ក្នុងរដូវវិស្សមកាលកន្លងហើយ កុមារាកុមារីជាង ៣០ នាក់ នៅសង្កាត់មីស្វៀង មានទីលានកម្សាន្តមួយប្រកបដោយប្រយោជន៍ តាមរយៈថ្នាក់រៀនរបាំខ្មែរឥតគិតថ្លៃ។ ថ្នាក់រៀននេះ មិនត្រឹមតែបង្កបរិស្ថានកម្សាន្តល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងជាក់ស្តែងក្នុងការថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរនៅភូមិភាគទៀតផង។

កុមារាកុមារីកំពុងហាត់រាំ។
រំលឹកឡើងពីមូលហេតុនៃការបើកថ្នាក់រៀននេះ បងស៊ើងមិញទ្រី នៅមណ្ឌលដៃង៉ៀថាំង សង្កាត់មីស្វៀង បានឱ្យដឹង៖ “ខ្ញុំមើលតាមបណ្តាញសង្គម Facebook ឃើញកុមារតូចៗតាមវត្តអារាម ឬតាមភូមិស្រុក រាំបានស្អាត និងល្វត់ល្វន់ ទើបចង់ឱ្យភូមិយើងមានក្មេងៗបានជួបជុំគ្នារៀនរបាំខ្មែរដូចគេដែរ”។ ផ្ដើមចេញពីគំនិតនេះ បងទ្រី បានចុះទៅតាមផ្ទះនីមួយៗក្នុងភូមិស្រុក ដើម្បីកៀរគរឪពុកម្ដាយសិស្ស ឱ្យបញ្ជូនកូនចៅមកចូលរៀន។ ទន្ទឹមនឹងនោះ ប្អូនថាច់ថាញប៊ិញ គឺជាអ្នកទទួលបន្ទុកណែនាំ និងបង្ហាត់បង្ហាញក្បាច់រាំដោយផ្ទាល់។ អាស្រ័យដោយទឹកចិត្តខ្នះខ្នែង និងការលះបង់អស់ពីចិត្តពីថ្លើមរបស់អ្នកទាំងពីរ ថ្នាក់រៀនកាន់តែមានភាពទាក់ទាញ និងមានសិស្សមកចូលរួមយ៉ាងច្រើនកុះករ។ ចាប់ផ្តើមដំបូងមានកុមារត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះ បច្ចុប្បន្នថ្នាក់រៀនមានសិស្សរហូតដល់ ៣៤ នាក់ ដែលមានអាយុចាប់ពី ៧ ដល់ ១៦ ឆ្នាំ។ ថ្នាក់រៀននេះ បានរៀបចំឡើងនៅខាងមុខទីលានអាគារវប្បធម៌ភូមិដៃង៉ៀថាំង ជារៀងរាល់ពេលរសៀល។

ប្អូនថាច់ថាញប៊ិញ កំពុងកែតម្រូវក្បាច់រាំជូនកុមារ។
នៅទីនេះ កុមារតូចៗបានហាត់រៀនក្បាច់រាំសាមញ្ញៗ ដូចជា ចង្វាក់សារ៉ាវ៉ាន់ រាំវង់ និងឆាឆាជាដើម។ ការបង្រៀនកុមារតូចៗទាមទារមានភាពអត់ធ្មត់ខ្ពស់ ព្រោះក្មេងៗចូលចិត្តលេងច្រើន និងឆាប់ភ្លេចចង្វាក់។ និយាយអំពីដំណើរការបង្ហាត់បង្រៀន ប្អូនថាច់ថាញប៊ិញ នៅមណ្ឌលតឹមកៀង សង្កាត់មីស្វៀង បានចែករំលែក៖ “បង្រៀនក្មេងៗពិបាកជាងមនុស្សធំ ព្រោះពួកប្អូនចូលចិត្តលេងច្រើន និងពិបាកចាំក្បាច់រាំ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនៅតែខិតខំអត់ធ្មត់កែតម្រូវបន្តិចម្តងៗ”។
មានសេចក្តីរីករាយពេលចូលរួមថ្នាក់រៀន កុមារឡឹមមិញជី (អាយុ ១២ ឆ្នាំ) នៅមណ្ឌលដៃង៉ៀថាំង សង្កាត់មីស្វៀង បានឱ្យដឹង៖ “ខ្ញុំចូលចិត្តមករៀនណាស់ ព្រោះបានជួបជុំនិងលេងជាមួយមិត្តភក្តិជាច្រើន”។ ចំណែកឯឪពុកម្ដាយសិស្សវិញ ក៏បានគាំទ្រថ្នាក់រៀននេះយ៉ាងពេញទំហឹង ព្រោះបានជួយឱ្យកូនចៅចៀសឆ្ងាយពីការញៀនទូរស័ព្ទដៃ និងបានយល់ដឹងបន្ថែមអំពីវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។
ទោះបីថ្នាក់រៀនបានបើកដោយឥតគិតថ្លៃទាំងស្រុងក៏ដោយ ប៉ុន្តែក្រុមរបាំនៅតែទទួលបានការយកចិត្តទុកដាក់ និងជំនួយឧបត្ថម្ភពីសហគមន៍។ កាលពីពេលថ្មីៗនេះ ក្រុមរបាំកុមារបានក្រុមហាត់យោគៈ (Yoga) ឧបត្ថម្ភសម្លៀកបំពាក់សម្តែងទាំងស្រុង ដែលជួយឱ្យប្អូនៗកាន់តែមានទឹកចិត្តសប្បាយរីករាយ។ បច្ចុប្បន្ន ក្រុមកំពុងខិតខំហាត់រាំយ៉ាងសកម្ម ដើម្បីរៀបចំសម្តែងបង្ហាញមុខនៅវត្តស្រឡូង នាឱកាសបុណ្យសែនដូនតានាពេលខាងមុខ។
អាចឃើញថា ថ្នាក់រៀនរបាំខ្មែរដោយឥតគិតថ្លៃនៅសង្កាត់មីស្វៀង គឺជាសកម្មភាពមួយដែលមានអត្ថន័យជាក់ស្តែង និងជ្រាលជ្រៅយ៉ាងខ្លាំង។ ថ្នាក់រៀននេះ មិនត្រឹមតែបង្កទីលានកម្សាន្តប្រកបដោយសុវត្ថិភាព និងល្អប្រសើរសម្រាប់កុមារតូចៗនាឱកាសវិស្សមកាលប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះពន្លក និងផ្ទេរចំណេះដឹងសិល្បៈរបាំប្រពៃណីរបស់ជនជាតិខ្មែរជូនដល់ជំនាន់ក្រោយៗបន្តទៀត។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាភ័ស្ដុតាងបង្ហាញពីទឹកចិត្តស្រឡាញ់ និងស្មារតីទទួលខុសត្រូវរបស់អ្នកផ្តួចផ្តើម និងអ្នកឈរថ្នាក់បង្រៀនផ្ទាល់ ក្នុងការព្រួតដៃគ្នាថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ៕
វុឌ្ឍា - ថាច់ធី