ផ្តើមពីវត្តមួយដែលស្មៅដុះស៊ុមទ្រុប ស្ទើរតែគ្មានអ្នកស្គាល់ វត្តព្រីងព្រំមង្គល ស្ថិតនៅឃុំអាងឡាកថូង ទីក្រុងកឹងធើ បានផ្លាស់ប្តូរទិដ្ឋភាពជាបណ្តើរៗក្រោយរយៈពេលជាង ២០ ឆ្នាំ ពេលដែលព្រះតេជព្រះគុណ ស៊ើងង៉ុកហា បាននិមន្តមកគ្រប់គ្រង។ បច្ចុប្បន្ន ទីនេះមានភាពលេចធ្លោដោយសំណង់ជាច្រើនគួរជាទីចំណាប់អារម្មណ៍ ពិសេសគឺរូបព្រះពុទ្ធបដិមាអង្គធំៗនៅចំកណ្តាលភូមិស្រុក។

ព្រះពុទ្ធបដិមាកម្ពស់ ២៧ ម៉ែត្រ។
ប្រការគួរឱ្យកត់សម្គាល់ បន្ទាប់ពីបោះបង់ចោលអស់ជាច្រើនឆ្នាំ វត្តនេះទើបតែបាន កសាងឡើងនិងអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ សមិទ្ធផលទាំងនេះគឺកើតចេញពីការខិតខំប្រឹងប្រែងនិងការច្នៃប្រតិដ្ឋរបស់ព្រះចៅអធិការវត្ត ដែលជាអ្នកដឹកនាំការកសាងវត្តជាបន្តបន្ទាប់។
តាមលោកត្រឹងវ៉ាំងបន សមាជិកគណៈកម្មការវត្ត បានរៀបរាប់៖ កាលពីជាង ២០ ឆ្នាំមុន មិនសូវមានអ្នកណាដឹងស្គាល់វត្តនេះទេ។ ពីព្រោះទីនេះមានស្មៅដុះក្រាស់ និងមានអណ្តូងរណ្ដៅច្រើន នៅពេលមកដល់ទីនេះ គ្មាននរណាដឹងថាទីនោះជាវត្តឡើយ ទេសភាពនៅពេលនោះ មិនអាចពណ៌នាថាជាទេសភាពបានទេ វាដូចជាព្រៃអញ្ចឹង។
នៅឆ្នាំ២០០០ ព្រះតេជព្រះគុណ ស៊ើងង៉ុកហា បាននិមន្តមកកាន់ទីអារាមនេះដើម្បីធ្វើជាព្រះចៅអធិការវត្តរហូតមកដល់បច្ចុប្បន្ន ចាប់តាំងពីពេលនោះមក ព្រះអង្គបានចាប់ផ្តើមស្ថាបនាវត្តអារាមនេះ ឱ្យកាន់តែរីកចម្រើនឡើង។ ដោយស្មារតីឧស្សាហ៍ព្យាយាម និងការលះបង់ ព្រះអង្គបានដឹកនាំកសាងសំណង់ស្ថាបត្យកម្មជាច្រើនជាបន្តបន្ទាប់។ ដោយយល់ឃើញថាបរិវេណវត្តមានផ្ទៃដីធំទូលាយ ព្រះចៅអធិការវត្តបានរៀបចំសាងសង់នូវសំណង់ជាច្រើន ក្នុងនោះក៏មានសួនពុទ្ធប្រវត្តិរូបសត្វតំណាងឆ្នាំទាំង ១២ និងរូបសំណាកចម្លាក់ផ្សេងៗជាច្រើនទៀត។
ចំណុចលេចធ្លោពិសេសរបស់វត្តព្រីងព្រំមង្គល គឺមានព្រះពុទ្ធបដិមាអង្គធំៗ ដូចជាព្រះពុទ្ធរូបទ្រង់ប្រទានអភ័យកម្ពស់ ១៣ ម៉ែត្រ និងព្រះពុទ្ធរូបទ្រង់បរិនិព្វានកម្ពស់ ១៥ ម៉ែត្រ បណ្តោយ ៤២ ម៉ែត្រ។ នៅផ្នែកខាងក្រោមនៃបល្ល័ង្កនេះ ក៏បានរចនាឡើងជាល្វេងដ៏ធំទូលាយមួយសម្រាប់ដាក់តម្កល់ព្រះពុទ្ធរូបអង្គតូចៗ និងរូបសំណាកផ្សេងៗជាច្រើនទៀត។
ក្រៅពីនេះ វត្តនៅមានចំណុចលេចធ្លោជាច្រើនទៀត គឺព្រះពុទ្ធទ្រង់ត្រាស់ដឹង ដែលមានកម្ពស់រហូតដល់ ២៧ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ ព័ទ្ធជុំវិញដោយពុទ្ធបដិមាអង្គតូចៗជាច្រើន។
ព្រះតេជព្រះគុណ ស៊ើងង៉ុកហា ចៅអធិការវត្តព្រីងព្រំមង្គល មានថេរដីកា៖ “ពាក់ព័ន្ធនឹងការសាងព្រះពុទ្ធបដិមាអង្គធំៗ អាត្មាយល់ឃើញថា វត្តស្ថិតនៅក្នុងតំបន់ជ្រៅ បើសាងអង្គតូចនោះប្រជាជននៅឆ្ងាយពិបាកមើលឃើញនិងមិនសូវស្គាល់វត្តទេ។ ហេតុដូច្នេះហើយ បានជាអាត្មាចង់សាងព្រះពុទ្ធបដិមាអង្គធំៗ ដើម្បីបង្កើតភាពអធិកអធមដល់ទីវត្តអារាម។ បំណងប្រាថ្នារបស់អាត្មាគឺចង់ឱ្យវត្តមានការរីកចម្រើន ព្រោះថាវត្តស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល ហើយចំនួនពុទ្ធបរិស័ទចំណុះជើងវត្តក៏តិចទៀត ដូច្នេះការកសាងវត្តអារាមនៅមានការលំបាកច្រើន”។
ការរីកចម្រើននៃវត្តព្រីងព្រំមង្គលនាពេលបច្ចុប្បន្ន គឺជាលទ្ធផលនៃការលះបង់អស់ព្រះទ័យជាងពីរទសវត្សរ៍ បង្ហាញពីឧត្តមគតិរបស់ព្រះតេជព្រះគុណ ស៊ើង ង៉ុកហា ព្រមទាំងការចូលរួមសហការពីគណៈកម្មការវត្ត និងមាមីងពុទ្ធបរិស័ទជិតឆ្ងាយ។ រាល់សមិទ្ធផលនៃសំណង់ស្ថាបត្យកម្មដែលមានស្រាប់នៅទីនេះ មិនត្រឹមតែបំពេញតម្រូវការជំនឿសាសនា និងការគោរពបូជាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា និងថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិផងដែរ៕
វឌ្ឍា-ដាលីន