ជាងមួយសតវត្សរ៍កន្លងមកនេះ ចំការមៀនបុរាណនានានៅសង្កាត់ហ៊ីបថាញ់ ខេត្តកាម៉ាវ នៅតែមានភាពខៀវស្រស់ ចោលម្លប់ត្រជាក់ និងរក្សានូវស្លាកស្នាមនៃទឹកដីយុងញ៉ាងដ៏ល្បីល្បាញ។ មិនត្រឹមតែជាក្តីមោទនរបស់ប្រជាជននៅភូមិភាគប៉ុណ្ណោះទេ ទីនេះថែមទាំងបានក្លាយជាទីតាំងដ៏ចំណាប់អារម្មណ៍ ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករពីទីជិតទីឆ្ងាយមកទស្សនា កម្សាន្ត និងភ្លក់រសជាតិផ្លែមៀនទុំផ្អែមត្រជាក់ទៀតផង។

អញ្ជើញមកកាន់ចំការមៀន ភ្ញៀវទេសចរនឹងបានបេះផ្លែដោយផ្ទាល់ដៃ និងភ្លក់រសជាតិផ្អែមត្រជាក់ ក្លិនក្រអូបប្រហើរជាលក្ខណៈពិសេសនៃពូជមៀនបុរាណ។
*បណ្តាបទពិសោធន៍ដែលមិនអាចបំភ្លេចបានក្រោមម្លប់មៀនបុរាណ
តំបន់ចំការមៀនលាតសន្ធឹងប្រមាណ ៧ គីឡូម៉ែត្រ ដោយប្រមូលផ្តុំនូវពូជមៀនពិសេសចំនួនបីរួមមាន៖ មៀនបុរាណ, មៀនអាយដូ និងមៀនថាញញ៉ាង។ រៀងរាល់រដូវប្រមូលផល នៅតាមបណ្តោយផ្លូវខេត្តលេខ ៣៨ គឺជាចំការមៀនខៀវស្រស់ ផ្លែទន់មែក។ នៅមុខផ្លូវចូលទៅចំការ ប្រជាជនបានតាំងលក់មៀនស្រស់ក្នុងតម្លៃចាប់ពី ២០.០០០ ដល់ ៣០.០០០ ដុង/គីឡូក្រាម បង្កើតបានជាបរិយាកាសអ៊ូអរ ប៉ុន្តែនៅតែរក្សាបាននូវភាពស្ងប់ស្ងាត់នៃតំបន់ជនបទ។ បងស្រី ឡេង៉ុកញី ភ្ញៀវទេសចរមកពីទីក្រុងហូជីមិញ បានចែករំលែក៖ “ខ្ញុំសង្កេតឃើញថា ប៉ុន្មានឆ្នាំជិតៗនេះ ម្ចាស់ចំការនានាបានធ្វើពិពិធកម្មផលិតផល និងសេវាកម្ម ជួយឱ្យភ្ញៀវទេសចរមានបទពិសោធន៍កាន់តែច្រើន។ ថ្វីដ្បិតតែខេត្តកាម៉ាវ មានទីតាំងទេសចរណ៍ធម្មជាតិទាក់ទាញជាច្រើនក៏ដោយ ប៉ុន្តែរាល់ពេលមកដល់ទីនេះ ខ្ញុំតែងតែឆៀងចូលលេងចំការមៀនមុន ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ទស្សនាជួរដើមមៀនបុរាណ និងស្វែងរកអារម្មណ៍ស្ងប់ស្ងាត់ក្នុងធម្មជាតិ”។
នៅតាមបណ្តោយផ្លូវចូលទៅកាន់តំបន់ចំការ ប្រជាជនជាច្រើនគ្រួសារបានរៀបចំទីតាំងឈប់សម្រាក លក់មៀនស្រស់ ព្រមទាំងភេសជ្ជៈផ្សេងៗដើម្បីបម្រើភ្ញៀវទេសចរ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ភ្ញៀវអាចបេះមៀនទុំ ដោយផ្ទាល់ដៃ ភ្លក់រសជាតិភ្លាមៗនៅនឹងចំការ ស្រូបរសជាតិផ្អែមត្រជាក់ ក្លិនក្រអូបប្រហើរដែលជាលក្ខណៈពិសេសនៃពូជមៀនបុរាណ។ លោក ត្រឹងមិញឌឹក ម្ចាស់ចំការមៀន Love Garden នៅសង្កាត់ហ៊ីបថាញ បានឱ្យដឹង៖ “កុមារភាពរបស់ខ្ញុំបានផ្សារភ្ជាប់ជាមួយនឹងដើមមៀនបុរាណ ហេតុនោះខ្ញុំតែងមានបំណងប្រាថ្នាចង់ថែរក្សា និងផ្សព្វផ្សាយតម្លៃនៃភូមិស្រុកយុងញ៉ាងនេះ។ គ្រួសារខ្ញុំមានផ្ទៃដី ៤ ហិកតា ជាមួយនឹងដើមមៀនបុរាណជិត ១០០ ដើម។ យើងខ្ញុំបានអនុវត្តបច្ចេកទេសផ្សេងៗដើម្បីឱ្យមៀនចេញផ្លែបានជុំឆ្នាំ ឆ្លើយតបទៅនឹងតម្រូវការទស្សនារបស់ភ្ញៀវទេសចរ។ អញ្ជើញមកកាន់ទីនេះ អ្នករាល់គ្នាមិនត្រឹមតែបានភ្លក់រសជាតិក្រអូបនៃផ្លែមៀនប៉ុណ្ណោះទេ ថែមទាំងបានស្តាប់ការរៀបរាប់អំពីប្រវត្តិនៃពូជមៀនបុរាណបាកលីវ (បច្ចុប្បន្នស្ថិតក្នុងខេត្តកាម៉ាវ) បានបេះនិងទទួលអារម្មណ៍ដោយផ្ទាល់ពីរសជាតិឆ្ងាញ់ពិសាជាលក្ខណៈពិសេសនៃប្រភេទផ្លែឈើដ៏ល្បីល្បាញនេះទៀតផង”។
មិនត្រឹមតែមានរសជាតិផ្អែមប៉ុណ្ណោះទេ ចំការមៀនថែមទាំងទាក់ទាញដោយមុខម្ហូបប្រជាប្រិយពោរពេញដោយអត្តសញ្ញាណភាគខាងត្បូង។ ក្នុងនោះ នំចាក់អម្បែង គឺជាមុខម្ហូបដែលភ្ញៀវទេសចរជាច្រើនជ្រើសរើសបន្ទាប់ពីដើរកម្សាន្តក្នុងចំការ។ បងស្រី វ៉ធ្វីង៉ឹង ភ្ញៀវទេសចរមកពីទីក្រុងហូជីមិញ មានជើងទេសចរមួយបាននាំមកជូនបងស្រីនូវបទពិសោធន៍ជាច្រើនគួរឱ្យចងចាំ។ បងស្រី ង៉ឹង បានឱ្យដឹង៖ “មកដល់ចំការមៀន ខ្ញុំទាំងបានបេះផ្លែដោយផ្ទាល់ដៃយកទៅផ្ទះ ទាំងបានភ្លក់រសជាតិនំចាក់អម្បែង អាមឹក ជាមួយនឹងបន្លែស្រុកស្រែគ្រប់ប្រភេទយ៉ាងឆ្ងាញ់ពិសា។ បន្ទាប់មក ខ្ញុំបានឆៀងចូលទៅកាន់វត្តគម្ពីរសាគរព្រែកជ្រៅ ទស្សនាស្ថាបត្យកម្មដ៏វិចិត្រនៃវត្តខ្មែរ មើលរបាំអប្សរា និងបានស្តាប់ភ្លេងពិណពាទ្យប្រពៃណី។ ដំណើរទេសចរណ៍នាដូវក្តៅប៉ុន្តែពោរពេញទៅដោយបទពិសោធន៍អំពីធម្មជាតិ ម្ហូបអាហារ និងវប្បធម៌នៃជនជាតិទាំង៣ កិញ-ខ្មែរ-ហ្វា”។
*ពង្រីកឧត្តមភាពទេសចរណ៍ធម្មជាតិក្រោមម្លប់ដើមមៀន
តាមលោក លីវីទ្រេវយឿង នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តកាម៉ាវបានឱ្យដឹង ខេត្តបានកំណត់ច្បាស់ ការអភិវឌ្ឍទេសចរណ៍ក្រោមម្លប់ដើមមៀនគឺជាទិសដៅស្នូលមួយនៃប្រភេទទេសចរណ៍ធម្មជាតិសហគមន៍។
.jpg)
ចំការមៀនមានអាយុកាលជាង ១០០ ឆ្នាំ នៅសង្កាត់ហ៊ីបថាញ់ ខេត្តកាម៉ាវ កំពុងក្លាយជាទីតាំងទាក់ទាញភ្ញៀវទេសចរ។
រហូតមកទល់ពេលនេះ ដំណាក់កាលទី ១ នៃគម្រោងអភិរក្សដើមមៀនបុរាណផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍ត្រូវបានបញ្ចប់ ដោយមានដើមមៀនចំនួន ១.១១០ ដើមរបស់ប្រជាជនចំនួន ៤៨ គ្រួសារ នៅសង្កាត់ហ៊ីបថាញ់ ត្រូវបានដាក់បញ្ចូលស្ថិតក្រោមការគ្រប់គ្រង អភិរក្ស និងទាញយកផលបម្រើឱ្យវិស័យទេសចរណ៍។ មានដើមមៀនជាច្រើនមានអាយុកាលជាង ១០០ ឆ្នាំ រួមផ្សំជាមួយនឹងទេសភាពជនបទជាលក្ខណៈពិសេសនៃតំបន់វាលរាបទន្លេគឺវឡុង បានបង្កើតជាលំហធម្មជាតិយ៉ាងទាក់ទាញ សមស្របសម្រាប់ការអភិវឌ្ឍទម្រង់សម្រាកកាយចុងសប្តាហ៍ ទេសចរណ៍ធម្មជាតិ ធ្វើបទពិសោធន៍កសិកម្ម វប្បធម៌ និងម្ហូបអាហារ។
នាពេលខាងមុខ ខេត្តឆ្ពោះទៅរកការកសាងតំបន់ចំការមៀនឱ្យក្លាយជាទីតាំងទេសចរណ៍សហគមន៍សំខាន់ ផ្សារភ្ជាប់ជាមួយនឹងកម្មវិធី ឃុំមួយផលិតផលមួយ (OCOP)។ ទន្ទឹមនឹងការអភិវឌ្ឍបណ្តាផលិតផលកសិកម្មស្អាត ទំនិញសិប្បកម្ម និងអាហារលក្ខណៈពិសេសនោះ ភូមិភាគនៅទាំងយកចិត្តទុកដាក់លើការប្រមូលផលនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរដូចជា៖ សិល្បៈល្ខោនយូរកេរ, ភ្លេងពិណពាទ្យ, របាំអប្សរា, រាំវង់ រួមជាមួយនឹងពិធីបុណ្យផ្សេងៗដូចជា៖ បុណ្យអកអំបុក, សែនដូនតា, ចូលឆ្នាំថ្មី, ពិធីបុណ្យផ្កា... សំដៅបង្កើតបន្ថែមនូវកម្លាំងទាក់ទាញសម្រាប់ទីតាំងទេសចរនេះ។
ក្រៅពីនេះ ខេត្តបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ជ្រើសរើសគ្រួសារប្រជាជនទាំងឡាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអភិវឌ្ឍទម្រង់ Homestay ពង្រឹងនិងបង្កើតក្លឹបចម្រៀងប្រជាប្រិយ ដើងកាតាយទឺ បម្រើភ្ញៀវទស្សនា។ ភូមិភាគក៏បានកំណត់ទិសដៅចាត់តាំងពិធីបុណ្យមហោស្របមៀនប្រចាំឆ្នាំ ជាមួយនឹងសកម្មភាពវប្បធម៌ ទេសចរណ៍ និងឆ្លងកាត់ពិសោធន៍ដ៏វិសេសវិសាលជាច្រើន រួមចំណែកផ្សព្វផ្សាយរូបភាពនៃស្រុកផុមិយុងញ៉ាង ធ្វើឱ្យទីនេះឱ្យក្លាយជាទីតាំងទេសចរណ៍គំរូនៃខេត្តកាម៉ាវ និងតំបន់វាលរាបទន្លេគឺវឡុង។
នៅកណ្តាលចង្វាក់ជីវិតទំនើប ចំការមៀនបុរាណនានាដែលមានអាយុកាលជាង ១០០ ឆ្នាំ មិនត្រឹមតែរក្សានូវតម្លៃប្រវត្តិសាស្ត្រ និងធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកចេញនូវទិសដៅអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ប្រកបដោយចីរភាព។ អញ្ជើញមកកាន់យុងញ៉ាង សង្កាត់ហ៊ីបថាញ់ នាថ្ងៃនេះ ភ្ញៀវទេសចរមិនត្រឹមតែបានភ្លក់រសជាតិផ្អែមនៃផ្លែឈើពិសេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទទួលអារម្មណ៍ពីភាពរាក់ទាក់របស់ប្រជាជន សម្រស់វប្បធម៌ចម្រុះពណ៌ និងភាពស្ងប់ស្ងាត់ដ៏កម្រមាននៃតំបន់ជនបទចុងប៉ូចខាងត្បូងនៃមាតុភូមិទៀតផង៕
លីធាន-វ៉ាន់តឹន