សម្របក្នុងបរិយាកាសទូទាំងប្រទេសកំពុងអបអរសាទរខួបលើកទី ៨១ ទិវាបុណ្យជាតិ ២ កញ្ញា និងបើកបវេសនកាលឆ្នាំសិក្សាថ្មី សាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តវិញឡុង បានចាត់តាំងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦ - ២០២៧ ស្វាគមន៍ព្រះសង្ឃនិងសិស្សានុសិស្សចំនួន៨០អង្គ/នាក់។


ព្រះឧបជ្ឈាយ៍ បណ្ឌិត ថាច់សុខសាន្ត - ចាងហ្វាងសាលាមធ្យមសិក្សាបាលី - ខ្មែរខេត្តវិញឡុងមានថេរដីកាក្នុងពិធីនិងទូងស្គរបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦ - ២០២៧។
ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦ សាលាមធ្យមសិក្សាបាលី - ខ្មែរខេត្តវិញឡុង បានចាត់តាំងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦ - ២០២៧។ អញ្ជើញចូលរួមក្នុងពិធីនេះមានលោកវរសេនីយ៍ឯក ត្រឹងក្វឹកភុក - នាយករងនៃនគរបាលខេត្តវិញឡុង លោកង្វៀងថាញ់ទ្វឹង - នាយករងនៃមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តវិញឡុង លោកថាច់មុនី នាយករងមន្ទីរជនជាតិ និងសាសនាខេត្តវិញឡុង ព្រមទាំងគណៈចាងហ្វាង កម្មាភិបាល គ្រូបង្រៀន បុគ្គលិក និងសិស្សានុសិស្សរបស់សាលា។
ក្នុងពិធីនេះ ព្រះឧបជ្ឈាយ៍ បណ្ឌិត ថាច់សុខសាន្ត - អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះមសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង និងជាចាងហ្វាងសាលាមធ្យមសិក្សាបាលី - ខ្មែរ មានថេរដីកាអបអរសាទរនិងកំណត់ទិសដៅសម្រាប់ភារកិច្ចឆ្នាំសិក្សាថ្មី។



រូបភាពតំណាង សមណសិស្សនិងសិស្សានុសិស្សចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧។
មានថេរដីកាក្នុងពិធីបើកបវេសនកាល ព្រះឧបជ្ឈាយ៍ បណ្ឌិត ថាច់សុខសាន្ត បានសម្តែងការស្វាគមន៍ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ភ្ញៀវកិត្តិយស ព្រមទាំងកម្មាភិបាល បុគ្គលិក លោកគ្រូអ្នកគ្រូចំនួន៣៦រូប។ ពិសេស ព្រះឧបជ្ឈាយ៍បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមណសិស្សនិងសិស្សានុសិស្សចំនួន ៨០ អង្គ/នាក់។ ព្រះឧបជ្ឈាយ៍បានវាយតម្លៃ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សមូហភាពកម្មាភិបាល គ្រូបង្រៀន បុគ្គលិក សមណសិស្សនិងសិស្សានុសិស្សរបស់សាលាបានសាមគ្គីគ្នា ខិតខំប្រឹងប្រែងជំនះរាល់ការលំបាក បំពេញភារកិច្ចបានល្អប្រសើរ និងអះអាងនូវតួនាទីព្រមទាំងកិត្តិនាមរបស់សាលាជាបណ្តើរៗ។ ព្រះឧបជ្ឈាយ៍ក៏បានលើកសរសើរផងដែរចំពោះស្មារតីទទួលខុសត្រូវ ភាពឧស្សាហ៍ព្យាយាមរបស់កងជួរគ្រូបង្រៀន និងការខិតខំប្រឹងប្រែងរបស់សមណសិស្សនិងសិស្សានុសិស្សក្នុងការសិក្សារៀនសូត្រ និងការលត់ដំ។


ជូនអាហារូបករណ៍ដល់សមណសិស្សនិងសិស្សានុសិស្សឆ្លងកាត់ការលំបាករៀនពូកែក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧។
ឆ្នាំសិក្សា ២០២៦-២០២៧ ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត បានស្នើដល់សមូហភាពកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិកទាំងអស់ បន្តពង្រីកស្មារតីសាមគ្គីភាព រហ័សរហួននិងច្នៃប្រតិដ្ឋ អនុវត្តភារកិច្ចដែលបានប្រគល់ឱ្យបានល្អ រក្សារឹងមាំនូវសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ វិន័យ និងរបៀបរៀបរយក្នុងការបង្រៀន និងរៀន។ លោកគ្រូ អ្នកគ្រូគ្រប់រូប ត្រូវក្លាយជាគំរូដ៏ភ្លឺស្វាងស្ដីពីសីលធម៌ ការស្វ័យសិក្សា និងភាពច្នៃប្រតិដ្ឋ ព្រមទាំងបង្កបរិស្ថានអប់រំប្រជាធិបតេយ្យ ស្និទ្ធស្នាល រួសរាយ និងពង្រីកភាពម្ចាស់ការ ភាពច្នៃប្រតិដ្ឋរបស់សមណសិស្ស និងសិស្សានុសិស្ស។ ព្រះឧបជ្ឈាយ៍ បានសង្កត់ធ្ងន់ថា វឌ្ឍនភាពនិងភាពភ្លឺស្វាងរបស់សមណសិស្សនិងសិស្សានុសិស្សនីមួយៗគឺជាសុភមង្គលរបស់លោកគ្រូអ្នកគ្រូ។

ឈុតសម្តែងរបាំអាស្រ័យក្រុមសិល្បៈនៃសាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តវិញឡុងសម្តែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៦-២០២៧។
ចំពោះសមណសិស្សនិងសិស្សានុសិស្ស ព្រះឧបជ្ឈាយ៍បានដាស់តឿនក្រើនរំលឹកឱ្យខិតខំរៀនសូត្រ ហ្វឹកហាត់សីលធម៌ និងចរិយាសម្បត្តិ គោរពនូវលក្ខន្តិកៈ និងបទបញ្ញត្តិរបស់សាលា ចេះស្រឡាញ់គ្នា មានការសាមគ្គីភាពនិងជួយគ្នាទៅវិញទៅមកក្នុងពេលរៀនសូត្រ និងក្នុងជីវភាព។ ក្រៅពីការសិក្សារៀនសូត្រចំណេះដឹង សមណសិស្សគប្បីត្រូវខិតខំចម្រើននូវធម៌ចម្បងគឺ សីល សមាធិ បញ្ញា ជៀសឱ្យឆ្ងាយពីការល្បួងផ្សេងៗក្នុងសង្គម ហើយត្រូវចងចាំជានិច្ចនូវគុណបំណាច់នៃការផ្ដល់កំណើតនិងការចិញ្ចឹមបីបាច់របស់មាតាបិតា។ ព្រះឧបជ្ឈាយ៍បានផ្ដាំផ្ញើដល់សមណសិស្សឱ្យមានស្មារតីម្ចាស់ការនិងភាពច្នៃប្រតិដ្ឋក្នុងការសិក្សា ព្រមទាំងមានស្មារតីទទួលខុសត្រូវចំពោះគ្រួសារ សាលានិងសហគមន៍។
ឆ្នាំសិក្សា ២០២៦-២០២៧ សាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តវិញឡុងបានបន្តយកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាល ដោយបញ្ចូលគ្នារវាងចំណេះដឹងទូទៅ និងការបង្រៀនភាសា អក្សរ និងវប្បធម៌ខ្មែរ។ តាមរយៈនោះ រួមចំណែកបង្កបរិស្ថានរៀនសូត្រនិងលត់ដំសម្រាប់សមណសិស្ស និងសិស្សានុសិស្ស ព្រមទាំងរួមចំណែកថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ និងភាសាខ្មែរ។ ក្នុងឱកាសនេះ សាលាបានជូនអាហារូបករណ៍ដល់សមណសិស្ស និងសិស្សានុសិស្សដែលមានការលំបាក ខិតខំប្រឹងប្រែងរៀនសូត្របានល្អ ដោយសរុបតម្លៃចំនួន ៧០ លានដុង អាស្រ័យសាលាចលនាពីប្រភពកម្លាំងសង្គម ដើម្បីលើកទឹកចិត្តសមណសិស្សឱ្យបន្តខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ។ ក្នុងពិធីនោះ ព្រះឧបជ្ឈាយ៍ បណ្ឌិតថាច់សុខសាន្ត បានប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦ - ២០២៧ និងជូនពរដល់កម្មាភិបាល គ្រូបង្រៀន បុគ្គលិក សមណសិស្សនិងសិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យជាច្រើនក្នុងឆ្នាំសិក្សាថ្មី៕
ទីទុយ-ដាលីន