ពង្រីកស្មារតីឈានមុខរបស់សមាគម និងអង្គការមហាជននានា រួមជាមួយការស្រុះស្រួលគ្នារបស់ប្រជាជន ឃុំថាញ់ថើយអាង បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីថែរក្សាអនាម័យបរិស្ថាន កែលម្អសោភណភាព និងកសាងដងផ្លូវបៃតង - ជ្រះ - ស្អាត រួមចំណែកបង្កទិដ្ឋភាពជនបទមានភាពសមរម្យ និងលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន។

សមាគមនិងអង្គការមហាជននានាឃុំថាញ់ថើយអាង ព្រួតដៃគ្នាកសាងជនបទថ្មី។
ពង្រីកចលនា “ថ្ងៃសៅរ៍ព្រួតដៃកសាងជនបទថ្មី” សមាគមនិងអង្គការមហាជននានានៅឃុំថាញ់ថើយអាង បានស្រុះស្រួលចេញដំណើរ កាប់ឆ្ការព្រៃស៊ុបទ្រុប កាត់មែកឈើបាំងផ្លូវ ជម្រះស្មៅ និងថែទាំផ្លូវផ្កាគំរូ។ តួយ៉ាងដូចនៅភូមិថាញ់អាង ១ សមាជិកសមាគម សមាជិកសម្ព័ន្ធយុវជន និងប្រជាជនយ៉ាងច្រើនកុះករបានចូលរួមយ៉ាងសកម្មក្នុងការកែលម្អ និងថែទាំផ្លូវផ្កាប្រវែង ១ គីឡូម៉ែត្រ។ សកម្មភាពនេះមិនត្រឹមតែរួមចំណែកកែលម្អសោភណភាពភូមិឋានប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់សុវត្ថិភាពសម្រាប់ប្រជាជន និងមធ្យោបាយធ្វើដំណើរតាម ដងផ្លូវភូមិភ្ជាប់ភូមិទៀតផង។
លោក ង្វៀងយ្វីខឿង លេខាសម្ព័ន្ធយុវជនឃុំថាញ់ថើយអាង ឱ្យដឹង៖ “យុវជនឃុំថាញ់ថើយអាង បានកំណត់ច្បាស់ថា បទដ្ឋានបរិស្ថានក្នុងការកសាងជនបទថ្មី ត្រូវចាប់ផ្តើមពីការងារជាក់ស្តែងនិងធ្វើជាប្រចាំ។ សម្ព័ន្ធយុវជនឃុំ បានប្រគល់ភារកិច្ចជូនសាខាសម្ព័ន្ធយុវជននីមួយៗ សហការជាមួយគណៈប្រជាជនភូមិ ដើម្បីរក្សាការកែលម្អសោភណភាព កាត់មែកឈើដែលបាំងផ្លូវ និងថែទាំផ្លូវផ្កា ដោយប្តេជ្ញាចិត្តប្រែក្លាយផ្លូវភូមិនីមួយៗឱ្យទៅជាសមិទ្ធផលភ្លឺ - បៃតង - ជ្រះ - ស្អាត បានបង្ហាញយ៉ាងច្បាស់ពីស្នាដៃរបស់យុវជន”។
ទន្ទឹមនឹងការកែលម្អសោភណភាពតាមបណ្ដោយ ដងផ្លូវគមនាគមន៍ ការងារថែរក្សាអនាម័យបរិស្ថាន និងធានាសុវត្ថិភាពចរាចរណ៍ ភ្ជាប់ជាមួយផលិតកសិកម្ម ក៏បានរដ្ឋអំណាចយកចិត្តទុកដាក់ជាពិសេស។ ឈានចូលដល់រដូវប្រមូលផលស្រូវ អង្គការមហាជន និងសមាគមថ្នាក់មូលដ្ឋាន បានម្ចាស់ការចុះតាមវាលស្រែ ផ្សព្វផ្សាយឱ្យប្រជាជនគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ មិនហាលស្រូវ ប្រមូលផ្តុំចំបើង ឬទុកដាក់គ្រឿងចក្របំពានលើចិញ្ចើមផ្លូវ បង្កការរាំងស្ទះ និងប្រឈមនឹងគ្រោះថ្នាក់។
បងស្រី ឡឹមធីទីហេន ប្រធានសាខាសមាគមកសិករភូមិហ៊ឹងថើយ ចែករំលែក៖ “កាលពីមុន ទម្លាប់បាញ់ថ្នាំរួចបោះសំបកដបនៅក្បែរភ្លឺស្រែ និងដុតចំបើងនៅតាមវាលស្រែ តែងតែកើតមានច្រើន។ សាខាសមាគមកសិករ បានព្យាយាមផ្សព្វផ្សាយយ៉ាងសកម្មនៅក្នុងការប្រជុំក្រុមសមាគម ដោយពន្យល់ច្បាស់ពីផលប៉ះពាល់ដល់សុខភាពនិងបរិស្ថាន។ រហូតមកទល់ពេលនេះ ប្រជាជនបានម្ចាស់ការប្រមូលចំបើងទុកសម្រាប់ចិញ្ចឹមសត្វនិងដាំដុះ ព្រមទាំងបោះសំបកដបនិងកញ្ចប់ថ្នាំនៅកន្លែងដែលបានកំណត់ត្រឹមត្រូវ។ អាស្រ័យហេតុនេះ ផ្លូវជនបទកាន់ តែស្រឡះ ស្អាតបាត ហើយបរិស្ថានរស់នៅរបស់ប្រជាជនក៏ត្រូវបានលើកកម្ពស់យ៉ាងច្បាស់”។
ការចូលរួមយ៉ាងម៉ឺងម៉ាត់របស់អង្គការមហាជននិងសមាគមនានា រួមជាមួយការស្រុះស្រួលគ្នារបស់ប្រជាជន គឺជាកម្លាំងចលករជួយឱ្យឃុំថាញ់ថើយអាង អនុវត្តចលនាកសាងជនបទថ្មីប្រកបដោយប្រសិទ្ធភាព។ ដងផ្លូវដែលមានផ្ការីកស្គុសស្គាយ រួមជាមួយស្មារតីថែរក្សាអនាម័យរបស់ប្រជាជន កំពុងបង្កើតឡើងនូវទិដ្ឋភាពជនបទភ្លឺ បៃតង ជ្រះ ស្អាត និងអភិវឌ្ឍន៍ប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ៕
ហុងទើ - ថាច់ធី