មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/08/2026 - 20:43

កសិ​ករ​ថា​ច់អេះ​ រក​បាន​ប្រាក់​ចំ​ណូល​បង្គួរ​ ដោយ​ការ​ចិញ្ចឹម​មាន់​ជល់​លើ​កម្រាល​ជីវ​សាស្ត្រ​ រួម​ផ្សំ​ការ​ធ្វើ​ចម្ការ​និង​ធ្វើ​ស្រែ​ 

ដោយ​ភាព​ឈ្លាស​វៃ​ក្នុង​ការ​អនុ​វត្ត​បច្ចេក​ទេស​ប្រើ​ប្រាស់​កម្រាល​ជីវ​សាស្ត្រ​ក្នុង​ការ​ចិញ្ចឹម​មាន់​ជល់​ រួម​ផ្សំ​នឹង​ការ​ធ្វើ​ចម្ការ​ ៥ កុង​ និង​ធ្វើ​ស្រែ​ ៥ កុង​ លោ​កថា​ច់អេះ​ នៅ​ភូមិ​ព្រែក​ឈូក​ ឃុំ​ង៉ាយតឺ ខេត្ត​វិញ​ឡុង​ មិន​ត្រឹម​តែ​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​កសាង​ជោគ​ជ័យ​ទម្រង់​សេដ្ឋ​កិច្ច​វិល​ជុំ​ទៀត​ផង​។ ប្រ​ភព​ប្រាក់​ចំ​ណូល​ប្រ​មា​ណ​ ១៥០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ ពី​ទម្រង់​ “៣ ក្នុង​ ១” នេះ​ បាន​ជួយ​គ្រួ​សា​រលោក​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ និង​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​រស់​នៅ​។

សំ​ចៃ​ប្រាក់​ចំ​ណាយ​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ ដោយ​ខ្សែ​សង្វាក់​ផលិត​បិទ​ជិត​

នៅ​ពេល​មក​ដល់​ភូមិ​ព្រែក​ឈូក​ ឃុំ​ង៉ាយតឺ ខេត្ត​វិញ​ឡុង​ សាក​សួរ​ពី​ទម្រង់​ធ្វើ​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​របស់​លោ​កថា​ច់អេះ​ (កើត​ឆ្នាំ​ ១៩៦១) មា​មីង​ជន​ជាតិ​ខ្មែរ​នៅ​ទី​នេះ​ នរណា​ក៏​លាន់​មាត់​សរសើរ​គាត់​ដែរ​។ លើ​ផ្ទៃ​ដី​ ១០ កុង​របស់​គ្រួ​សារ​ លោ​កថា​ច់អេះ​ បាន​រៀប​ចំ​យ៉ាង​ប៉ិន​ប្រ​សប់​នូវ​ទម្រង់​ពហុដំ​ណាំ​ ពហុសត្វ​៖ ៥ កុង​ធ្វើ​ស្រែ​ពូជ​ស្រូវ​ OM ៣ រដូវ​ក្នុង​មួយ​ឆ្នាំ​ ចំ​ណែក​៥ កុង​ទៀត​ធ្វើ​ចម្ការ​ដាំ​ដំ​ណាំ​ហូប​ផ្លែ​ មាន​ដូច​៖ មង្ឃុត​ ក្រូច​ថ្លុង​សំ​បក​ក្រាស់​ ប្រ​ឡុង​កុង​ សាវ​ម៉ាវ​ ក្រូច​ពោធិ៍​សាត់​... និង​តំ​បន់​ទ្រុង​ចិញ្ចឹម​មាន់​ជល់​បេនត្រែ​ ដោយ​ទ្រង់​ទ្រាយ​ធំ​បង្គួរ​។

លោ​កថា​ច់អេះ​ កំ​ពុង​ថែ​ទាំ​ហ្វូង​មាន់​នៅ​កសិ​ដ្ឋាន​របស់​ខ្លួន​។

រៀង​រាល់​ឆ្នាំ​ លោ​កថា​ច់អេះ​ ចិញ្ចឹម​មាន់​ ៣ ល្បាស់​ ក្នុង​មួយ​ល្បាស់​ពី​ ៤០០ - ៥០០ ក្បាល​។ ចំ​ណុច​ពិ​សេស​នៃ​ទម្រង់​ចិញ្ចឹម​សត្វ​របស់​លោក​ គឺ​ការ​ប្រើ​ប្រាស់​កម្រាល​ជីវ​សាស្ត្រ​ដោយ​ប្រើ​អង្កាម​លាយ​ជា​មួយ​ផលិត​ផល​អតិ​សុខុម​ប្រា​ណ​។ វិធី​សាស្ត្រ​នេះ​ជួយ​ឱ្យ​ទ្រុង​មាន់​ស្ទើរ​តែ​គ្មាន​ក្លិន​ស្អុយ​ មិន​ចំ​ណាយ​កម្លាំង​បោស​សំអាត​លា​មក​មាន់​រាល់​ថ្ងៃ​ អត្រា​មាន់​ងាប់​និង​ជំងឺ​ឆ្លង​ក៏​បាន​ថយ​ចុះ​ជា​អតិ​បរ​មា​។

ចែក​រំលែក​អំ​ពី​ការ​ចាប់​យក​របរ​ចិញ្ចឹម​សត្វ​ និង​បណ្តា​ថ្ងៃ​ដំ​បូង​ជួប​ការ​លំ​បាក​ លោ​កថា​ច់អេះ​ បាន​ឱ្យ​ដឹង​ទាំង​ក្ដី​រីក​រាយ​៖ “ខ្ញុំ​ចាប់​ផ្តើម​ចិញ្ចឹម​មាន់​ជល់​បេនត្រែ​ ប្រ​មា​ណ​ ២ ឆ្នាំ​មុន​នេះ​។ ពូជ​មាន់​នេះ​មាន​សាច់​ឆ្ងាញ់​ ម៉្លោះ​ហើយ​ទី​ផ្សារ​និយម​ចូល​ចិត្ត​ណាស់​។ កាល​ដំ​បូង​មិន​ទាន់​មាន​បទ​ពិសោធន៍​ ខ្ញុំ​ចិញ្ចឹម​ចំ​នួន​ ៤០០ ក្បាល​ ប៉ុន្តែ​ត្រូវ​ខាត​បង់​អស់​មួយ​ចំ​នួន​។ សំ​ណាង​ល្អ​បាន​កូន​ប្រ​សា​រៀន​ផ្នែក​បសុពេទ្យ​ណែ​នាំ​វិធី​ថែ​ទាំ​ ចាក់​វ៉ា​ក់សាំង​ការ​ពារ​ជំងឺ​ ព្រម​ទាំង​បាន​ចូល​រួម​បណ្តា​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ដែល​ភូមិ​ភាគ​ចាត់​តាំង​ ទើប​ខ្ញុំ​ក្តាប់​បាន​បែប​បទ​នៃ​ការ​ចិញ្ចឹម​”។

លោ​កថា​ច់អេះ​ បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ក្នុង​មួយ​ល្បាស់​នៃ​ការ​ចិញ្ចឹម​ប្រ​មា​ណ​ ៤ ខែ​ មាន់​អាច​សម្រេច​ទម្ងន់​ចាប់​ពី​ ១,៥ ដល់​ ២ គី​ឡូ​ក្រាម​ក្នុង​មួយ​ក្បាល​។ ដល់​ពេល​ត្រូវ​លក់​ ឈ្មួញ​បាន​ចុះ​មក​ទិញ​ដល់​ផ្ទះ​ ក្នុង​មួយ​ថ្ងៃ​ទិញ​ប្រ​មា​ណ​ ៣០ ទៅ​ ៤០ ក្បាល​ ក្នុង​តម្លៃ​ប្រ​មា​ណ​ ៨០.០០០ ដុង​/គី​ឡូ​ក្រាម​ រហូត​ដល់​លក់​អស់​ពី​ទ្រុង​។

 

លោ​កថា​ច់អេះ​ នៅ​ចម្ការ​ឈើ​ហូប​ផ្លែ​ ដែល​ជា​ផ្នែក​មួយ​នៃ​ទម្រង់​សេដ្ឋ​កិច្ច​វិល​ជុំ​ “៣ ក្នុង​ ១” របស់​គ្រួ​សារ​។

មិន​ត្រឹម​តែ​លក់​មាន់​សាច់​ប៉ុណ្ណោះ​ទេ​ លោ​កថា​ច់អេះ​ នៅ​ទាំង​ឆ្លៀត​ប្រើ​ប្រាស់​ប្រ​ភព​ជី​លា​មក​មាន់​លើ​កម្រាល​ជីវ​សាស្ត្រ​ បន្ទាប់​ពី​លក់​មាន់​អស់​ក្នុង​មួយ​ល្បាស់​ៗ ដើម្បី​ធ្វើ​ជី​សរី​រា​ង្គដាក់​ចម្ការ​ឈើ​ហូប​ផ្លែ​ ៥ កុង​ទៀត​ផង​។ ដោយ​ប្រ​ភព​ជី​ជីវ​សាស្ត្រ​ដ៏​សម្បូរ​នេះ​ ចម្ការ​ដំ​ណាំ​មាន​ការ​លូត​លាស់​ខៀវ​ស្រ​ង៉ាត់ កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ជី​គី​មី​បាន​យ៉ាង​ច្រើន​ ប៉ុន្តែ​នៅ​តែ​ផ្ដល់​ទិន្ន​ផល​ខ្ពស់​។

 “ដោយ​សារ​មាន​ប្រ​ភព​ជី​លា​មក​មាន់​ដាក់​ចម្ការ​ ក្នុង​មួយ​ឆ្នាំ​ៗខ្ញុំ​សំ​ចៃ​បាន​ប្រ​មា​ណ​ ១៥ លាន​ដុង​ ថ្លៃ​ទិញ​ជី​គី​មី​។ ប៉ុន្មាន​ឆ្នាំ​នេះ​ ចម្ការ​ឈើ​ហូប​ផ្លែ​៥កុង​បាន​មក​ប្រាក់​ចំ​ណេញ​ប្រ​មា​ណ​ ២០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​; ៥ កុង​ស្រែ​ផលិត​ពូជ​ស្រូវ​ OM ៣ រដូវ​ ចំ​ណេញ​ប្រ​មា​ណ​ ៣០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។ បូក​រួម​ជា​មួយ​ប្រ​ភព​ចំ​ណូល​ពី​មាន់​ ៣ ល្បាស់​ បន្ទាប់​ពី​ទូ​ទាត់​ថ្លៃ​ចំ​ណាយ​ទាំង​អស់​ គ្រួ​សារ​ខ្ញុំ​សន្សំ​បាន​ប្រ​មា​ណ​ ១៥០ លាន​ដុង​ក្នុង​ឆ្នាំ​។ ហេ​តុ​នោះ​ គ្រួ​សារ​ខ្ញុំ​រួច​ផុត​ពី​ភាព​ក្រី​ក្រ​ និង​មាន​ជីវ​ភាព​កាន់​តែ​ធូរ​ធារ​” – លោ​កថា​ច់អេះ​ បាន​នឹក​ គិត​ឡើង​វិញ​ជា​មួយ​ស្នាម​ញញឹម​ស្រស់​ស្រាយ​។

ចំ​ណុច​លេច​ធ្លោ​សម្រាប់​ពង្រីក​នៅ​ក្នុង​សហ​គម​ន៍

ទម្រង់​ “ចិញ្ចឹម​មាន់​ប្រើ​ប្រាស់​កម្រាល​ជីវ​សាស្ត្រ​ + ដាំ​ចម្ការ​ + ធ្វើ​ស្រែ​” របស់​គ្រួ​សា​រលោក​ថា​ច់អេះ​ មិន​ត្រឹម​តែ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ជាក់​ស្តែង​សម្រាប់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ក្លាយ​ជា​គំ​រូ​ដ៏​លេច​ធ្លោ​សម្រាប់​គ្រួ​សារ​ជា​ច្រើន​ក្នុង​ភូមិ​ធ្វើ​តាម​ រួម​ចំ​ណែក​ជំ​រុញ​ចលនា​កសិ​ករ​ប្រឡង​ប្រ​ណាំង​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​នៅ​ភូមិ​ភាគ​។

តាម​ការ​វាយ​តម្លៃ​អំ​ពី​ទម្រង់​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​របស់​លោ​កថា​ច់អេះ​ លោ​កថា​ច់សាង​សា​ធី​ – អនុ​លេខា​សាខា​បក្ស​ភូមិ​ព្រែក​ឈូក​ បាន​បញ្ជាក់​៖ “ទម្រង់​សេដ្ឋ​កិច្ច​របស់​គ្រួ​សារ​ពូ​ថា​ច់អេះ​ គឺ​ជា​គំ​រូ​មួយ​សម្រាប់​ទិស​ដៅ​អភិវឌ្ឍ​ន៍កសិ​កម្ម​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​ភូមិ​ភាគ​។ ការ​ដែល​ពូ​ម្ចាស់​ការ​ធ្វើ​ឱ្យ​សម្បូរ​បែប​នូវ​ដំ​ណាំ​ដាំ​ដុះ​ និង​សត្វ​ចិញ្ចឹម​ – ចាប់​ពី​ការ​ផលិត​ស្រូវ​ ដាំ​ឈើ​ហូប​ផ្លែ​ រហូត​ដល់​ការ​ចិញ្ចឹម​បសុបក្សី​ គឺ​បាន​បង្ក​ប្រ​ភព​ចំ​ណូល​ស្ថិរ​ភាព​ កាត់​បន្ថយ​ហា​និភ័យ​ប្រែ​ប្រួល​តម្លៃ​នៅ​លើ​ទី​ផ្សារ​។ ជា​ពិ​សេស​ ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ក្នុង​ការ​ចិញ្ចឹម​សត្វ​ ដូច​ការ​ចាក់​វ៉ា​ក់សាំង​តាម​ពេល​កំ​ណត់​ និង​ការ​កែ​ច្នៃ​កម្រាល​ជីវ​សាស្ត្រ​ធ្វើ​ជា​ជី​សរី​រា​ង្គ មិន​ត្រឹម​តែ​ជួយ​លើក​កម្ពស់​ទិន្ន​ផល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ដោះ​ស្រាយ​បាន​យ៉ាង​ល្អ​នូវ​បញ្ហា​បំ​ពុលប​រិស្ថាន​នៅ​ជន​បទ​ទៀត​ផង​។ នេះ​ជា​ទម្រង់​គំ​រូ​គួរ​ឱ្យ​សរសើរ​សម្រាប់​បង​ប្អូន​មា​មីង​នៅ​ក្នុង​ភូមិ​សិក្សា​រៀន​សូ​ត្រ​ និង​ចែក​រំលែក​បទ​ពិសោធន៍​ ដើម្បី​រួម​គ្នា​ពង្រីក​ការ​ផលិត​ ឈាន​ដល់​ការ​ធ្វើ​មាន​ប្រ​កប​ដោយ​ចីរ​ភាព​”។

ភា​ពត​ស៊ូ​ អត់​ធ្មត់​ ព្រម​ជា​មួយ​ស្មារតី​ខិត​ខំ​រៀន​សូ​ត្រ​វិទ្យា​សាស្ត្រ​ - បច្ចេក​ទេស​ បាន​ជួយ​ឱ្យ​កសិ​ករ​ថា​ច់អេះ​ ធ្វើ​មាន​បាន​ដោយ​ស្រប​ច្បាប់​លើ​ដី​កំ​ណើត​របស់​ខ្លួន​។ ទម្រង់​សេដ្ឋ​កិច្ច​វិល​ជុំ​របស់​លោក​ កំ​ពុង​រំ​លេច​បន្ថែម​នូវ​រូប​ភាព​ជន​បទ​ថ្មី​ស្អាត​បាត​ ធូរ​ធារ​ នៅ​ឃុំ​ង៉ាយតឺសព្វ​ថ្ងៃ​៕

ថា​ច់ធី​

ចែករំលែកអត្ថបទ