្ល៉ោះហើយ កសិករជាច្រើនបានមោះមុតជ្រើសរើសដាំឈូក។ បច្ចុប្បន្ន ផ្ទៃដីដាំឈូកយកក្រឳនៅលើភូមិឋានឃុំប៉ាន់ស្មានប្រមាណ ៨ ហិកតា។ ទម្រង់នេះ មិនត្រឹមតែបើកឱកាសបង្កើនប្រាក់ចំណូលដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្កការងារធ្វើបន្ថែមដល់ពលករនៅភូមិភាគទៀតផង។ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជនបទ ក្នុងពេលខាងមុខ សមាគមនឹងជំរុញទឹកចិត្តសមាជិកបន្តដាំឈូកប្តូរវេនក្នុងដីស្រែ ដើម្បីរួមចំណែកបង្កើនប្រាក់ចំណូលលើផ្ទៃដីផលិតតែមួយ៕
ថាញវ៉ាង - វិមាន