ក្នុងបេះដូងប្រជាជននៅតំបន់ដីចុងប៉ូចខាងត្បូង លោកប្រធានហូជីមិញជានិមិត្តរូបដ៏ពិសិដ្ឋនៃក្តីជំនឿ និងទឹកចិត្តគោរពដឹងគុណយ៉ាងជ្រាលជ្រៅ។ នៅលើទឹកដីពោរពេញដោយប្រពៃណីបដិវត្តន៍នៃឃុំចូវថើយ ខេត្តកាម៉ាវ ទឹកចិត្តស្មោះស្ម័គ្រនោះបានរក្សាមកជាច្រើនជំនាន់ ចាប់តាំងពីបូជនីយដ្ឋានលោកប្រធានហូជីមិញបានកសាងឡើងក្នុងភ្នក់ភ្លើងសង្គ្រាមដ៏សាហាវ រហូតដល់ផ្សែងធូបមិនដែលដាច់មកដល់សព្វថ្ងៃ។
*ថែរក្សាបូជនីយដ្ឋានដោយទឹកចិត្តស្មោះស្ម័គ្រ
ខែកញ្ញា ឆ្នាំ១៩៦៩ ពេលទទួលដំណឹងលោកប្រធានហូជីមិញទទួលអនិច្ចកម្ម ទុក្ខសោកសង្រេងបានគ្របដណ្តប់ពេញភូមិស្រុកចូវថើយ។ ក្នុងការឡោមព័ទ្ធ និងការវាយប្រហារយ៉ាងសាហាវឃោរឃៅរបស់សត្រូវ គណៈកម្មាធិការបក្ស កងទ័ព និងប្រជាជនភូមិភាគបានប្តេជ្ញាចិត្តកសាងបូជនីយដ្ឋានលោកប្រធានហូជីមិញនៅតំបន់មូលដ្ឋានបដិវត្តន៍។ ខែមេសា ឆ្នាំ១៩៧២ បូជនីយដ្ឋានបានកសាងរួចរាល់ក្រោមការការពារយ៉ាងរឹងមាំរបស់កងទ័ពនិងប្រជាជនភូមិភាគ។ សត្រូវជាច្រើនលើក បានបោសសម្អាត ដុតបំផ្លាញ ប៉ុន្តែពេលបូជនីយដ្ឋានរងការខូចខាត ប្រជាជនបានរួមគ្នាកសាងឡើងវិញ។ ដោយទឹកចិត្តរបស់កូនចៅភាគខាងត្បូងចំពោះអ៊ំហូ បូជនីយដ្ឋានបានថែរក្សាគង់វង្សឆ្លងកាត់គ្រាប់បែក និងគ្រាប់កាំភ្លើង ក្លាយជានិមិត្តរូបនៃភក្តីភាពនិងឆន្ទៈមិនព្រមចុះចាញ់។

អ្នកតំណាងទាំងឡាយអុជធូបរំលឹកគុណលោកប្រធានហូជីមិញ នៅបូជនីយដ្ឋានឃុំចូវថើយ។
ជាងពាក់កណ្តាលសតវត្សរ៍បានកន្លងផុតទៅ បូជនីយដ្ឋានលោកប្រធានហូជីមិញនៅឃុំចូវថើយបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ។ បូជនីយដ្ឋាននាពេលបច្ចុប្បន្នស្អាតបាត ស្ថិតនៅកណ្តាលលំហបៃតងត្រជាក់ ជាកន្លែងប្រជាជននិងភ្ញៀវទេសចរចូលមកដើម្បីរំលឹកដល់ថ្នាក់ដឹកនាំជាទីគោរពស្រឡាញ់។ ក្នុងចំណោមអ្នកដែលផ្សារភ្ជាប់នឹងបូជនីយដ្ឋាន មានលោកង្វៀងវ៉ាំងខ្វា ច្រើនហៅថាបៃខ្វា អាយុ ៧៦ ឆ្នាំ ជាសាក្សីពិសេសម្នាក់។ អតីតប្រធានក្រុមការពារបូជនីយដ្ឋាន លោកជាយុទ្ធជនម្នាក់ក្នុងចំណោមយុទ្ធជន ៧ នាក់បានចូលរួមការពារការកសាងបូជនីយដ្ឋាននាឆ្នាំនោះដោយផ្ទាល់។ លោកខ្វា រំលឹកឡើងវិញថា កសាងបូជនីយដ្ឋានក្នុងភ្នក់ភ្លើងសង្រ្គាមគឺពិបាកទៅហើយ ឯការថែរក្សាបូជនីយដ្ឋានឱ្យនៅគង់វង្សរឹតតែពិបាកជាងទៀត។ សត្រូវជាច្រើនលើកប្រើមធ្យោបាយវាយកម្ទេច ប៉ុន្តែកម្លាំងឈ្លប កងទ័ពប្រជាជនភូមិភាគ និងក្រុមការពារបូជនីយដ្ឋាននៅតែប្តេជ្ញាចិត្តការពារឱ្យខាងតែបាន។ លោកខ្វា សម្តែងអារម្មណ៍រំភើប៖ “ខែឆ្នាំសង្គ្រាមដ៏លំបាក មានការបាត់បង់ និងការលះបង់ជាច្រើនទើបថែរក្សាបូជនីយដ្ឋានបានរហូតមកដល់សព្វថ្ងៃ។ ឥឡូវនេះមានសន្តិភាពហើយ ខ្ញុំនៅមានសុខភាព នៅតែថែទាំបូជនីយដ្ឋានអ៊ំឱ្យបានហ្មត់ចត់ ដើម្បីឱ្យកូនចៅជំនាន់ក្រោយចងចាំគុណអ៊ំ និងចងចាំគុណអ្នកដែលបានពលីជីវិត”។

លោកបៃខ្វា អុជធូបនៅទីសក្ការបូជាអ៊ំហូ។
ចំពោះលោកបៃខ្វា បូជនីយដ្ឋានមិនត្រឹមតែជាកេរដំណែលប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាទ្រព្យសម្បត្តិខាងស្មារតីកាត់ថ្លៃមិនបានរបស់ស្រុកកំណើតទៀតផង។ រូបភាពអតីតយុទ្ធជនយកចិត្តទុកដាក់ថែទាំបរិវេណ សម្អាតវត្ថុអនុស្សាវរីយ៍នីមួយៗ គោរពបូជាដោយការថ្វាយផ្កា និងអុជធូប បានក្លាយជារូបភាពដ៏ជិតស្និទ្ធ បង្ហាញពីទឹកចិត្តដ៏ជ្រាលជ្រៅរបស់ប្រជាជនចូវថើយចំពោះអ៊ំហូ។
*ផ្សែងធូបមិនដែលរលត់មួយគ្រាណា
ចេញពីប្រពៃណី “ផឹកទឹកនឹកដល់ប្រភព” ក្លឹបអុជធូបបូជនីយដ្ឋានលោកប្រធានហូជីមិញបានបង្កើតឡើង ដោយប្រមូលផ្តុំសមាជិកជាង ៧០ រូប ជាប្រជាជន សមាជិកយុវជន សមាជិកសមាគម និងប្រជាជនគ្រប់ជំនាន់គ្រប់វ័យនៅភូមិភាគ។ សមាជិកបានបែងចែកជាច្រើនក្រុម ផ្លាស់វេនគ្នាទទួលខុសត្រូវអុជធូប និងថែទាំបរិវេណបូជនីយដ្ឋាន។ រៀងរាល់ថ្ងៃ ប្រជាជនមកតាំងពីព្រលឹម ដើម្បីគោរពបូជាអ៊ំដោយការផ្លាស់ផ្កា រៀបចំទឹកតែ ផ្លែឈើ និងអុជធូបក្រអូបថ្វាយអ៊ំ។ ទង្វើនេះមិនត្រឹមតែពិធីការប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាលក្ខណៈវប្បធម៌ល្អប្រពៃ និងស្មារតីភ្ញាក់រលឹករបស់ប្រជាជននៅទីនេះទៀតផង។ លោកយាយ ង្វៀងធីងីន អាយុ ៨៤ ឆ្នាំ សមាជិកក្លឹបអុជធូប ឱ្យដឹង៖ “ទោះបីជាអាយុច្រើនហើយក៏ដោយ ប៉ុន្តែថ្ងៃណាខ្ញុំនៅមានសុខភាព ខ្ញុំនៅតែមកបូជនីយដ្ឋានអុជធូបជូនអ៊ំ។ រាល់ពេលអុជធូបជូនអ៊ំ ខ្ញុំតែងមានអារម្មណ៍ពិសេសណាស់។ នោះជាសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅ។ នៅមានសុខភាពថ្ងៃណា ខ្ញុំនៅតែមកថ្ងៃនោះ”។

អ្នកតំណាងនិងប្រជាជនទាំងឡាយអញ្ជើញមកអុជធូបរំលឹកគុណលោកប្រធានហូជីមិញ នៅបូជនីយដ្ឋាន។
ជាពិសេស នៅថ្ងៃទី ២ ខែកញ្ញា ពិធីបុណ្យខួបអ៊ំហូនៅឃុំចូវថើយបានក្លាយជាសកម្មភាពវប្បធម៌ផ្លូវចិត្តដ៏មានអត្ថន័យ។ ប្រជាជនមកពីបណ្តាភូមិបានរួមកម្លាំងគ្នាសម្អាតផ្លូវភូមិ តុបតែងបរិវេណបូជនីយដ្ឋាន និងស្ម័គ្រចិត្តនាំយកផលដំណាំធ្វើដោយផ្ទាល់ដៃមកថ្វាយអ៊ំ។ ចំពោះផ្លែចេក ផ្លែក្រូចថ្លុង នំអន្សមជ្រូក ឬស្ពកបាយសាមញ្ញមិនត្រឹមតែជាតង្វាយប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវមនោសញ្ចេតនាស្មោះស្ម័គ្ររបស់ប្រជាជនជនបទចំពោះលោកឪពុកនៃប្រជាជាតិទៀតផង។ ក្នុងថ្ងៃបុណ្យ ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានអញ្ជើញមកកាន់បូជនីយដ្ឋាន អុជធូបគោរព រួមគ្នារំលឹកឡើងវិញនូវរឿងរ៉ាវអំពីអ៊ំនិងប្រពៃណីបដិវត្តន៍នៃស្រុកកំណើត។ តាមរយៈនោះ ពិធីបុណ្យខួបអ៊ំ មិនត្រឹមតែជាសកម្មភាពរំលឹកគុណប៉ុណ្ណោះទេ គឺបានក្លាយជាថ្ងៃបុណ្យសាមគ្គី រួមចំណែករឹតចំណងសហគមន៍ និងពូនជ្រុំប្រពៃណីស្នេហាជាតិសម្រាប់ជំនាន់ក្រោយទៀតផង។
នាពេលបច្ចុប្បន្ន បូជនីយដ្ឋានលោកប្រធានហូជីមិញនៅឃុំចូវថើយនៅទាំងជា “អាសយដ្ឋានក្រហម” ក្នុងការអប់រំប្រពៃណីបដិវត្តន៍។ រៀងរាល់ឆ្នាំ ទីនេះទទួលស្វាគមន៍សមាជិកយុវជន សិស្ស និស្សិត និងកម្មាភិបាលយ៉ាងច្រើនមកទស្សនា ស្វែងយល់ប្រភពដើម រាយការណ៍សមិទ្ធផលជូនអ៊ំ និងរៀបចំពិធីបញ្ជូលសមាជិកបក្ស សមាជិកយុវជន។ លោកស្រី ទ្រឿងង៉ុកថាវ លេខាគណៈកម្មាធិការបក្សឃុំចូវថើយ ឱ្យដឹង៖ “ការគោរពបូជាចំពោះអ៊ំ មិនត្រឹមតែបង្ហាញតាមរយៈធូបរំលឹកគុណប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យជាក់ស្តែងដោយការងារមានប្រយោជន៍ក្នុងជីវភាពប្រចាំថ្ងៃ។ ជ្រួតជ្រាបសតិអារម្មណ៍ យកប្រជាជនជាឫសគល់របស់អ៊ំ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគតែងតម្រង់ទិសដៅកសាងកងជួរកម្មាភិបាលជិតដិតប្រជាជន ស្តាប់មតិយោបល់ និងបំណងប្រាថ្នារបស់ប្រជាជន ដោយយកការពេញចិត្តរបស់ប្រជាជនសម្រាប់វាស់ស្ទង់នៃប្រសិទ្ធភាពការងារ”។ ពីស្មារតីនោះ ចូវថើយនាពេលបច្ចុប្បន្ន កំពុងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។ ហេដ្ឋារចនាសម្ព័ន្ធជនបទបានវិនិយោគ ខ្សែផ្លូវដឹកជញ្ជូនកាន់តែសមរម្យ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបានលើកកម្ពស់ជាបណ្តើរៗ។ បណ្តាទម្រង់ផលិត និងការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសកំពុងបើកទិសដៅអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់ជនបទពោរពេញដោយប្រពៃណីបដិវត្តន៍។
ផ្តើមពីបូជនីយដ្ឋានមួយបានកសាងឡើងក្នុងភ្នក់ភ្លើងសង្គ្រាម បូជនីយដ្ឋានលោកប្រធានហូជីមិញនៅឃុំចូវថើយនាពេលបច្ចុប្បន្នបានក្លាយជានិមិត្តរូបនៃក្តីជំនឿ និងភក្តីភាពរបស់ប្រជាជនចំពោះអ៊ំហូ។ កណ្តាលចង្វាក់ជីវិតផ្លាស់ថ្មី ភ្លើងនៃសេចក្តីដឹងគុណនៅបូជនីយដ្ឋានអ៊ំហូត្រូវបានប្រជាជនចូវថើយពីជំនាន់មួយទៅជំនាន់មួយថែរក្សាការពារ។ ធូបក្រអូបរៀងរាល់ថ្ងៃមិនត្រឹមតែរំលឹកចំពោះថ្នាក់ដឹកនាំជាទីគោរពស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងជាការរំលឹកដល់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្នឱ្យបន្តរស់នៅ ធ្វើការ និងបម្រើការងារឱ្យស័ក្តិសមទៅនឹងការលះបង់របស់ជំនាន់មុនៗ៕
យ្វីអាញ - ថាច់ធី