បុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរនៅ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា។ ដើម្បីបង្កលក្ខណៈឱ្យមាមីងប្រារព្ធពិធីបុណ្យប្រកបដោយភាពសប្បាយរីករាយនិងកក់ក្តៅ ទីក្រុងកឹងធើ កំពុងជំរុញការអនុវត្តយ៉ាងសកម្មនូវផែនការលេខ ៤៣៦/KH-UBND ដោយមានសកម្មភាពជាក់ស្តែងជាច្រើន សំដៅយកចិត្តទុកដាក់ដល់ជីវភាពរស់នៅទាំងផ្នែកសម្ភារៈ និងស្មារតីរបស់ជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈនោះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់បក្ខភាគ និងរដ្ឋអំណាចទីក្រុងចំពោះជនរួមជាតិខ្មែរ រួមចំណែកពង្រឹងនិងពង្រីកផែនមហាសាមគ្គីទូទាំងជនជាតិ។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខ ប្រគេនអំណោយនិងប្រសិទ្ធពរដល់វត្តព្រះពុទ្ធសាសនាខ្មែរក្នុងឱកាសបុណ្យសែនដូនតាឆ្នាំ២០២៥។
យោងតាមមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ បុណ្យសែនដូនតាឆ្នាំនេះ មានសកម្មភាពជាក់ស្តែងជាច្រើន។ ក្នុងនោះ ទីក្រុងក៏បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម ចុះសួរសុខទុក្ខ ជូនអំណោយ និងអបអរសាទរពិធីបុណ្យដល់អតីតថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមនិងទីក្រុង វីរមាតាវៀតណាម សិល្បករប្រជាជន ព្រមទាំងអង្គការ និងបុគ្គលដែលបានរួមចំណែកយ៉ាងច្រើនដល់ការពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ តាមរយៈនោះ ថ្នាក់ដឹកនាំទីក្រុងនឹងអញ្ជើញចុះសួរសុខទុក្ខ អបអរសាទរនិងជូនអំណោយដោយផ្ទាល់ដល់សមូហភាពចំនួន ៧៨ ព្រមទាំងគ្រួសារនិងបុគ្គលគំរូជនជាតិខ្មែរចំនួន ៧៦រូប ។
ទន្ទឹមនឹងនោះ ទីក្រុងក៏បានចង្អុលការដល់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ចាត់តាំងគណៈប្រតិភូចុះសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកមានប្រិយភាព គ្រួសារដែលមានជីវភាពលំបាក និងវត្តព្រះពុទ្ធសាសនាខ្មែរនៅក្នុងភូមិភាគ។ លើសពីនេះ ទីក្រុងបានចង្អុលការដល់ស្ថាប័ន មន្ទីរ គណៈ ផ្នែក អង្គការមហាជននិងអាជីវកម្មនានា បង្កលក្ខណៈងាយស្រួលបំផុត ដើម្បីឱ្យកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិតដែលជាជនជាតិខ្មែរ បានឈប់សម្រាកពិធីបុណ្យរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។ វិធានការនេះ ជួយដល់ជនរួមជាតិខ្មែរស្ងប់អារម្មណ៍ ជួបជុំជាមួយក្រុមគ្រួសារនិងប្រារព្ធពិធីបុណ្យតាមប្រពៃណី។ ចំណុចសំខាន់មួយក្នុងបណ្តាសកម្មភាពនៃការអបអរសាទរពិធីសែនដូនតាឆ្នាំនេះ គឺកម្មវិធីផ្សាយផ្ទាល់តាមទូរទស្សន៍ ក្រោមប្រធានបទ "អបអរសាទរពិធីបុណ្យសែនដូនតា ឆ្នាំ ២០២៦ - ថែរក្សាអត្តសញ្ញាណវប្បធម៌ លើកកម្ពស់កម្លាំងសាមគ្គីភាព និងកសាងអនាគត"។ កម្មវិធីគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅវត្តសិរីឧត្តមដៃអំពូរ ភូមិភូយ៉ាវ ឃុំយ៉ាហ្វា។ ព្រឹត្តិការណ៍នេះ បានរៀបចំយ៉ាងហ្មត់ចត់ដោយមានកម្មវិធីសម្តែងសិល្បៈពិសេសៗជាច្រើន ដែលបង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ ដោយក្រុមសិល្បៈខ្មែរ ព្រមទាំងមានបញ្ចាំងបទពិពណ៏នា ស្តីពីសមិទ្ធផលនៃការអភិវឌ្ឍតំបន់ជនជាតិភាគតិច អានសារជូនពររបស់ថ្នាក់ដឹកនាំទីក្រុង និងសុន្ទរកថារបស់តំណាងមន្ត្រីសង្ឃ។ ជាពិសេស ក្នុងក្របខណ្ឌកម្មវិធី គណៈចាត់តាំងបានប្រគេនអំណោយដល់វត្តនានា ព្រមទាំងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងប្រគល់អាហារូបករណ៍ដ៏មានអត្ថន័យជូនសិស្ស និងនិស្សិតជនជាតិខ្មែរ ដែលជម្នះការលំបាករៀនពូកែ។
លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ មានប្រសាសន៍ ការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយចំពោះជីវភាពរស់នៅទាំងផ្នែកសម្ភារៈ និងស្មារតីដល់ជនជាតិភាគតិច ជាពិសេសមាមីងជនរួមជាតិខ្មែរ តែងជាគោលនយោបាយដ៏ខ្ជាប់ខ្ជួន និងជាភារកិច្ចស្នូលដែលគណៈកម្មាធិការបក្ស និងរដ្ឋអំណាចទីក្រុងយកចិត្តទុកដាក់អនុវត្តជាបន្តបន្ទាប់។ សកម្មភាពអបអរសាទរពិធីបុណ្យសែនដូនតា ឆ្នាំ២០២៦ មិនត្រឹមតែមានគោលបំណងលើកតម្កើង និងអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រពៃប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពនិងការទទួលស្គាល់យ៉ាងជ្រាលជ្រៅ ចំពោះការរួមចំណែកដ៏ធំធេងរបស់មាមីងជនរួមជាតិខ្មែរ ក្នុងបុព្វហេតុកសាង ការពារនិងអភិវឌ្ឍទីក្រុងកឹងធើ។ ទីក្រុងនឹងបន្តអនុវត្តគ្រប់សព្វនិងទាន់ពេលវេលានូវគោលនយោបាយជនជាតិ ព្រមទាំងផ្តល់អាទិភាពប្រភពធនធានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ បង្កលក្ខណៈងាយស្រួលបំផុត ដើម្បីឱ្យមាមីងអាចអភិវឌ្ឍផលិត បង្កើនប្រាក់ចំណូលនិងតាមរយៈនោះ បន្តពង្រឹងឱ្យកាន់តែរឹងមាំនូវផែនមហាសាមគ្គីទូទាំងជនជាតិ។

ជនរួមជាតិខ្មែរប្រារព្ធពិធីបោះបាយបិណ្ឌ ដែលជាពិធីប្រពៃណីក្នុងឱកាសបុណ្យសែនដូនតា។
ព្រះតេជព្រះគុណ ស៊ើងមិញហៀង ព្រះចៅអធិការវត្តសិរីពោធិដើមពោធិ៍ ឃុំត្រឹងដែ មានថេរដីកាចែករំលែក៖ "ដោយសារទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រជាក់ស្តែងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជីវភាពសម្ភារៈនិងស្មារតីរបស់ពុទ្ធបរិស័ទខ្មែរកាន់តែសម្បូរសប្បាយ ភូមិស្រុកក៏កាន់តែមានភាពស្រស់ស្អាតនិងរីកចម្រើន។ ជារៀងរាល់ឆ្នាំ នៅពេលបុណ្យសែនដូនតា ការមានវត្តមាននៃការសួរសុខទុក្ខដោយភាពកក់ក្តៅនិងជូនអំណោយពោរពេញដោយទឹកចិត្តពីរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ បានបន្ថែមជំនឿយ៉ាងមុតមាំ និងជាការលើកទឹកចិត្តដ៏ធំធេងដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ"។
ជាមួយនឹងការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋអំណាច រួមនឹងកម្លាំងមហាសាមគ្គីនៃទូទាំងជនជាតិ មាមីងជនជាតិខ្មែរនៅទីក្រុងកឹងធើ នឹងទទួលពិធីបុណ្យសែនដូនតា ឆ្នាំ២០២៦ ប្រកបដោយភាពសប្បាយរីករាយនិងកក់ក្តៅ។ ទន្ទឹមនឹងនោះ មាមីងនឹងបន្តលើកកម្ពស់កម្លាំងផ្ទៃក្នុង ថែរក្សាអត្តសញ្ញាណវប្បធម៌ និងរួមគ្នាកសាងស្រុកភូមិឱ្យកាន់តែសម្បូររុងរឿងនិងស៊ីវិល័យ៕
ហុងទើ - ពេជ្រសឿន