ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/09/2026 - 22:00

ទីក្រុងកឹងធើប្តេជ្ញាចិត្តបង្កការលោតផ្លោះកំណែទម្រង់រដ្ឋបាល ឆ្ពោះទៅកាន់មូលដ្ឋាន 

កំណែទម្រង់រដ្ឋបាលមិនត្រឹមតែជាការបង្កើនពិន្ទុ ឬចំណាត់ថ្នាក់នោះទេ ប៉ុន្តែគឺជាការបំបាត់ភាពស្មុគស្មាញសម្រាប់ប្រជាជន និងអាជីវកម្ម។ ក្រោមការដឹកនាំ ចង្អុលការយ៉ាងជិតដិតពីសំណាក់ថ្នាក់ដឹកនាំទីក្រុងកឹងធើ ប្រព័ន្ធនយោបាយទាំងមូលកំពុងប្រមូលផ្តុំដោះស្រាយចំណុចរាំងស្ទះ រឹតបន្តឹងវិន័យ និងប្តេជ្ញាចិត្តបង្កការលោតផ្លោះកំណែទម្រង់រដ្ឋបាល ដោយតម្រង់ទិសដៅទាំងស្រុងទៅលើការបម្រើប្រជាជន។

កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពីសំណើដំណោះស្រាយជំរុញកំណែទម្រង់រដ្ឋបាល និងលើកកម្ពស់សន្ទស្សន៍ PAR Index, SIPAS, PCI, PGI នៃទីក្រុងកឹងធើ។

ថ្មី​ៗនេះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​បាន​ចាត់​តាំង​ប្រ​ជុំ​ស្ដី​ពី​សំណើ​ដំ​ណោះ​ស្រាយ​ជំ​រុញ​កំ​ណែ​ទម្រង់​រដ្ឋ​បាល និង​លើក​កម្ពស់​លទ្ធ​ផល​នៃ​សន្ទស្សន៍ PAR Index,​ SIPAS,​ PCI, PGI ដើម្បី​វាយ​តម្លៃ​ជាក់​ស្តែង​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន​រក​ឃើញ​នូវ​ចំ​ណុច​អន់​ថយ ខ្វះ​ចន្លោះ ព្រម​ទាំង​ស្ដាប់​មតិ​យោ​បល់​ពី​បណ្តា​ក្រ​សួង ស្ថា​ប័ន​ អ្នក​ជំ​នាញ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​គ្រប់​លំ​ដាប់​ថ្នាក់​ ប្រ​ជា​ជន​ និង​សហ​គម​ន៍អា​ជីវ​កម្ម​។ តាម​រយៈ​នោះ​ កិច្ច​ប្រ​ជុំ​ឆ្ពោះ​ដល់​ការ​ដាក់​ចេញ​នូវ​ដំ​ណោះ​ស្រាយ​ជា​មូល​ដ្ឋាន​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​បម្រើ​ កែ​លម្អ​នូវ​បរិស្ថាន​វិនិយោគ​និង​ធុរកិច្ច​ឱ្យ​បាន​ខ្លាំង​ក្លា​ រួម​ចំ​ណែក​បង្ក​កម្លាំង​ជំ​រុញ​ឱ្យ​ទី​ក្រុង​អភិវឌ្ឍ​ឆាប់​រហ័ស​ និង​ប្រ​កប​ដោយ​ចីរ​ភាព​។ កិច្ច​ប្រ​ជុំ​នេះ​បាន​ចាត់​តាំង​ឡើង​តាម​រូប​ភាព​ប្រ​ជុំ​ផ្ទាល់​និង​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ដោយ​តភ្ជាប់​យ៉ាង​រលូន​ពី​សាល​ប្រ​ជុំ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ទៅ​កាន់​ឃុំ​ សង្កាត់​ចំ​នួន​ ១០៣ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​។

នៅ​ក្នុង​អង្គ​ប្រ​ជុំ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ផ្ដោត​ការ​វិភាគ​ជាក់​ស្តែង​លើ​សេ​វា​កម្ម​រដ្ឋ​បាល​ និង​បរិស្ថាន​វិនិយោគ​របស់​ទី​ក្រុង​ តាម​រយៈ​របាយ​ការណ៍​លម្អិត​របស់​មន្ទីរ​មហា​ផ្ទៃ​អំ​ពី​លទ្ធ​ផល​នៃ​សន្ទស្សន៍​នា​នា​ក្នុង​ឆ្នាំ​២០២៥។ របាយ​ការណ៍​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ សន្ទស្សន៍​កែ​ទម្រង់​រដ្ឋ​បាល​ (PAR Index) របស់​ទី​ក្រុង​កឹង​ធើ​សម្រេច​បាន​ ៩០,០៥% ស្ថិត​ក្នុង​ក្រុម​ឆ្នើម​ និង​ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ​ ១៧ ក្នុង​ចំ​ណោម​ ៣៤ខេត្ត​ ក្រុង​ទូ​ទាំង​ប្រ​ទេស​ ក្នុង​នោះ​ពិន្ទុ​លើ​ការ​ងារ​ដឹក​នាំ​ ចង្អុល​ការ​ និង​គ្រប់​គ្រង​សម្រេច​បាន​កម្រិត​អតិ​បរ​មា​។ គួរ​កត់​សម្គាល់​ផង​ដែរ​ សន្ទស្សន៍​វាស់​ស្ទង់​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​សេ​វា​កម្ម​របស់​ស្ថា​ប័ន​រដ្ឋ​បាល​រដ្ឋ​ (SIPAS) ទទួល​បាន​ ៨៤,០៥% ដោយ​ឈរ​លំ​ដាប់​លេខ​ទី​ ១៣/៣៤ ទូ​ទាំង​ប្រ​ទេស​ និង​បន្ត​នាំ​មុខ​គេ​ក្នុង​ចំ​ណោម​ខេត្ត​ ក្រុង​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គី​វឡុង​។

ទន្ទឹម​នឹង​ចំ​ណុច​លេច​ធ្លោ​ កិច្ច​ប្រ​ជុំ​ក៏​បាន​បញ្ជាក់​យ៉ាង​ត្រង់​ៗនូវ​ចំ​ណុច​រាំង​ស្ទះ​ និង​ចំ​ណុច​អន់​ថយ​ដែល​អូស​បន្លាយ​ មិន​ទាន់​បាន​ដោះ​ស្រាយ​ឱ្យ​បាន​ដាច់​ស្រ​ឡះ​។ បញ្ហា​ទាំង​នោះ​ភាគ​ច្រើន​ផ្តោត​លើ​កំ​ណែ​ទម្រង់​របប​ការ​ងារ​រដ្ឋ​ លទ្ធ​ភាព​កៀក​ជិត​ដី​ធ្លី​ និង​ទី​ធ្លា​ផលិត​ ភាព​តម្លា​ភាព​ព័ត៌​មាន​ បន្ទុក​ចំ​ណាយ​ក្នុង​ការ​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​ ភាព​ម្ចាស់​ការ​ឧបត្ថម្ភ​អា​ជីវ​កម្ម​ ក៏​ដូច​ជា​សមត្ថ​ភាព​ធ្វើ​ឌីជី​ថលូ​បនីយ​កម្ម​សំណុំ​លិខិត​នៅ​គ្រប់​លំ​ដាប់​ថ្នាក់​។ ផ្តើម​ពី​នោះ​ ទី​ក្រុង​បាន​កំ​ណត់​ថា​ ការ​ងារ​កំ​ណែ​ទម្រង់​រដ្ឋ​បាល​ក្នុង​ដំ​ណាក់​កាល​ខាង​មុខ​ត្រូវ​តែ​ស៊ី​ជម្រៅ​ទៅ​លើ​ភាព​ជាក់​ស្តែង​ ដោះ​ស្រាយ​ឱ្យ​ចំ​បញ្ហា​ដែល​ប្រ​ជា​ជន​និង​សហ​គម​ន៍អា​ជីវ​កម្ម​យក​ចិត្ត​ទុក​ដាក់​បំ​ផុត​ ដោយ​យក​ការ​ពេញ​ចិត្ត​និង​លទ្ធ​ផល​ជាក់​ស្តែង​ធ្វើ​ជា​រង្វាស់​ស្ទង់​សមត្ថ​ភាព​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​។

តាម​ប្រ​សាសន៍​លោក​ ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ កម្មា​ភិបាល​ និង​អ្នក​រដ្ឋ​ការ​ត្រូវ​តែ​ផ្លាស់​ប្តូរ​ផ្នត់គំ​និត​ការ​ងារ​រដ្ឋ​យ៉ាង​ខ្លាំង​ក្លា​ ពី​ការ​សម្រេច​ភារ​កិច្ច​ទៅ​តាម​បែប​បទ​ មក​ជា​ផ្នត់គំ​និត​ស្ថា​បនា​ បង្កើត​លទ្ធ​ផល​កែ​ទម្រង់​ជាក់​ស្តែង​ និង​ច្នៃ​ប្រ​តិដ្ឋ​។ ត្រូវ​យក​ប្រ​សិទ្ធ​ភាព​នៃ​ការ​បម្រើ​ កម្រិត​នៃ​ការ​បន្ថយ​ពេល​វេលា​ និង​ការ​ចំ​ណាយ​របស់​ប្រ​ជា​ជន​ អា​ជីវ​កម្ម​ ធ្វើ​ជា​រង្វាស់​ខ្ពស់​បំ​ផុត​សម្រាប់​កម្រិត​នៃ​ការ​បំ​ពេញ​ភារ​កិច្ច​។ ការ​កែ​លម្អ​ PAR Index, SIPAS, PCI ឬ​ PGI ដាច់​ខាត​មិន​មែន​ជា​ការ​ប្រ​ណាំង​ប្រ​ជែង​យក​ពិន្ទុ​ ឬ​ចំ​ណាត់​ថ្នាក់​គ្រាន់​តែ​ជា​រូប​ភាព​នោះ​ទេ​ គឺ​ជា​ទិស​ដៅ​ស្នូល​ ដើម្បី​កសាង​ប្រ​ព័ន្ធ​រដ្ឋ​បាល​មួយ​ដែល​ទំនើប​ តម្លា​ភាព​ ក្រឹត្យ​ក្រម​ និង​ បង្ក​បុព្វ​បទ​លោត​ផ្លោះ​អនុ​វត្ត​ជោគ​ជ័យ​នូវ​ទិស​ដៅ​កំ​ណើន​សេដ្ឋ​កិច្ច​មាន​តួ​លេខ​ពីរ​ខ្ទង់​។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ សំ​ណូម​ពរ​ឱ្យ​ប្រ​ធាន​មន្ទីរ​ គណៈ​ ផ្នែក​ និង​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ សង្កាត់​ ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ចំ​ពោះ​លទ្ធ​ផល​កំ​ណែ​ទម្រង់​រដ្ឋ​បាល​របស់​ស្ថា​ប័ន​ និង​ភូមិ​ភាគ​ខ្លួន​; រឹត​បន្តឹង​វិន័យ​ ក្រឹត្យ​ក្រម​បំ​ពេញ​កាងារ​រដ្ឋ​ បង្កើន​អធិការ​កិច្ច​ និង​ត្រួត​ពិ​និត្យ​ដោយ​ចៃ​ដន្យ; ប្តេជ្ញា​ចិត្ត​បំ​បាត់​ជា​ដាច់​ខាត​នូវ​ផ្នត់គំ​និត​គេច​វេះ​ ខ្លាច​ខុស​ និង​រុញ​ច្រាន​ការ​ទទួល​ខុស​ត្រូវ​។ ក្នុង​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ អង្គ​ភាព​នា​នា​ត្រូវ​តែ​ម្ចាស់​ការ​ត្រួត​ពិ​និត្យ​វឌ្ឍន​ភាព​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ បង្កើត​ប្រ​ព័ន្ធ​ព្រមាន​ជា​មុន​សម្រាប់​សំណុំ​លិខិត​ដែល​មាន​ហា​និភ័យ​ហួស​កាល​កំ​ណត់​; លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ណែ​នាំ​ ចាប់​ពី​ដំ​ណាក់​កាល​ទទួល​ដំ​បូង​ ដាច់​ខាត​មិនប​ណ្តោ​យឱ្យ​មាន​ស្ថាន​ភាព​ប្រ​ជា​ជន​ត្រូវ​បំ​ពេញ​សំណុំ​លិខិត​បន្ថែម​ជា​ច្រើន​ដង​ឡើយ​។ ទន្ទឹម​នឹង​នេះ​ ទី​ក្រុង​ទាំង​មូល​ត្រូវ​ជំ​រុញ​ការ​អនុ​វត្ត​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ពេញ​លេញ​ អនុ​វត្ត​ឱ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​ការត​ភ្ជាប់​ និង​ចែក​រំលែក​មូល​ដ្ឋាន​ទិន្ន​ន័យ​រួម​ ដោយ​មិន​តម្រូវ​ឱ្យ​ប្រ​ជា​ជន​ដាក់​លិខិត​ស្នាម​ ឬ​បំ​ពេញ​បន្ថែម​ព័ត៌​មាន​ដែល​បាន​បញ្ចូល​ទៅ​ក្នុង​ប្រ​ព័ន្ធ​ឌីជី​ថល​រួច​ហើយ​នោះ​ឡើយ​។​

មជ្ឈមណ្ឌលសេវារដ្ឋបាលរដ្ឋឃុំឡាយហ្វា យកចិត្តទុកដាក់ជួយដល់ប្រជាជនក្នុងការដោះស្រាយបែបបទរដ្ឋបាល។

យោង​តាម​ប្រ​សាសន៍​លោក​ ផាង​វ៉ាំង​ធ្វឹង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡាយ​ហ្វា​ ក្រោយ​ពី​កិច្ច​ប្រ​ជុំ​នេះ​ ឃុំ​ឡាយ​ហ្វា​បន្ត​ជ្រួត​ជ្រាប​ និង​អនុ​វត្ត​ភារ​កិច្ច​កែ​ទម្រង់​រដ្ឋ​បាល​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​កម្មា​ភិបាល​ និង​អ្នក​រដ្ឋ​ការ​ បង្កើន​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ កែ​លម្អ​គុណ​ភាព​នៃ​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ និង​ឆ្ពោះ​ដល់​ការក​សាង​រដ្ឋ​បាល​បម្រើ​ ទំនើប​ និង​ប្រ​សិទ្ធ​ភាព​។

កំ​ណែ​ទម្រង់​រដ្ឋ​បាល​ យក​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​ធ្វើ​ជា​រង្វាស់​។ ដោយ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​ ចាប់​ពី​គំ​និត​ទៅ​ជា​អនុ​វត្ត​ជាក់​ស្តែង​នៅ​ថ្នាក់​មូល​ដ្ឋាន​ ទី​ក្រុង​កឹង​ធើ​កំ​ពុង​ឈាន​មួយ​ជំ​ហាន​ម្តង​ៗ ឆ្ពោះ​ទៅ​សម្រេច​ទិស​ដៅ​កសាង​ខឿន​រដ្ឋ​បាល​រដ្ឋ​បម្រើ​ ស្ថា​បនា​ និង​អភិវឌ្ឍ​ន៍៕​

ហុងទើ- ថាច់ធី

 

ចែករំលែកអត្ថបទ