គណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ ទើបចាត់តាំងកិច្ចប្រជុំពិភាក្សានូវខ្លឹមសារមួយចំនួនទាក់ទងនឹងផែនការចាត់តាំង និងរួមបញ្ចូលគ្នានូវគ្រឹះស្ថានអប់រំរដ្ឋការចំណុះគណៈកម្មាធិការប្រជាជនឃុំ។ សមមិត្ត ហ្វិញតឹងថាញ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ បានដឹកនាំកិច្ចប្រជុំនេះ; អញ្ជើញចូលរួមមានសមមិត្ត ហូក្វឹកហុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ - សង្គម និងគណៈនាយកនៃមណ្ឌលសាលានានានៅលើភូមិឋានឃុំ។

ទិដ្ឋភាពកិច្ចប្រជុំពិភាក្សាអំពីវិធានការរៀបចំ រួមបញ្ចូលបណ្តាគ្រឹះស្ថានអប់រំនៅលើភូមិឋានឃុំឡុងភូ។
តាមរបាយការណ៍ មុនពេលចាត់តាំងរួមបញ្ចូល ឃុំឡុងភូ មានសាលារៀនចំនួន ១០ រួមមាន៖ សាលាកម្រិតមត្តេយ្យចំនួន២ សាលាបឋមសិក្សាចំនួន៦ និងសាលាអនុវិទ្យាល័យចំនួន២។ តាមវិធានការរៀបចំឡើងវិញ ប្រព័ន្ធអប់រំរដ្ឋការនៅលើភូមិឋានឃុំ នឹងមានសាលារៀនចំនួន៣។ ក្នុងនោះ ចំពោះសាលាកម្រិតមត្តេយ្យនឹងរួមបញ្ចូលគ្នាទៅជាសាលាមត្តេយ្យឡុងភូ រួមមានទីតាំងមណ្ឌលសាលាសំខាន់១ និងសាខា១។ ចំពោះកម្រិតបឋមសិក្សា រួមបញ្ចូលរវាងសាលាបឋមសិក្សាទាំង៦មកជាសាលាបឋមសិក្សាឡុងភូ រួមមានមណ្ឌលសាលាសំខាន់១ និងសាខាចំនួន៥ ដើម្បីធានាការបង្រៀន និងរៀនសមស្របជាមួយនឹងលក្ខណៈជាក់ស្តែងក្រោយពីរួមបញ្ចូល។ ចំណែកកម្រិតអនុវិទ្យាល័យ សាលាអនុវិទ្យាល័យឡុងភូ រក្សានៅដដែល។ ដោយឡែកអនុវិទ្យាល័យទីប្រជុំជនឡុងភូ នឹងរួមបញ្ចូលទៅសាលាវិទ្យាល័យលឿងឌិញកួ ចំណុះមន្ទីរអប់រំ និងបណ្តុះបណ្តាលគ្រប់គ្រង។
ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំ ព្រមជាមួយនឹងអ្នកតំណាងទាំងឡាយប្រមូលផ្តុំពិភាក្សាលើវិធានការរៀបចំឡើងវិញនូវបណ្តាញសាលារៀន ធានាសកម្មភាពអប់រំបានរក្សាស្ថេរភាព មិនប៉ះពាល់ដល់ការបង្រៀន និងរៀន ទន្ទឹមនឹងនោះសមស្របជាមួយនឹងតម្រូវការរៀបចំប្រព័ន្ធចាត់តាំង និងលក្ខណៈជាក់ស្តែងរបស់ភូមិភាគ។

លោក ហ្វិញតឹងថាញ (ខាងស្តាំ) ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ
ដឹកនាំកិច្ចប្រជុំ។
ការចាត់តាំងនិងរួមបញ្ចូលនូវគ្រឹះស្ថានអប់រំ ដើម្បីរៀបចំឡើងវិញនូវសាលារៀនតាមទិសដៅសម្រិតសម្រាំង លើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង ប្រើប្រាស់មូលដ្ឋានសម្ភារៈ និងធនធានអប់រំ សន្សឹមៗលើកកម្ពស់គុណភាពបង្រៀន និងរៀននៅលើភូមិឋានឃុំឡុងភូ៕
សុកកា - វិមាន