នាព្រឹកថ្ងៃទី ១៧ ខែកញ្ញា សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូទីក្រុងកឹងធើ បានចាត់តាំងពិធីបើកវគ្គបំប៉នភាសាខ្មែរ ឆ្នាំ ២០២៦ ដល់សិក្ខាកាមចំនួន ១៥៩ រូប ដែលជាកម្មាភិបាល និយោជិក នៅលើភូមិឋានទីក្រុង។ នេះជាឆ្នាំទីប្រាំបី ដែលសាលាអនុវត្តភារកិច្ចបំប៉នភាសាខ្មែរដល់កម្មាភិបាល និយោជិក។

ទិដ្ឋភាពនៃពិធីបើកវគ្គសិក្សា។
តាមរយៈនោះ សាលាចាត់តាំង ៣ ថ្នាក់ ក្នុងនោះ មាន ២ ថ្នាក់ភាសាខ្មែរមូលដ្ឋាន មានសិក្ខាកាមចំនួន ១០០ រូប និង ១ ថ្នាក់ភាសាខ្មែរបង្កើនកម្រិតមានសិក្ខាកាម ៥៩ រូប។ ចំពោះថ្នាក់បណ្តុះបណ្តាលភាសាខ្មែរមូលដ្ឋាន រយៈពេលរៀនគឺ ៣០០ ពេលបង្រៀនក្នុងរយៈពេល ៤,៥ ខែ; ក្រៅពីមេរៀនតាមកម្មវិធី សិក្ខាកាមទាំងឡាយនៅទាំងបានរៀនចង្វាក់រាំចំនួន ៤ បទ របស់ជនជាតិខ្មែរ។ ចំពោះថ្នាក់ភាសាខ្មែរបង្កើនកម្រិត រយៈពេលរៀនគឺ ៤៥០ ពេលបង្រៀនក្នុងរយៈពេល ៦,៥ ខែ ហើយសិក្ខាកាមនៅទាំងបានរៀនវាយអក្សរខ្មែរលើកុំព្យូទ័រ; ក្រោយពេលបញ្ចប់កម្មវិធី សាលាចាត់តាំងពិនិត្យ និងជូនលិខិតបញ្ជាក់ ព្រមទាំងជូនវិញ្ញាបនបត្រភាសាជនជាតិភាគតិច (ភាសាខ្មែរ) ដល់សិក្ខាកាមផងដែរ។
ថ្លែងក្នុងពិធីបើកវគ្គ លោកគ្រូ ថាច់ សុង ចាងហ្វាងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានឱ្យដឹង៖ ឆ្នាំ ២០២៦ គឺជាឆ្នាំទីប្រាំបី ដែលសាលាបានបំប៉នភាសាខ្មែរដល់សិក្ខាកាមចំនួន ១.៥៣០ រូប នៅក្នុងបណ្តាកម្មវិធីមូលដ្ឋាន បង្កើនកម្រិត និងបកប្រែ។ នេះជាលទ្ធផលដ៏ខ្ពង់ខ្ពស់ បង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ ការសហការរបស់ស្ថាប័ន អង្គភាពនានា និងការខិតខំប្រឹងប្រែងរបស់កងជួរកម្មាភិបាលគ្រូបង្រៀន ព្រមទាំងសិក្ខាកាមគ្រប់ជំនាន់។ នៅក្នុងខ្លឹមសារកម្មវិធីបំប៉នភាសាខ្មែរដល់កម្មាភិបាល និយោជិក បានកសាងសមស្របនឹងលក្ខណៈការងាររបស់សិក្ខាកាម ទាំងធានាខ្លឹមសារជំនាញ ទាំងបង្កលក្ខណៈងាយស្រួលដើម្បីឱ្យសិក្ខាកាមទាំងឡាយអាចយកចំណេះដឹងទៅអនុវត្តជាក់ស្តែង។ ថ្នាក់បំប៉នភាសាខ្មែរ មិនត្រឹមតែជួយឱ្យសិក្ខាកាមចេះស្តាប់ និយាយ អាន និងសរសេរប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺឈានដល់ការប្រើប្រាស់បានភាសាខ្មែរ ក្នុងការប្រាស្រ័យទាក់ទងការងារ។ ក្រៅពីនោះ តាមរយៈថ្នាក់រៀន នៅទាំងជួយឱ្យសិក្ខាកាមយល់ដឹងបន្ថែមអំពីវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរ ដើម្បីឱ្យកម្មាភិបាលយកចំណេះដឹងទៅប្រើប្រាស់សមស្រប ក្នុងដំណើរការអនុវត្តភារកិច្ចនៅភូមិភាគ៕
យ្វីអាញ - មេងលី