រយៈពេលជាង ១០០ ឆ្នាំឋិតថេរនិងអភិវឌ្ឍ របរត្បាញកន្ទេលរបស់ជនរួមជាតិខ្មែរនៅឃុំហាមយ៉ាង ខេត្តវិញឡុង មិនត្រឹមតែបង្កការងារធ្វើ នាំមកប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សតម្លៃវប្បធម៌ប្រពៃណីទៀតផង។ ទោះបីឆ្លងកាត់ការប្រែប្រួលជាច្រើន តែរបរត្បាញកន្ទេលដោយដៃនៅតែបានគ្រួសារនីមួយៗរក្សា ហើយក្លាយជាចំណែកមួយក្នុងជីវភាពរបស់ជនរួមជាតិខ្មែរនៅទីនេះ។
មកកាន់ភូមិដីក្រហម ឃុំហាមយ៉ាង អ្នកជាច្រើនដឹងថាទីនេះគឺជាភូមិរបរត្បាញកន្ទេលប្រពៃណីរបស់ជនរួមជាតិខ្មែរដែលមានរយៈពេលជាងមួយសតវត្សរ៍មកហើយ។ កាលពីមុន ប្រជាជនសំខាន់ដាំកក់ ក្រោយមកប្រើប្រាស់អស់ពីលទ្ធភាពប្រភពវត្ថុធាតុដើមដើម្បីត្បាញកន្ទេលបម្រើដល់ជីវភាពគ្រួសារ និងលក់ឱ្យប្រជាជនក្នុងតំបន់។ អ្នកមីង ត្រឹងធីឌាំង កើតឆ្នាំ ១៩៦៩ ជាអ្នកដាំកក់នៅភូមិដីក្រហម ឱ្យដឹង៖ “ខ្ញុំដាំកក់ និងឆូតកក់លក់ សំខាន់ផ្គត់ផ្គង់ជូនមាមីងត្បាញកន្ទេលក្នុងភូមិជាមួយតម្លៃ ១៨.០០០ - ២០.០០០ ដុង/គីឡូក្រាម អាស្រ័យខ្នាតវែងឬខ្លី។ កក់ប្រមូលផលសំខាន់នៅរដូវភ្លៀង ពីព្រោះពេលនេះកក់លូតលាស់ល្អជាងរដូវប្រាំង”។


មាមីងឆូតកក់ជ្រលក់ពណ៌និងចងជាដុំៗទៅតាមពណ៌ ត្រៀមរៀបចំយកទៅត្បាញកន្ទេល។
អ្នកមីង យីបធីសម អ្នកដែលមានរយៈពេលជាង ៦០ ឆ្នាំ ផ្សារភ្ជាប់នឹងរបរត្បាញកន្ទេល ឱ្យដឹង៖ របរនេះបាន បង្រៀនតៗ ៣ ជំនាន់មកហើយក្នុងគ្រួសាររបស់គាត់។ បច្ចុប្បន្នលើភូមិឋានឃុំមាននៅប្រហែល ៧០ គ្រួសារដែលរក្សារបរត្បាញកន្ទេលដោយដៃ និងមូលដ្ឋានត្បាញកន្ទេលដោយម៉ាស៊ីនចំនួន ២ កន្លែង។ បើតាមអ្នកមីងសម ត្បាញកន្ទេលដោយដៃទោះបីខាតពេលវេលា និងចំណាយកម្លាំងច្រើនជាងការត្បាញដោយម៉ាស៊ីនក៏ពិតមែន ប៉ុន្តែជាងអាចនឹងម្ចាស់ការរចនាគំរូ ខ្នាត ក្បាច់រចនាទៅតាមតម្រូវការ។ ផ្តើមពីភាពប៉ិនប្រសប់ក្នុងការលាយពណ៌ រៀបចំពីសរសៃកក់នីមួយៗ និងបង្កើតក្បាច់រចនាឱ្យទៅជាលក្ខណៈពិសេសដោយឡែកនៃកន្ទេលក្រហម ដែលការត្បាញដោយម៉ាស៊ីនកម្រអាចនឹងធ្វើបាន។

មីងយីបធីសម កំពុងត្បាញកន្ទេលតាមវិធីសាស្រ្តដោយដៃ។
ដើម្បីសម្រេចបានកន្ទេលមួយ ប្រជាជនត្រូវឆ្លងកាត់ដំណាក់ការជាច្រើន។ កក់ក្រោយពីប្រមូលផលបានចាត់ចែង ហាលក្តៅ ជ្រើសរើស និងបែងចែកជាប្រភេទមុននឹងយកទៅត្បាញ។ នៅលើកី សរសៃកក់នីមួយៗបានរៀបចំមានរបៀបរៀបរយ គួបផ្សំនឹងពណ៌សម្បុរដើម្បីបង្កើតក្បាច់រចនាទៅតាមគំរូដែលបានកំណត់។ បើតាមអ្នកមីងសម ផលិតផលកន្ទេលរបស់ប្រជាជនភូមិភាគសំខាន់លក់រាយឱ្យអតិថិជន។ ក្នុងនោះ បណ្តាវត្តខ្មែរនិងពុទ្ធបរិស័ទគឺជាអតិថិជនជាប្រចាំ ពិសេសក្នុងឱកាសពិធីបុណ្យទានដូច៖ បុណ្យចូលព្រះវស្សា បុណ្យកឋិនទាន និងសកម្មភាពសាសនាផ្សេងៗទៀត។ នាឱកាសនេះ តម្រូវការប្រើប្រាស់កន្ទេលដែលមានក្បាច់រចនាមានការកើនឡើង ជួយអ្នកប្រកបរបរនេះមានច្រកចេញលំនឹងគួរសម។ មិនត្រឹមតែផ្តល់ប្រាក់ចំណូលទេ របរត្បាញកន្ទេលថែមទាំងរួមចំណែកដោះស្រាយការងារធ្វើនៅភូមិភាគទៀតផង។ មានអ្នកខ្លះអាចនឹងឆ្លៀតពេលនៅផ្ទះដើម្បីត្បាញកន្ទេល មានប្រាក់ចំណូលបន្ថែមផង រក្សារបរប្រពៃណីដែលបានផ្សារភ្ជាប់រាប់សិបឆ្នាំផង។ ការប្រកបរបរនៅនឹងផ្ទះក៏ជួយប្រជាជនម្ចាស់ការពេលវេលា ជាពិសេសគ្រួសារដែលធ្វើកសិកម្មផង រក្សារបរតម្បាញផង។


អ្នកមីងយីបធីសម ឧទ្ទេសនាមផលិតផលក្រោយពីបង្ហើយ។
ចំណុចដែលគួរកោតសរសើរគឺក្នុងដំណាក់កាលអភិវឌ្ឍ របរត្បាញកន្ទេលនៅតែរក្សាបាននូវវិធីសាស្រ្តធ្វើដោយដៃបែបប្រពៃណី។ បទពិសោធន៍អំពីការជ្រើសកក់ ការចាត់ចែងវត្ថុធាតុដើម វិធីត្បាញនិងបង្កើតក្បាច់រចនាត្រូវបានចាស់ទុំជំនាន់មុន បង្រៀនតៗដល់កូនចៅ។ ចំពោះប្រជាជនខ្មែរនៅហាមយ៉ាង កន្ទេលនីមួយៗមិនត្រឹមតែជាផលិតផលបម្រើប្រជុំជីវភាពប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវកម្លាំងកាយចិត្ត ភាពប៉ិនប្រសប់ និងតម្លៃវប្បធម៌ដែលបានអភិរក្សពីជំនាន់មួយទៅជំនាន់មួយទៀតផង។ ក្នុងបរិការណ៏ដែលរបរប្រពៃណីជាច្រើនមានហានិភ័យបាត់បង់បណ្តើរៗ ការដែលប្រជាជនហាមយ៉ាង បន្តរក្សារបរត្បាញកន្ទេលមានអត្ថន័យជាក់ស្តែង។ ជាអាជីពបង្កើតមុខរបរចិញ្ចឹមជីវិតផង រួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរផង។
ដើម្បីរបរអភិវឌ្ឍដោយចីរភាព ប្រជាជនចង់បានផលិតផលបានផ្សព្វផ្សាយទូលំទូលាយជាងមុន ពង្រីកទីផ្សារប្រើប្រាស់ និងតភ្ជាប់ជាមួយមូលដ្ឋាន កន្លែងទេសចរណ៍ វត្តខ្មែរក្នុងនិងក្រៅខេត្ត។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់បង្ហាត់បង្រៀនរបរដល់ក្មេងៗជំនាន់ក្រោយ ដើម្បីឱ្យប្អូនៗយល់ ស្រឡាញ់ និងបន្តអភិរក្សបច្ចេកទេសត្បាញកន្ទេលប្រពៃណី។ រយៈពេលជាងមួយសតវត្សរ៍កន្លងផុតទៅ សរសៃកក់ដ៏សាមញ្ញៗឆ្លងតាមរយៈថ្វីដៃដ៏ប៉ិនប្រសប់របស់ជាង បានក្លាយជាកន្ទេលដែលមានពណ៌ចម្រុះ ក្បាច់រចនា និងតម្លៃប្រើប្រាស់។ ការរក្សារបរក៏ជាការរក្សាផ្នែកមួយនៃអនុស្សាវរីយ៍ វប្បធម៌ និងរបរចិញ្ចឹមជីវិតរបស់សហគមន៍ ដើម្បីរបរត្បាញកន្ទេលក្រហម បន្តបានអភិរក្សក្នុងជីវភាពសព្វថ្ងៃ៕
ទីទុយ - លីសៀ