កាលពីមុន អាវបំពង់វែងមិនត្រឹមតែជាសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងជាគ្រឿងស្លៀកពាក់សម្រាប់កូនក្រមុំក្នុងពិធីមង្គលការទៀតផង។ ប៉ុន្តែបច្ចុប្បន្ន ដោយសារនិន្នាការផ្លាស់ប្តូរនៃការស្លៀកពាក់អាវបំពង់វែងត្រូវបានគេប្រើប្រាស់តិចតួចណាស់ ហើយក៏កំពុងបាត់បង់បន្តិចម្តងៗទាំងក្នុងជីវភាពប្រចាំថ្ងៃនិងក្នុងពិធីមង្គលការ។

ការសម្តែងសម្លៀកបំពាក់ពិធីមង្គលការ អាវបំពង់វែង។
អាវបំពង់វែងសម្រាប់កូនក្រមុំពាក់ក្នុងថ្ងៃរៀបការ គឺម៉ូដអាវដៃវែងរាងបំពង់កមូល ដេរពីក្រណាត់លាតសុទ្ធ ប៉ាក់ឌិនច្រើនពណ៌អមដោយសូរងក មានបន្តោងរំយោលទម្លាក់ចុះ និងខ្សែក្រវ៉ាត់ចង្កេះ។ អាវនេះច្រើនតែពាក់គួបផ្សំជាមួយសារ៉ុង ឬសំពត់ហូល។
នៅលើក្បាល កូនក្រមុំបួងសក់ឡើងខ្ពស់ ពាក់ម្កុដដែលច្នៃចេញពីស្រទាប់ជាច្រើនដូចផ្កាឈូកកំពុងរីក។ ម្កុដនេះត្រូវបានបង្កើតឡើងយ៉ាងរឹងមាំ និងលម្អយ៉ាងផ្ចិតផ្ចង់បំផុតដោយគ្រាប់អង្កាំ និងគ្រាប់ឌិនចម្រុះពណ៌ភ្លឺចែងចាំងដោយយកពណ៌មាសជាស្នូលបូករួមនឹងពណ៌ក្រហម។ ចំណុចលេចធ្លោពិសេស គឺផ្នែករំយោលគ្រាប់អង្កាំពណ៌លឿងទុំ ដែលត្រូវបានក្រងជាជួររំយោលចុះ បង្កើតភាពស្រស់ស្អាតសម្រាប់កូនក្រមុំ។ ចាប់តាំងពីម៉ូដសម្លៀកបំពាក់ ការតុបតែង រហូតដល់ការផ្គុំជាមួយគ្រឿងលម្អផ្សេងៗ នៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទស្សនៈទៅលើភាពស្រស់ស្អាត និងសោភណភាពនៃការស្លៀកពាក់របស់នារីខ្មែរកាលពីសម័យមុន។
បច្ចុប្បន្ន អាវបំពង់វែងមានវត្តមានតិចតួចណាស់នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ។ កូនក្រមុំវ័យក្មេងនៅតែជ្រើសរើសសម្លៀកបំពាក់ប្រពៃណីខ្មែរ ប៉ុន្តែអ្វីដែលនិយមជាងគេគឺអាវស្បៃ ឬអាវប៉ាក់ គួបផ្សំជាមួយសំពត់ហូល ផាមួង។ ប្រការនេះ បង្ហាញឱ្យឃើញពីការផ្លាស់ប្តូរក្នុងការជ្រើសរើសម៉ូដសម្លៀកបំពាក់ប្រពៃណីទៅតាមសម័យកាលនីមួយៗ។
លោកឡឹមអ៊ុក (អាយុ៨១ឆ្នាំ) នៅភូមិព្រែកអណ្ដើក ឃុំញូយ៉ា រំលឹកឡើង៖ “កាលពីមុន ឈុតសម្លៀកបំពាក់ទាំងនេះច្រើនតែត្រូវដេរយ៉ាងផ្ចិតផ្ចង់បំផុត ព្រោះភាគច្រើនប្រើប្រាស់ក្នុងឱកាសសំខាន់ៗ ដូចជាពិធីរៀបការជាដើម។ សម្លៀកបំពាក់អាពាហ៍ ពិពាហ៍ មិនមែនមានស្រាប់ដូចសព្វថ្ងៃនេះទេ ហេតុនេះអ្នកដែលមានឈុតអាវបំពង់វែងច្រើនតែថែរក្សាយ៉ាងប្រុងប្រយ័ត្ន។ ឥឡូវនេះ ប្រសិនបើចង់ស្វែងរក ឈុតអាវបំពង់វែងដែលនៅពេញលេញរៀបរយមួយឈុត គឺពិតជាលំបាកណាស់”។
ក្នុងជីវភាពប្រចាំថ្ងៃ អាវបំពង់វែងមានការរចនាយ៉ាងសាមញ្ញ និងមិនឆើតឆាយ ដូចសម្លៀកបំពាក់អាពាហ៍ពិពាហ៍ឡើយ ភាគច្រើននារីខ្មែរពាក់គួបផ្សំជាមួយសារ៉ុង ឬខោ។
បច្ចុប្បន្ន អាវប្រភេទនេះភាគច្រើនត្រូវបានគេដាក់តាំងបង្ហាញនៅសារមន្ទីរ ឬក្នុងកម្មវិធីសម្តែងបង្ហាញ សម្លៀកបំពាក់ប្រពៃណីតែប៉ុណ្ណោះ ហើយកម្រនឹងបានកូនក្រមុំជ្រើសរើសពាក់នាថ្ងៃរៀបការណាស់។ តាមរយៈនោះ សម្លៀកបំពាក់នេះក៏បានបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរនៅក្នុងជីវភាពរស់នៅ និងរបៀបជ្រើសរើសសម្លៀកបំពាក់របស់ជនជាតិខ្មែរណាមបូ ទៅតាមកាលសម័យផងដែរ៕
វុឌ្ឍា - ថាច់ធី