បុណ្យសែនដូនតា គឺជាឱកាសដែលជនរួមជាតិខ្មែររំលឹកនឹកគុណដល់ជីដូនជីតា ឪពុកម្ដាយ និងញាតិសន្តានដែលបានចែកឋានទៅហើយ ទន្ទឹមនឹងនោះសម្តែងនូវការគោរពចំពោះអ្នកដែលនៅមានជីវិតរស់នៅផងដែរ។ នៅវត្តសំរោងឯក សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង សកម្មភាពដាក់បាត្រ កាន់បិណ្ឌបានប្រព្រឹត្តឡើងក្នុងរយៈពេល១៥ថ្ងៃ ទាក់ទាញពុទ្ធបរិស័ទមកវត្តធ្វើបុណ្យសុន្ទរ៍ទានយ៉ាងច្រើនកុះករ។

ព្រះសង្ឃសូត្របារាភវសូត្រ។
ក្នុងជីវភាពរបស់ជនរួមជាតិខ្មែរនៅណាមបូ បុណ្យសែនដូនតាគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំទាំងបីរបស់ជនរួមជាតិខ្មែរ ផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា។ ក្នុងឱកាសនេះ កូនចៅទៅសួរសុខទុក្ខ និងជូនម្ហូបអាហារ សម្លៀកបំពាក់ថ្មី និងទេយ្យវត្ថុដល់ជីដូនជីតា ឪពុកម្ដាយទៅតាមលទ្ធភាពរបស់គ្រួសារនីមួយៗ។ ទន្ទឹមនឹងនោះ ញាតិសន្តានដែលបានចែកឋាន មាមីងត្រៀមបម្រុងម្ហូបអាហារយកទៅវត្តប្រគេនព្រះសង្ឃ ដាក់បាត្រ និងឧទ្ទិសផលបុណ្យ។ ទោះបីតំបន់នីមួយៗមានរបៀបចាត់តាំងផ្សេងគ្នាក៏ដោយ ប៉ុន្តែសុទ្ធតែមានចិត្តរំលឹកនឹកគុណដល់ជីដូនជីតា ឪពុកម្តាយ និងសូមសេចក្តីសុខចម្រើនដល់សង្គមគ្រួសារ នោះជាអត្ថន័យរួមនៃពិធីបុណ្យសែនដូនតា។
តាមប្រពៃណីរបស់ជនរួមជាតិខ្មែរ ចាប់ពីថ្ងៃ ១ រោច ដល់ថ្ងៃទី ១៤រោច ខែភទ្របទ ហៅថាថ្ងៃកាន់បិណ្ឌ; ថ្ងៃ១៥រោចជាថ្ងៃភ្ជុំបិណ្ឌ។ តាមជំនឿប្រជាប្រិយ ក្នុងរយៈពេលនេះ ព្រលឹងញាតិសន្តាននឹងបានដោះលែងត្រឡប់មករកកូនចៅ។ ព្រោះហេតុនោះ គ្រួសារជាច្រើនតែងទៅវត្តដាក់បាត្រ ឧន្ទិសផលបុណ្យដល់ជីដូនជីតា ឪពុកម្ដាយ និងញាតិសន្តានដែលបានចែកឋានទៅហើយ។ នេះជាឱកាសដើម្បីគ្រប់គ្នារំលឹកនឹកគុណដល់បុព្វការីជន និងរំលឹកកូនចៅរស់នៅត្រូវដឹងគុណ។

ព្រះសង្ឃវត្តសំរោងឯកទទួលភត្តនាថ្ងៃកាន់បិណ្ឌ។
នៅវត្តសំរោងឯក សកម្មភាពកាន់បិណ្ឌនិងភ្ជុំបិណ្ឌបានប្រព្រឹត្ត១៥ថ្ងៃ។ ប្រហែលម៉ោង ៤ ព្រឹក ព្រះសង្ឃសូត្របារាភវសូត្ររហូតដល់ព្រឹក។ បន្ទាប់មក ពុទ្ធបរិស័ទយកចង្ហាន់ ម្ហូបអាហារ នំនែកទៅវត្តដាក់បាត្រ ឧទ្ទិសផលបុណ្យដល់ញាតិសន្តានដែលបានចែកឋានទៅហើយ។ មាមីងរៀបចំម្ហូបអាហារទៅតាមលទ្ធភាពរបស់ខ្លួន ចូលរួមដោយចិត្តជ្រះថ្លា។ ទៅវត្តដាក់បាត្រក្នុងអំឡុងប៉ុន្មានថ្ងៃទាំងនេះ បានក្លាយជាទម្លាប់ក្នុងការធ្វើបុណ្យសុន្ទរ៍ទានរបស់គ្រួសារមាមីងខ្មែរជាច្រើននៅទីនេះ។
ទន្ទឹមនឹងពិធីដាក់បាត្រ ការស្ដាប់ព្រះសង្ឃសូត្រធម៌ និងពន្យល់ធម៌ ក៏ជួយឱ្យពុទ្ធបរិស័ទពិចារណាអំពីរបៀបរស់នៅផងដែរ។ តាមរយៈនោះ ក្រើនរំលឹកមាមីងរស់នៅមានការទទួលខុសត្រូវចំពោះគ្រួសារ ជៀសវាងអំពើខុស និងឆ្ពោះដល់អំពើល្អ។
បុណ្យសែនដូនតា ជាឱកាសដើម្បីសមាជិកក្នុងគ្រួសារជួបជុំគ្នា។ អ្នកដែលទៅធ្វើការឆ្ងាយមានឱកាសមកសួរសុខទុក្ខជីដូនជីតា ឪពុកម្ដាយ; កូនចៅរៀបចំម្ហូបអាហារទៅវត្ត។ ក្នុងការជួបជុំនោះ អ្នកមានវ័យចំណាស់រៀបរាប់ឱ្យជំនាន់ក្រោយស្តាប់អំពីជីដូនជីតា ញាតិសន្តានដែលបានចែកឋានទៅហើយ និងអត្ថន័យនៃការដាក់បាត្រ និងឧទ្ទិសផលបុណ្យ។ ពីមួយឆ្នាំទៅមួយឆ្នាំ ទំនៀមទម្លាប់បានរក្សាតាមរយៈការចូលរួមរបស់គ្រួសារនីមួយៗ ចាប់ពីការរៀបចំទេយ្យវត្ថុ រហូតដល់ប្រៀនប្រដៅកូនចៅចេះគោរពអ្នកធំ និងអត់ឱនអ្នកតូច។
ភូមិភាគនីមួយៗ មានពេលវេលានិងវិធីអនុវត្តកិច្ចមួយចំនួនអាចខុសគ្នា។ មានគ្រួសារខ្លះរៀបចំម្ហូបអាហារនៅផ្ទះមុនពេលទៅវត្ត មានគ្រួសារខ្លះរួមជាមួយសមាជិកក្នុងគ្រួសារយកម្ហូបអាហារទៅវត្ត មានគ្រួសារខ្លះនិមន្តព្រះសង្ឃមកផ្ទះទទួលភត្ត រួចឧទ្ទិសផលបុណ្យដល់ជីដូនជីតា ឪពុកម្ដាយ និងញាតិសន្តានដែលបានចែកឋានទៅហើយ។ ទោះបីអនុវត្តតាមវិធីណាក៏ដោយ ក៏បង្ហាញពីការដឹងគុណចំពោះជីដូនជីតា ឪពុកម្ដាយ ឧទ្ទិសផលបុណ្យដល់អ្នកដែលចែកឋានទៅហើយ និងសូមសេចក្តីសុខចម្រើន៕
ទីទុយ - វិមាន