ផ្តើមពីចំណង់ចំណូលចិត្ត និងបំណងប្រាថ្នាចង់ថែរក្សាវប្បធម៌ជនជាតិ យុវជនឡឹមមិញខាន់ នៅភូមិការន្ត ឃុំសាភៀង ទីក្រុងកឹងធើ បានច្នៃប្រតិដ្ឋដោយផ្ទាល់ដៃនូវទូក-ងខ្នាតតូច និងឧបករណ៍ភ្លេងចាប៉ីដងវែង។

យុវជនឡឹមមិញខាន់ កំពុងច្នៃប្រតិដ្ឋទូក- ងខ្នាតតូច។
សេចក្តីស្រឡាញ់ចំពោះទូក-ង បានដក់ជាប់ក្នុងចិត្តរបស់ខាន់ តាំងពីកុមារភាពមកម្ល៉េះ នៅពេលដែលឃើញទូក-ងចាស់មួយគ្រឿងដែលជីតាបានបន្សល់ទុក។ ប្អូនតែងតែស្រមៃថា នៅពេលធំឡើងនឹងអាចធ្វើទូក-ងខ្នាតតូចដោយផ្ទាល់ដៃ ឱ្យមានរូបរាងដូចទូក-ងពិតប្រាកដ។ រហូតដល់ឆ្នាំ ២០២១ នៅពេលទំនេរ ខាន់ ក៏បានចាប់ផ្តើមបម្លែងចំណង់ចំណូលចិត្តរបស់ខ្លួនឱ្យក្លាយជាការពិត។
ខាន់ ចែករំលែក ប្អូនមិនធ្លាប់បានសិក្សាតាមសាលា ឬមានគ្រូណែនាំឡើយ។ ដំបូង ប្អូនបានមើលតាមរូបរាងទូក-ងធំ ហើយយកមកធ្វើតាម។ ធ្វើលើកដំបូង មិនទាន់មានរូបរាងដូចទូក-ងពិតប្រាកដនោះទេ ប៉ុន្តែ បន្ទាប់ពីធ្វើបានទូកពីរបី រូបរាងទូកក៏ចាប់ផ្តើមស្អាត និងកាន់តែល្អឡើងៗ។ នៅពេលបង្ហោះរូបភាពលើបណ្តាញសង្គម មានអ្នកជាច្រើនឃើញស្អាត ក៏បានទាក់ទងមកស្នើទិញ។ អតិថិជនគ្រាន់តែប្រាប់ឈ្មោះទូក-ងរបស់វត្តដែលខ្លួនពេញចិត្ត ខាញ់នឹងស្វែងរករូបភាព ដើមតាមអ៊ីនធឺណិត រួចគូរលំនាំក្បូរក្បាច់លើទូកងខ្នាតតូច ឱ្យដូចគំរូដែលអតិថិជនត្រូវការ។
ក្រៅពីការធ្វើទូក-ង ខាន់ ក៏បានច្នៃប្រតិដ្ឋគ្រឿងលម្អផ្សេងៗ សម្រាប់តុបតែងជាមួយទូកផងដែរ ដូចជាក្លស់តូចៗ សម្រាប់ដាក់នៅក្បាលទូក ឬភ្នែកទូក-ង។
ក្រៅពីនេះ ខាន់ ថែមទាំងចេះធ្វើឧបករណ៍ចាប៉ីដងវែងទៀតផង។ ប្អូនបានរៀនធ្វើដោយខ្លួនឯង តាមរយៈការដោះចាប៉ីចាស់មួយ ដើម្បីសិក្សាមើលថា ជាងមុនៗពួកគាត់បានឆ្លាក់និងកែច្នៃផ្នែកខាងក្នុងយ៉ាងដូចម្តេច រួចយកមកសាកល្បងធ្វើតាម។ ចាប់ផ្ដើមធ្វើដោយខ្លួនឯងនិងកែសម្រួលបន្តិចម្ដងៗ រហូតដល់ចាប៉ីអាចបញ្ចេញសំឡេងបានយ៉ាងពីរោះ។ ដោយសារមានជំនាញនិងភាពប៉ិនប្រសប់ ខាន់ អាចធ្វើបានទាំងចាប៉ីទំហំធំសម្រាប់ដេញ និងចាប៉ីខ្នាតតូចសម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍។
ខាន់ សំណេះសំណាល៖ “គោលបំណងធំបំផុតរបស់ខ្ញុំ គឺចង់ថែរក្សាមរតកដែលបុព្វបុរសបានបន្សល់ទុក។ របស់របរចាស់ៗ ប្រសិនបើផុតពីមនុស្សចាស់ នោះក៏គ្មានអ្នកណាចេះធ្វើបន្តទៀត។ មានតែយុវជនជំនាន់ក្រោយដូចជាពួកយើងទេ ដែលអាចជួយថែរក្សា ទើបវាអាចបន្តមានវត្តមានបាន”។ មិនត្រឹមតែអាចធ្វើឧបករណ៍ភ្លេងប៉ុណ្ណោះទេ ខាន់ ក៏ចេះដេញនិងច្រៀងចាប៉ីដងវែង បន្ទាប់ពីបានចំណាយពេលរៀនរយៈពេល ៣ ខែ កាលនៅសិក្សានៅសាកលវិទ្យាល័យ។ ដោយសង្កេតឃើញថា យុវជនសម័យបច្ចុប្បន្នមានអ្នកចាប់អារម្មណ៍លើទម្រង់វប្បធម៌ប្រពៃណីកាន់តែតិចទៅ ខាន់ ក៏បានបង្រៀនប្អូនស្រីរបស់ខ្លួនឱ្យចេះដេញចាប៉ីដងវែងផងដែរ។
កញ្ញា ឡឹមខាន់វី (ប្អូនស្រីរបស់មិញខាន់) ចែករំលែក៖ “ដោយឃើញបងខាន់ ដេញចាប៉ីយ៉ាងពីរោះ ខ្ញុំក៏បានសុំឱ្យបងបង្រៀន។ បទដែលរៀនដំបូងរបស់ ខ្ញុំ បានចាប់ផ្តើមនៅពេលខ្ញុំមានអាយុទើបតែ ១០ ឆ្នាំ។ រៀងរាល់រសៀល បងខាន់ តែងចំណាយពេលបង្រៀននិងណែនាំខ្ញុំ។ រហូតមកដល់ពេលនេះ ខ្ញុំអាចដេញចាប៉ីបាន ហើយក៏មានបំណងចង់ចូលរួមថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ ដូចជាបងប្រុសរបស់ខ្ញុំ”។
ទោះបីវ័យនៅក្មេងក៏ដោយ ប៉ុន្តែស្មារតីថែរក្សាវប្បធម៌របស់បងប្អូន មិញខាន់ គួរឱ្យកោតសរសើរយ៉ាងខ្លាំង។ សេចក្តីស្រឡាញ់ចំពោះប្រពៃណី ពេលខ្លះមិនចាំបាច់ធ្វើការងារធំដុំឡើយ ប៉ុន្តែគ្រាន់តែបង្ហាញពីក្ដីស្រឡាញ់ និងការខិតខំរៀនសូត្រដោយខ្លួនឯង ព្រមទាំងមានបំណងចង់បន្តចំណេះដឹងទៅកាន់ជំនាន់ ក្រោយ។ យុវជនដូចជាខាន់ កំពុងចូលរួមដោយផ្ទាល់ក្នុងការជួយឱ្យវប្បធម៌ជនជាតិមិនឱ្យសាបរលាប និងកាន់តែមានភាពជិតស្និទ្ធជាមួយយុវជនជំនាន់បច្ចុប្បន្ន៕
វឌ្ឍា- ពេជ្រសឿន